មូលនិធិ ម៉េងលី ជេ. គួច នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រារព្ធធ្វើកម្មវិធីធនាគារឈាម ម៉េងលី ជេ. គួច លើកទី៧ ក្រោមប្រធានបទ "គ្រាប់ឈាមនៃក្តីស្រឡាញ់ ផ្តល់ឈាមដើម្បីសង្រ្គោះអាយុជីវិតកុមារ និងអ្នកជំងឺ" ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក សិស្សនិស្សិត និងសាធារណៈជន ប្រមាណ១២០នាក់ ស្ថិតនៅសាលប្រជុំ សូវ ហុងគុយ ជាន់ទី១៧ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ចាប់ពីម៉ោង៨៖០០ព្រឹកដល់ម៉ោង១២៖០០ថ្ងៃត្រង់។ គោលបំណង នៃយុទ្ធនាការបរិច្ចាគឈាមនេះ គឺដើម្បីជួយសម្រួលការព្យាបាលជំងឺដល់ជនរងគ្រោះ ជាពិសេសកុមារ និងអ្នកជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរ និងការស្វះស្វែងរកធនធានទាំងខាងក្នុង និងក្រៅដើម្បីជួយស្រោចស្រង់ជីវិតអ្នកដែលកំពុងត្រូវការជំនួយបន្ទាន់។
ថ្លែងក្នុងពិធីបើកយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច នោះដែរ លោក ឡាយ សុភា ប្រធាននៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានសម្ដែងការយល់ឃើញយ៉ាងដូច្នេះថា “ខ្ញុំជឿជាក់ថា ការចូលរួមនៅក្នុងព្រឹកនេះគឺមានសារៈសំខាន់ខ្លាំង និងធំធេងណាស់ ពីព្រោះឈាមដែលយើងបានបរិច្ចាគនេះ គឺអាចយកទៅជួយអាយុជីវិតរបស់ប្រជាជនយើងដែលពួកគាត់ត្រូវការឈាមជាចាំបាច់ ហើយបច្ចុប្បន្នក្នុងសង្គមយើង សូម្បីកុមារក្តីក៏ត្រូវការឈាមច្រើនផងដែរ” ។
ទាក់ទិននឹងយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច នេះផងដែរ លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានសម្ដែងនូវសេចក្តីសាទរចំពោះមូលនិធិ ម៉េងលី ជេ. គួច ដែលបានរៀបចំព្រឹត្តិការណ៍សប្បុរសនេះឡើង ដោយមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមកាន់តែច្រើនឡើងៗ បើប្រៀបទៅនឹងព្រឹត្តិការណ៍មុនៗ។ លោកស្រីបានវាយតម្លៃថា “ព្រឹត្តិការណ៍នេះពិតជាព្រឹត្តិការណ៍ដ៏មានអត្ថន័យខ្លឹមសារ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ លោកស្រីក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា មូលនិធិ ម៉េងលី ជេ. គួច របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នឹងពាំនាំព្រឹត្តិការណ៍នេះឱ្យកើតមានឡើងជាបន្តបន្ទាប់នាពេលខាងមុខ ដើម្បីរួមចំណែកសង្រ្គោះអាយុជីវិតរបស់កុមារ និងអ្នកជំងឺរាប់ម៉ឺននាក់នៅក្នុងមន្ទីរពេទ្យនានា។”
សូមបញ្ជាក់ថា គម្រោងធនាគារឈាម ម៉េងលី ជេ. គួច ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង៦ នៃកម្មវិធីសុខភាពរបស់មូលនិធិ ម៉េងលី ជេ. គួច ដែលជាមូលនិធិសប្បុរសធម៌ដ៏ធំមួយរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ គិតមកដល់ពេលនេះ មូលនិធិ ម៉េងលី ជេ. គួច បានប្រារព្វគម្រោងធនាគារឈាម ម៉េងលី ជេ. គួច ចំនួន៧លើកមកហើយ និងមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមសរុបចំនួន៦១២នាក់ ដោយឡែកសម្រាប់កម្មវិធីសុខភាពទាំងមូល គឺបានផ្តល់ជំនួយដល់អ្នកទទួលផលខ្ទង់៥០ម៉ឺននាក់រួចមកហើយផងដែរ។