ដោយមើលឃើញពីសារៈសំខាន់នេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប សហការជាមួយមជ្ឈមណ្ឌលសុខភាពសិស្ស និន សុខរង្សី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ បានរៀបចំវគ្គសិក្ខាសាលាមួយស្តីពីសុវត្ថិភាពចំណីអាហារដល់សិស្សានុសិស្សកម្រិត Kid Starter ដល់ Kid 04 ចំនួន ១២១នាក់ ដើម្បីឱ្យកុមារយល់ដឹងអំពីចំណីអាហារណាដែលប៉ះពាល់ដល់សុខភាព ហើយអាហារប្រភេទណាដែលមិនប៉ះពាល់សុខភាព។
ពាក់ព័ន្ធនឹងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ លោក វ៉ាន់ សុជា ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានលើកឡើងថា ការធ្វើបទបង្ហាញនេះមានគោលបំណងចង់ឱ្យសិស្សានុសិស្សទាំងអស់បានយល់ដឹងអំពីចំណីអាហារមិនត្រូវញ៉ាំតាមចំណង់ ឬញ៉ាំច្រើនពេក ញ៉ាំហួសកំណត់ហើយត្រូវគិតពីការញ៉ាំ។ ពិសេសត្រូវជ្រើសរើសអាហារណាដែលនាំមកសុខភាពចំពោះអាហារណាដែលត្រូវញ៉ាំ និងចំណីអាហារណាដែលគួរចៀសវាង ដើម្បីថែទាំសុខភាពឱ្យបានល្អ បង្ហាញឱ្យដឹងអំពីកម្រិតនៃការញ៉ាំអាហារដើម្បីឱ្យមានកាយសម្បទារឹងមាំល្អ ភាពឆ្លាតវៃ និងសុខភាពល្អ។
លោក បាននិយាយថា៖ «នេះគឺជាឱកាសដ៏សំខាន់មួយក្នុងការផ្តល់ពត៌មានដែលពាក់ព័ន្ធនឹងចំណីអាហារទៅដល់សិស្សានុសិស្សតូចៗរបស់យើង។»
ក្នុងសិក្ខាសាលាស្តីពីសុវត្ថិភាពចំណីអាហារដល់សិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ លោកវេជ្ជបណ្ឌិត និន សុខរង្សី បានមានប្រសាសន៍ទៅកាន់សិស្សានុសិស្ស អំពីសារៈសំខាន់នៃការបរិភោគចំណីអាហារដែលមានសុខភាពល្អ ការទទួលទានទឹក ការលាងសម្អាតដៃរបស់ពួកគេ និងការជៀសវាងបរិភោភចំណីអាហារណាដែលប៉ះពាល់ដល់សុខភាព។
លោកវេជ្ជបណ្ឌិត បញ្ជាក់យ៉ាងដូច្នេះ៖ «ការទទួលទានបន្លែផ្លែឈើ ទោះបីថាវាជាជម្រើសល្អសម្រាប់សុខភាព ប៉ុន្តែបន្លែផ្លែឈើខ្លះក៏មិនល្អដែរ ព្រោះបន្លែផ្លែឈើមានផ្ទុកសារធាតុគីមីដែលឱ្យប៉ះពាល់ដល់សុខភាពទៅវិញទេ។»
សូមជម្រាបជូនថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្តល់ជូននូវការអប់រំប្រកបដោយគុណភាពខ្ពស់បំផុតដោយរួមបញ្ចូលគ្នានូវស្តង់ដារអន្តរជាតិ និងក្នុងស្រុក ដើម្បីផ្តល់នូវកម្មវិធីសិក្សាក្នុងសតវត្សរ៍ទី២១។