ពេជ្រដ៏ធំបំផុតមួយ ត្រូវបានគេរកឃើញក្នុងប្រទេស Botswana ដែលមានទំហំ 2,492 ការ៉ាត់

បានផ្សាយចេញ | ២៩ សីហា ២០២៤

ពេជ្រដ៏ធំបំផុតមួយ ត្រូវបានគេរកឃើញក្នុងប្រទេស Botswana ដែលមានទំហំ 2,492 ការ៉ាត់

ត្បូងពេជ្រដ៏ធំបំផុតមួយ ត្រូវបានគេជីករកឃើញនៅក្នុងអណ្តូងរ៉ែ នៃប្រទេស Botswana ហើយប្រធានាធិបតីរបស់ប្រទេសនេះ បានបង្ហាញដុំពេជ្រដ៏ធំ ប្រមាណជាប៉ុនបាតដៃនោះ នៅកាន់ពិភពលោក នាពិធីទស្សនកិច្ចមួយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។

រដ្ឋាភិបាលប្រទេស Botswana បាននិយាយថា ត្បូងពេជ្រដ៏ធំសម្បើមនេះ មានទំហំ 2,492 ការ៉ាត់ គឺជាគ្រាប់ដ៏ធំបំផុតទីពីរ ដែលមិនធ្លាប់មាននៅក្នុងអណ្តូងរ៉ែ អស់រយៈពេលជាងមួយសតវត្សកន្លងមកហើយ។ វាជាពេជ្រដ៏ធំបំផុតដែលបានរកឃើញទីពីរ បន្ទាប់ពីឆ្នាំ1905។

ដុំពេជ្រដែលមិនទាន់ត្រូវបានគេបញ្ចេញឈ្មោះឱ្យដឹងនេះ ត្រូវបានគេបង្ហាញដល់ពិភពលោកនៅការិយាល័យរបស់ប្រធានាធិបតី Botswana Mokgweetsi Masisi។ ជាការពិតណាស់ វាមានទម្ងន់ប្រហែលកន្លះគីឡូក្រាម ហើយលោកប្រធានាធិបតី Mokgweetsi Masisi គឺជាមនុស្សដំបូងគេ ដែលបានកាន់វា។

លោកប្រធានាធិបតី Mokgweetsi Masisi បាននិយាយថា៖ «វាធំលើសលប់។ "ខ្ញុំមានសំណាងណាស់ ដែលបានឃើញវា នៅក្នុងពេលនេះ" គាត់ដកដង្ហើមធំ ហើយនិយាយថា "វាពិតជាអស្ចារ្យណាស់"។ លោកនិយាយបែបនេះ គឺនៅមុនពេលដែលលោកហៅមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ មកពិនិត្យឱ្យឃើញកាន់តែច្បាស់លាស់ឡើង។

ក្រុមមន្ត្រីបាននិយាយថា វាលឿនពេកហើយក្នុងការកំណត់តម្លៃត្បូងពេជ្រនេះ ឬសម្រេចចិត្តថាតើវានឹងលក់ទៅដោយរបៀបណា។ ពេជ្រតូចមួយទៀតពីអណ្តូងរ៉ែដូចគ្នាក្នុងប្រទេសបូតស្វាណាត្រូវបានគេលក់ក្នុងតម្លៃ ៦៣ លានដុល្លារកាលពីឆ្នាំ២០១៦ ដែលជាកំណត់ត្រាសម្រាប់ត្បូងរដុប។

លោក William Lamb ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Lucara Diamond Corp បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងមានសេចក្តីសោមនស្សរីករាយចំពោះការជីករកឃើញនៃត្បូងពេជ្រដ៏ធំមួយនេះ ដោយវាមានទំហំរហូតដល់ទៅ 2,492 ការ៉ាត់ឯណោះ។

ទំហំនេះ នឹងធ្វើឱ្យវាក្លាយទៅជាត្បូងពេជ្រដ៏ធំបំផុត បន្ទាប់ពី 119 ឆ្នាំមុន និងជាគ្រាប់ពេជ្រដ៏ធំបំផុតទីពីរ ដែលគេជីករកឃើញចេញពីអណ្តូងរ៉ែមួយ។ Cullinan  គឺជាគ្រាប់ពេជ្រទីមួយ ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នាឆ្នាំ1905។ គ្រាប់ពេជ្រ Cullinan ដ៏ល្បីល្បាញនោះ  មានទម្ងន់ 3,106 ការ៉ាត់ ហើយត្រូវបានកាត់ជាត្បូងមួយចំនួន ដែលជាផ្នែកមួយនៃគ្រឿងអលង្ការក្រោនរបស់ប្រទេសអង់គ្លេស។

 

ប្រភព : NBC NEWS