អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ៖ “វិធីថែរក្សាសុខភាពងាយៗ៧យ៉ាងអាចជួយដល់អ្នកឱ្យមានសុខភាពល្អ”
អត្ថបទដកស្រង់ដោយ : តាត សុផល
#MJQE#AmericanInterconSchool
អ្នកទាំងអស់គ្នា មិនអាចទាមទារឱ្យខ្លួនឯង មានសុខភាពល្អ ១០០% បានទេ ហើយរាល់ថ្ងៃ អ្នកទាំងអស់គ្នា តែងតែមើលរំលងពីសុខភាពខ្លួនឯង។ ដូចនេះ ចូរអ្នកទាំងអស់គ្នា ចាប់ផ្តើមគិតពីសុខភាព ព្រោះមានតែសុខភាពល្អទេ ដែលធ្វើឱ្យគ្រួសារមានសុភមង្គលជាងអ្វីៗទាំងអស់។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តក្នុងការថែទាំសុខភាពទាំង៧យ៉ាង ដែលអាចជួយឱ្យអ្នកមានសុខភាពល្អ បានដោយមិនបាច់ចំណាយប្រាក់៖
១. គេងឱ្យបានគ្រប់គ្រាន់ :
ការគេង ពិតជាមានសារៈសំខាន់ណាស់ កាលណាយើងគេងបានគ្រប់គ្រាន់ ទាំងប្រព័ន្ធរាងកាយ និងប្រព័ន្ធសរសៃប្រសាទ នឹងមានកម្លាំងគ្រប់គ្រាន់ នៅក្នុងការធ្វើការរបស់វា។ លើសពីនេះទៀត ការគេងបានគ្រប់គ្រាន់ វានឹងជួយឱ្យស្ថានភាពផ្លូវចិត្តរបស់យើង មានភាពស្ងប់សុខបានច្រើន វានៅអាចជួយកាត់បន្ថយការស្រកទម្ងន់ទៀតផង។ ជាទូទៅ មនុស្សធំ ត្រូវការគេងពី៧ ទៅ៩ម៉ោង តែសម្រាប់អ្នកដែលមានអាជីពជាអ្នកកីឡា គួរតែគេងឱ្យបាន៩ម៉ោង ក្នុងមួយថ្ងៃ។
២. កាលវិភាគក្នុងការគេងជាក់លាក់ :
អ្នកគួរតែមានការចូលគេង និងពេលភ្ញាក់ទៀងទាត់មួយ ដើម្បីមានរយៈពេលគេងឱ្យបានត្រឹមត្រូវ។ កាលណា រាងកាយរបស់អ្នក អាចចងចាំពេលវេលាសម្រាក នោះហើយ វានឹងដឹងខ្លួនដោយខ្លួនឯង នៅពេលដែលត្រូវសម្រាក និងត្រូវភ្ញាក់ ហើយនេះ ក៏ជាហេតុផលដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាឃ្លាន និងចង់ចូលបន្ទប់ទឹកនៅចន្លោះពេលដូចគ្នា ក្នុងមួយថ្ងៃផងដែរ។ ប្រសិនបើអ្នកជាមនុស្សចូលចិត្តគេងច្រើននៅចុងសប្តាហ៍ អ្នកអាចងើបយឺតមួយម៉ោង ជាងរាល់ថ្ងៃបាន។ សូមកុំញ៉ាំស្រា ឬកាហ្វេនៅមុនពេលចូលគេង ព្រោះវាអាចរំខាននៅពេលដែលអ្នកកំពុងគេង ហើយគួរធ្វើឱ្យបន្ទប់កុំភ្លឺពេកនៅពេលគេង។
៣. ការធ្វើសកម្មភាព :
ប្រសិនបើអ្នកចង់គ្រប់គ្រងទម្ងន់របស់អ្នក ការធ្វើសកម្មភាពរាល់ថ្ងៃអាចជួយសុខភាពបាន។ អ្នកគួរមាន សកម្មភាពឱ្យបានច្រើនដូចជា ការដើរ ការរាំ ការច្រៀង ការធ្វើម្ហូប ការរៀបចំផ្ទះ ការថែសួន និងការធ្វើកិច្ចការផ្ទះនានា គឺសុទ្ធតែជាលំហាត់ប្រាណដែលប្រើរយៈពេលយូរ ដែលអ្នកចូលចិត្តធ្វើជាប្រចាំ វាគឺជាទម្លាប់ល្អមួយ តែបើសិនជាវាមានរយៈពេលយូរពេក វាអាចទទួលផលតិចជាងការធ្វើសកម្មភាពធម្មតាទៅវិញ ដោយសារវាអាច កាត់បន្ថយកាល់ឡូរីបានតិច និងធ្វើឱ្យការគ្រប់គ្រងជាតិស្ករនៅក្នុងឈាមមិនសូវបានល្អ។
