មនុស្សរាប់ម៉ឺននាក់ ត្រូវបានស្នើសុំឱ្យជម្លៀសខ្លួនពីទីក្រុងតូក្យូ ខណៈពេលដែលព្យុះទីហ្វុង Shanshan នៅតែបន្តការរំកិលទៅភាគខាងជើងនៃប្រទេសជប៉ុន។
មនុស្សយ៉ាងហោចណាស់ 6 នាក់បានស្លាប់ និងរាប់សិបនាក់ទៀត បានរងរបួស ខណៈពេលដែលព្យុះទីហ្វុងនេះ បានបក់បោកខ្លាំង កាលពីថ្ងៃព្រហស្បតិ៍ ហើយកម្លាំងបក់បោកនេះ ត្រូវបានគេស្គាល់ថា មានកម្លាំងខ្លាំងជាងគេបំផុតមួយ ដែលតែងតែវាយប្រហារមកលើភាគនិរតីនៃប្រទេសជប៉ុន អស់រយៈពេលជាច្រើនទសវត្សរិ៍កន្លងមកហើយ។
បុរសអាយុ 80 ឆ្នាំម្នាក់ និងបុរសម្នាក់ទៀត ដែលត្រូវដំបូលផ្ទះរបស់គាត់បានបាក់រលំលើ គឺជាមនុស្សចុងក្រោយគេ ដែលត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងព្យុះនេះ បន្ទាប់ពីបីនាក់ផ្សេងទៀត បានស្លាប់នៅក្នុងការរអិលបាក់ដី កាលពីប៉ុន្មានថ្ងៃមុន។
ព្យុះនេះកំពុងផ្លាស់ទីយឺតៗ ឆ្ពោះទៅកាន់ភាគឦសានក្នុងល្បឿន 10 គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងតូក្យូ នៅចុងសប្តាហ៍នេះ។
តាមសេចក្តីរាយការណ៍ បានបង្ហាញ ព្យុះទីហ្វុង Shanshan នេះ កំពុងនៅជិតទីក្រុង Kunisaki ក្នុងខេត្ត Oita ការណ៍នេះ គិតនៅត្រឹមព្រឹកថ្ងៃសុក្រកាលពីសប្តាហ៍មុន ជាមួយនឹងល្បឿនខ្យល់អតិបរិមា 72 គីឡូម៉ែត្រ ក្នុងមួយម៉ោង និងមានខ្យល់បក់បោកខ្លាំង រហូតដល់ 108 គីឡូម៉ែត្រក្នុងមួយម៉ោង។
តំបន់មួយចំនួន ត្រូវបានគេរកឃើញថា មានកម្ពស់ទឹកភ្លៀង ហក់ឡើងខ្ពស់ គួរឱ្យកត់សម្គាល់។ ហើយកម្ពស់ទឹកភ្លៀងនោះ បានគំរាមកំហែងដល់ប្រជាពលរដ្ឋនៃប្រទេសជប៉ុននៅក្នុងតំបន់នោះយ៉ាងខ្លាំង។
ទន្លេចំនួនបី ក្នុងទីក្រុងតូក្យូ គឺទន្លេមេហ្គូរ៉ូ ទន្លេណូហ្គាវ៉ា និងទន្លេសេងវ៉ា ទន្លេទាំងបីនេះ គឺកំពុងស្ថិតក្រោមការគំរាមកំហែង ក្នុងកម្រិត 4 ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារអាកាសធាតុ នៃប្រទេសជប៉ុន នៅក្នុងសប្តាហ៍នេះ។
ដោយឡែក ខ្សែរថភ្លើងជាច្រើនខ្សែ នៅតែរងផលប៉ះពាល់ ហើយទីក្រុងជាច្រើនស្ថិតនៅក្រោមការប្រកាសអាសន្ន។
ចំណុចសំខាន់ៗ
- អ្នកស្លាប់កើនដល់៦នាក់ ខណៈ១០០នាក់រងរបួស
- ការជូនដំណឹងអំពីការជម្លៀសចេញនៃប្រជាជន សម្រាប់ផ្នែកខ្លះនៃទីក្រុងតូក្យូ
- មនុស្សរាប់ពាន់នាក់គ្មានថាមពលអគ្គិសនីប្រើប្រាស់ ខណៈព្យុះទីហ្វុង Shanshan នៅតែបន្តការបក់បោកនៅក្នុងប្រទេសជប៉ុន