រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលសម្រាប់ប្រទេសកម្ពុជា ដែលប្រកាន់យកនូវរបបប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញ គ្រប់គ្រងបញ្ហាអធិបតេយ្យភាព តួនាទី និងឋានៈរបស់ព្រះមហាក្សត្រ សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ និងកិច្ចការសង្គមការប្រព្រឹត្តទៅនៃរដ្ឋសភា ព្រឹទ្ធសភា សមាជ និងរាជរដ្ឋាភិបាល ការប្រព្រឹត្តទៅនៃស្ថាប័នតុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋបាល និងសភាជាតិ។
ជាពិសេសរដ្ឋធម្មនុញ្ញ ក៏ជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅទៅតាមច្បាប់។ មិនតែប៉ុណ្ណោះ រាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោត ច្បាប់ និងឯកសារគតិយុត្តទាំងនោះ នឹងអធម្មនុញ្ញភាព។
ប្រទេសកម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ជារដ្ឋធម្មនុញ្ញលើកទី៦ ដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ព្រះបរមរតនកោដ្ឋ ព្រះវររាជបីតា ឯករាជជាតិ នរោត្តម សីហនុ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះ មាន១៦ជំពូក និង១៥៨មាត្រា។
រដ្ឋធម្មនុញ្ញ ដែលកម្ពុជាកំពុង និងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ បានកើតឡើងជាថ្មី បន្ទាប់ពីសង្រ្គាមដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍ ត្រូវបានបញ្ចប់ក្រោមជំនួបកិច្ចចរចាស្វែងរកសន្តិភាពនាទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១។ រដ្ឋធម្មនុញ្ញនេះ ក៏ជាសារបង្ហាញពីស្មារតីរួបរួមសាមគ្គីភាពរបស់ប្រមុខដឹកនាំខ្មែរ រួមមានសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាមេដឹកនាំចលនាតស៊ូ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលសម័យរដ្ឋកម្ពុជា។