ក្រុមហ៊ុន Honda និងក្រុមហ៊ុន Nissan កំពុងពិចារណា ទៅលើការផលិតរថយន្តនៅក្នុងរោងចក្ររបស់គ្នាទៅវិញទៅមក ដែលជាផ្នែកមួយ នៃផែនការរបស់ក្រុមហ៊ុនផលិតរថយន្តទាំងពីរក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុន កាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុន Honda ក៏នឹងពិចារណាទៅលើការផ្គត់ផ្គង់រថយន្តកូនកាត់ទៅឱ្យក្រុមហ៊ុន Nissan ផងដែរ ដែលនេះ គឺជាផ្នែកមួយនៃផែនការដែលអាចនាំទៅរកការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា ដែលអាចកើតមានណាមួយ។
ការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនរថយន្តធំទីពីរ និងក្រុមហ៊ុន Nissan ដែលជាក្រុមហ៊ុនធំទី៣ របស់ប្រទេសជប៉ុន អាចបង្កើតបានក្រុមរថយន្តធំបំផុតទីបីរបស់ពិភពលោក បើគិតតាមការលក់រថយន្តដោយស្ថិតនៅពីក្រោយក្រុមហ៊ុន Toyota និងក្រុមហ៊ុន Volkswagen ជាមួយនឹងលទ្ធផលផលិតកម្មប្រចាំឆ្នាំ ដោយមានចំនួនរហូតដល់ទៅ៧,៤លានគ្រឿង។