៤. ការចេញទៅក្រៅ :
ការចេញទៅក្រៅ វាផ្តល់ផលប្រយោជន៍ឱ្យអ្នកច្រើនណាស់ ដូចជាពន្លឺព្រះអាទិត្យនៅពេលព្រឹក ដែលជួយដល់ស្បែករបស់អ្នក និងការបានឃើញរុក្ខជាតិពណ៌បៃតង គឺអាចជួយដល់កែវភ្នែក និងអារម្មណ៍ល្អៗរបស់អ្នកបានយ៉ាងច្រើន។ នៅពេលយើងបានចេញទៅក្រៅ យើងនឹងមានសកម្មភាពច្រើន យើងអាចទៅលេងកីឡា អាចមានទំនាក់ទំនងជាមួយមនុស្សថ្មីៗ ថែមទាំងអាចទទួលយកវីតាមីនD របស់កម្តៅព្រះអាទិត្យបានទៀត ដែលវីតាមីននោះ វាជួយដល់ប្រព័ន្ធរាងកាយខាងក្នុង និងសុខភាពទូទៅ។
៥. ពេលវេលាសម្រាប់សម្រាក :
សំដៅទៅលើការផ្តល់ពេលវេលាឱ្យខ្លួនឯង បានគិតអំពីរឿងរបស់ខ្លួន បានសមាធិ ឬក៏អាចចំណាយពេលគិតដល់ក្តីស្រមៃរបស់ខ្លួនក៏បាន។ ជាការពិត ប្រសិនបើមានឱកាសដែលអ្នកអាចគេចចេញពីភាពស្មុគស្មាញ គេចចេញពីការប្រើប្រាស់បណ្តាញសង្គម គេចពីការចាប់អារម្មណ៍របស់អ្នកដទៃ ហើយឆ្លៀតពេលសម្រួលអារម្មណ៍ និងផ្តល់វេលាមើលថែផ្លូវចិត្តរបស់ខ្លួនឯងខ្លះ នោះមុខជាអាចជួយដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តដល់អ្នកបានយ៉ាងច្រើន។
៦. ការធ្វើលំហាត់ប្រាណដែលអ្នកចូលចិត្ត :
ការមានលំហាត់ប្រាណជាច្រើន ដែលអ្នកអាចហាត់បាន ប៉ុន្តែអ្នកមិនគួរធ្វើវាដោយសារគេបង្ខំនោះទេ ព្រោះការធ្វើលំហាត់ប្រាណ គឺត្រូវមានឆន្ទៈ និងការតស៊ូ។ អ្នកមិនអាចព្រោះតែចង់បានរាងកាយមាំមួន ឬសាច់ដុំធំៗ ទើបព្រមធ្វើគ្រប់យ៉ាងដោយមិនចូលចិត្តនោះទេ ព្រោះនៅពេលដែលអ្នកមិនចូលចិត្ត មិនថាអ្នកប្រឹងប្រែងយ៉ាងណា ក៏លទ្ធផលដែលចេញមក មិនអាចឱ្យអ្នកសប្បាយចិត្តនោះដែរ។
៧. ការផ្តោតសំខាន់លើការគ្រប់គ្រងថាមពលរបស់អ្នក :
មូលដ្ឋានគ្រឹះនៃការទទួលបានសុខភាពល្អនោះ គឺជាការចេះគ្រប់គ្រងថាមពល។ អ្នកគួរគ្រប់គ្រងទម្ងន់របស់អ្នកនៅក្នុងកម្រិតមួយដែលសមស្រប ព្រោះវាអាចកាត់បន្ថយការតានតឹងចិត្ត និងចៀសផុតពីជំងឺមួយចំនួនទៀតផង ហើយការគ្រប់គ្រងថាមពលនេះ មិនផ្តោតទៅលើការកាត់បន្ថយកាល់ឡូរីនោះទេ តែផ្តោតសំខាន់ទៅលើការសម្រកទម្ងន់ ដែលទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ដោយមិនប៉ះពាល់សុខភាព។ អ្នកអាចជ្រើសរើសវិធីដែលអ្នកគិតថាល្អសម្រាប់ខ្លួន ហើយយល់ពីររបៀបគ្រប់គ្រងវាបែបនោះ អ្នកនឹងចេះបត់បែនទៅលើការញ៉ាំ ហើយអ្នកក៏អាចដឹងថាវិធីសម្រកទម្ងន់មួយណាដែលបានផល និងមួយណាដែលមិនបានផល។
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://www.khmerload.com/article/130867