តើកង្វះវីតាមីន D អាចបង្កផលវិបាកយ៉ាងណាខ្លះចំពោះសុខភាព?

បានផ្សាយចេញ | ២៧ មករា ២០២៥

តើកង្វះវីតាមីន D អាចបង្កផលវិបាកយ៉ាងណាខ្លះចំពោះសុខភាព?

អត្ថបទព័ត៌មានស្តីពីសុខភាព

ក្រោមប្រធានបទ៖ “តើកង្វះវីតាមីន D អាចបង្កផលវិបាកយ៉ាងណាខ្លះចំពោះសុខភាព?”

អត្ថបទដកស្រង់ដោយ : គិន លីហាក់

#MJQE#AmericanInterconSchool

 

វីតាមីនដែលមនុស្សស្គាល់ភាគច្រើន គឺជាវីតាមីន C ដែលជួយពង្រឹងភាពស៊ាំនៅក្នុងរាងកាយ។ ចំណែកឯវីតាមីន B គឺមានសមត្ថភាពជួយដល់ខួរក្បាល និងការចងចាំ ចំណែកឯវីតាមីន E មានតួនាទីធ្វើឱ្យស្បែកស្អាត ប៉ុន្តែវីតាមីន D ជាវីតាមីនដែលមនុស្សតិចណាស់គិតដល់។ វីតាមីន D មានចំណែកចាំបាច់ក្នុងយន្តការសំយោគរបស់ឆ្អឹង ធ្មេញ និងសាច់ដុំ ឱ្យលូតលាស់និងរឹងមាំល្អ។ វីតាមីន D ជាអ្នកទាញកាល់ស្យូមយកទៅចែកចាយចិញ្ចឹម ពង្រឹងឆ្អឹង និងសាច់ដុំ។ វីតាមីន D ក៏ជួយឱ្យខួរក្បាលបញ្ចេញសារធាតុ serotonin កាន់តែច្រើន ដែលវាជួយកាត់បន្ថយភាពតានតឹង និងការធ្លាក់ទឹកចិត្តផងដែរ។ ផលវិបាកនៃកង្វះវីតាមីន D ចំពោះសុខភាពមានដូចជា៖

­ បើគ្មានវីតាមីន D គ្រប់គ្រាន់ទេ ខ្លួនប្រាណយើងនឹងមិនអាចទទូលបានជាតិកាល់ស្យូមពីប្រព័ន្ធរំលាយអាហារបានឡើយ ហើយជាតិកាល់ស្យូមនេះមិនអាចទៅបំប៉នឆ្អឹងបានដែរ។

­ មនុស្សដែលខ្វះវីតាមីន D គឺមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២។

­ កង្វះវីតាមីន D នឹងធ្វើឱ្យឆ្អឹងខ្សោះជាតិរ៉ែកាល់ស្យូម ឆាប់ស្ពោត ដែលជាហេតុធ្វើឱ្យងាយជួបគ្រោះបាក់ឆ្អឹងនៅពេលចាស់ទៅ ជាពិសេស នៅពេលអស់រដូវចំពោះស្ត្រី។

­ កង្វះវីតាមីន D អាចជាមូលហេតុនាំឱ្យងាយកើតជំងឺជាច្រើនផ្សេងៗទៀតដូចជាជំងឺមហារីក។

­ កង្វះវីតាមីន D អាចនឹងធ្វើឱ្យប្រព័ន្ធភាពស៊ាំ (ការពារខ្លួន) ចុះខ្សោយ ទើបងាយមានការបង្ករោគ ងាយមានជំងឺពាក់ព័ន្ធនឹងប្រព័ន្ធការពារខ្លួនផ្សេងទៀត។

 

ដោយហេតុតែស្ត្រីមានហានិភ័យខ្ពស់ជួបគ្រោះពុក ឬស្ពោតឆ្អឹងខ្លាំងជាងបុរស ទើបបានជាអ្នកជំនាញផ្នែកសុខភាពបានជំរុញមនុស្សគ្រប់រូបបំពេញបន្ថែមជាដាច់ខាតនូវវីតាមីន D នៅពេលកំពុងពេញអាយុលូតលាស់ខ្លាំង រហូតដល់២ឆ្នាំក្រោយពេញវ័យពោលគឺអាយុពី១០ទៅ ១៨ឆ្នាំ និងដល់អាយុ១៦-១៧ឆ្នាំចំពោះក្មេងប្រុស។ ការផ្តល់វីតាមីន D បន្ថែម ពិតជាមានឥទ្ធិពលអាចការពារពីជំងឺបង្ករោគនៅផ្លូវដង្ហើម ដែលជំងឺបង្ករោគនៅផ្លូវដង្ហើមទាំងនោះមានជាអាទិ៍ ផ្តាយសាយធំ គ្រុនក្តៅផ្តាសាយធម្មតា និងរលាកសួត។ ទាំងនេះគឺជារបបអាហារនិងសកម្មភាពមួយចំនួនដែលយើងអាចទទួលបានវីតាមីន D ល្អចំពោះសុខភាពមានដូចជា៖

­ កាំរស្មី និងពន្លឺព្រះអាទិត្យជាប្រភពផ្តល់វីតាមីន D ដ៏ចម្បងបំផុត ដោយការសំដិលដៃ ដើមដៃ ជើង និងមុខ ឱ្យត្រូវពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹមរយៈពេល១៥ ទៅ២០នាទី។ 

­ ចំណីអាហារដែលមានផ្ទុកវីតាមីន D កម្រិតខ្ពស់ជាងគេ គឺប្រេងថ្លើមត្រី ក៏ដូចជាពពួកត្រីខ្លាញ់ ដូចជាត្រីសាល់ម៉ាន់ ត្រីម៉ាក្រូ (ត្រីចំហុយ) គ្រឿងក្នុង (ពិសេសថ្លើម) ស៊ុត (ពងលឿង)។

­ ម្ហូបអាហារធ្វើពីទឹកដោះសត្វ ប៊ឺ ហ្វ្រូម៉ា និងសាច់ សុទ្ធតែជាអាហារដែលមានវីតាមីន D កម្រិតខ្ពស់។

 

មនុស្សគ្រប់រូបក៏អាចរទទួលទានវីតាមីន D ក្នុងទម្រង់ជាអាហារបំប៉នបានផងដែរ ដោយមានការពិគ្រោះជាមួយវេជ្ជបណ្ឌិត និងពិនិត្យកម្រិតវីតាមីន D ក្នុងឈាមរបស់អ្នកឱ្យបានត្រឹមត្រូវជាមុនសិន មុននឹងទទួលទានវីតាមីនបន្ថែម។

 

អត្ថបទដកស្រង់ និងកែសម្រួលពីគេហទំព័រ៖