អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ៖ “ជំងឺទឹកនោមផ្អែម”
អត្ថបទដកស្រង់ដោយ : គុណ ភ័ត្រ្តា
#MJQE#AmericanInterconSchool
ជំងឺទឹកនោមផ្អែម មិនមែនជាជំងឺឆ្លងទេ តែទឹកនោមផ្អែមបានផ្តើមរាតត្បាត និងសម្លាប់ជីវិតមនុស្សច្រើនជាងជំងឺស៊ីដា គ្រុនចាញ់ និងរបេងបូកបញ្ចូលគ្នាទៀត។ ពោលគឺមានអត្រាស្លាប់ប្រមាណ៥លាននាក់ក្នុងមួយឆ្នាំៗ ឬត្រូវជាស្លាប់ម្នាក់នៅរៀងរាល់៧វិនាទី ជាជំងឺរ៉ាំរ៉ៃ ដែលនរណាក៏ស្គាល់។
បច្ចុប្បន្ននេះ នៅលើពិភពលោក មនុស្សម្នាក់ក្នុងចំណោម១០នាក់ ត្រូវជាជិត ៥៣៧លាននាក់ មានផ្ទុកជាតិស្ករក្នុងឈាមលើសកម្រិត ហើយផ្ទុយពីការគិត ទឹកនោមផ្អែមមិនមែនជាជំងឺរបស់ប្រទេសអ្នកមានទេ ៧០%នៃអ្នកជំងឺរស់នៅក្នុងប្រទេសមានចំណូលទាបនិងមធ្យម។ អ្នកជំងឺមិនស្លាប់ដោយជំងឺទឹកនោមផ្អែមផ្ទាល់ទេ។ អ្នកជំងឺទឹកនោមផ្អែម អាចស្លាប់ដោយផលវិបាកនៃជំងឺ ដែលធ្វើឱ្យស្ថានភាពសុខភាពទូទៅរបស់មនុស្សធ្លាក់ចុះជាលំដាប់ ដោយធ្វើឱ្យខូចតម្រងនោមខូចប្រព័ន្ធសរសៃឈាម។ អ្នកជំងឺអាចស្លាប់នៅពេលតម្រងនោមធ្វើទុក្ខ គាំងលែងដើរ។ អ្នកជំងឺត្រូវស្លាប់ព្រោះតែស្ទះ ឬដាច់សរសៃឈាមបេះដូង។ ជាការស្លាប់ដែលបង្កឡើងដោយផលប៉ះពាល់នៃជំងឺ មិនមែនដោយជំងឺផ្ទាល់ទេ។ អ៊ីចឹងហើយបានជាអ្នកខ្លះគេចាត់ទុកជំងឺទឹកនោមជាជំងឺស្ងាត់ៗ។ តំបន់ដែលមាន និងដែលគេធ្លាប់សម្គាល់ឃើញថាមានអ្នកជំងឺទឹកនោមផ្អែមច្រើនគេ គឺតំបន់អាមេរិកឡាទីន តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺទ្វីបអាហ្វ្រិក និងអាស៊ីក៏មានអ្នកជំងឺទឹកនោមផ្អែមច្រើនខ្លាំងណាស់ដែរ។ នៅអាស៊ី ក្នុងប្រទេសចិនតែមួយមានអ្នកជំងឺដល់ជាង១០០លាននាក់ស្រេចទៅហើយ។ នៅអាហ្វ្រិក ចំនួនអ្នកជំងឺមានជាង ២២លាននាក់ហើយ និងឡើងមួយជាពីរដល់ ៤២លាននាក់នៅឆ្នាំ១៥ឆ្នាំខាងមុខ។
ហេតុអ្វីមានកំណើនអ្នកជំងឺទឹកនោមផ្អែមច្រើននៅតាមប្រទេសក្រីក្រ?
កត្តាដ៏ចម្បងមួយដែលនាំឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ គឺភាពស្រណុកជ្រុល និងកង្វះសកម្មភាព កង្វះការបញ្ចេញ ឬធ្វើចលនារាងកាយដែលបណ្តាលមកពីរបៀបរបបរស់នៅថ្មី បែបអ្នកក្រុង ព្រមទាំងរបៀបរបបហូបចុក ដោយទទួលទានចំណីអាហារ មានជាតិខ្លាញ់ជ្រុល ប្រៃខ្លាំង និងមានថាមពលច្រើនហួសហេតុ។ នៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍ មានកត្តាអាយុវែងមួយបន្ថែមទៀត។ អាយុសង្ឃឹមរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍចាប់កើនឡើង ដូច្នេះចំនួនអ្នកជំងឺទឹកនោមផ្អែមត្រូវតែលេចឡើងច្រើន និងកើនឡើងដែរ ព្រោះទឹកនោមផ្អែមជាប្រភេទមួយនៃជំងឺរបស់មនុស្សចាស់។ ប៉ុន្តែក្នុងករណីទ្វីបអាហ្វ្រិក ក៏ដូចជាបណ្តាប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ដែលល្បីថាជាប្រទេសក្រីក្រទទួលទានមិនគ្រប់គ្រាន់ និងថែមទាំងមានវិបត្តិខ្វះអាហារូបត្ថម្ភផងនោះ មានបញ្ហាប្រឈមពីរផ្ទុយគ្នាតែកើតទន្ទឹមពេលតែមួយ គឺ បញ្ហាខ្វះអាហារ និងបញ្ហាហូបជ្រុល។ ការហូបអាហារច្រើនជ្រុល បណ្តាលមកពីប្រទេស/សង្គមនោះកំពុងធ្វើអន្តរកាលអាហារ។