ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែតុលា នេះបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការកែសម្រួលវិធានការសុខាភិបាល ចំពោះអ្នកដំណើរមកពីបរទេស ដោយមិនតម្រូវឱ្យមានការបង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរនិងបណ្ណ ឬ វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ឡើយ ប៉ុន្តែបន្តរក្សាទុកនូវម៉ាស៊ីនវាស់កម្ដៅពីចម្ងាយ នៅតាមច្រកទ្វារចេញចូលប្រទេស ព្រមទាំងរក្សាទុកមន្ត្រីទទួលបន្ទុកការងារចត្តាឡីស័កមួយចំនួននៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យផ្តល់យោបល់ ចំពោះអ្នកដំណើរដែលមានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយថាហេតុ។
ករណីនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ជំនាញផ្នែកសុខភាពទូទៅនិងសុខភាពសាធារណៈមានប្រសាសន៍ថា មានប្រទេសជាច្រើនក៏កំពុងធ្វើដូចប្រទេសកម្ពុជាដែរ ព្រោះថាជំងឺកូវីដ-១៩នេះហាក់ដូចជាថយចុះច្រើន ហើយអត្រាអ្នកឈឺ និងស្លាប់ គឺតិចជាងអ្នកដែលកើតជំងឺផ្ដាសាយទៅទៀត។ លោកបន្តថា ដើម្បីឱ្យចរន្តសេដ្ឋកិច្ចដើរ គួរតែស្វាគមន៍ជនបរទេស ជាពិសេសជនបរទេសដែលអាចទុកចិត្តបានថាមិនមានកូវីដ-១៩ដើម្បីចូលមកវិនិយោគឬមកកម្សាន្ត។
យ៉ាងនេះក្តី លោកបញ្ជាក់ថា «ប៉ុន្តែបើយើងដកគ្រប់ទាំងអស់ គឺពិតជាមានហានីភ័យ ប៉ុន្តែកម្ដៅវាស់ហ្នឹងគឺនៅតែមាន ពេលដើរមក ពេលមានកម្ដៅយើងអាចដឹង ជួនកាលវាលឿនជាងការមើលកាត ការធ្វើតេស្តទៅទៀត អ៊ីចឹងក៏នៅតែមានការទប់ស្កាត់មួយគន្លាក់ទៀតដែរ»។
ទោះជាយ៉ាងណា សេចក្តីប្រកាសរបស់ក្រសួងក៏អំពាវនាវឱ្យប្រជាពលរដ្ឋឬអ្នកដំណើរដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានឬដូសជំរុញ សូមអញ្ជើញទៅចាក់នៅតាមទីកន្លែងចាក់វ៉ាក់សាំងដែលមាននៅតាមរាជធានី/ខេត្ត ដោយមិនតម្រូវឱ្យបង់ប្រាក់នោះទេ។