ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច អំពាវនាវឱ្យយកចិត្តទុកដាក់សុខភាព ក្នុងអាកាសធាតុក្តៅខ្លាំង

បានផ្សាយចេញ | ០២ ឧសភា ២០២៦ 110

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច អំពាវនាវឱ្យយកចិត្តទុកដាក់សុខភាព ក្នុងអាកាសធាតុក្តៅខ្លាំង

ក្នុងបរិបទអាកាសធាតុកំពុងកើនកម្ដៅខ្លាំងនៅបច្ចុប្បន្ន ការថែរក្សាសុខភាពបានក្លាយជាបញ្ហាសំខាន់មួយសម្រាប់សហគមន៍ទាំងមូល។ មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច បានបង្ហាញពីការព្រួយបារម្ភចំពោះផលប៉ះពាល់ដែលអាចកើតមានលើសុខភាពមនុស្ស ជាពិសេសចំពោះក្រុមដែលមានហានិភ័យខ្ពស់ ហើយបានណែនាំវិធានការចាំបាច់ជាច្រើន ដើម្បីជួយកាត់បន្ថយហានិភ័យ និងការពារសុវត្ថិភាពសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងនេះ។

តាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ក្រុមមនុស្សដែលមានហានិភ័យខ្ពស់រួមមាន អ្នកមានជំងឺបេះដូង ជំងឺផ្លូវដង្ហើម មនុស្សធាត់ មនុស្សមានពិការភាព មនុស្សវ័យចំណាស់លើសពី៧៥ឆ្នាំ ទារក និងកុមារតូចៗ អ្នកមានបញ្ហាសុខភាពផ្លូវចិត្ត អ្នកប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀន ព្រមទាំងអ្នកធ្វើការក្នុងតំបន់ក្តៅខ្លាំង និងស្ត្រីមានផ្ទៃពោះ ឬម្តាយបំបៅដោះកូន។ ករណីអ្នកដែលមិនទាន់សម្របខ្លួនទៅនឹងអាកាសធាតុក្តៅ ដូចជាភ្ញៀវបរទេស ក៏ត្រូវបានចាត់ទុកថាមានហានិភ័យផងដែរ។

ដើម្បីការពារសុខភាពក្នុងអំឡុងពេលក្តៅខ្លាំង មជ្ឈមណ្ឌលបានណែនាំឱ្យអនុវត្តវិធានការសំខាន់ៗជាច្រើន ដូចជា ការរក្សាជាតិទឹកក្នុងរាងកាយដោយផឹកទឹកចន្លោះពី៦ ទៅ៨កែវក្នុងមួយថ្ងៃ និងជៀសវាងភេសជ្ជៈដែលមានជាតិអាល់កុលដែលអាចបណ្តាលឱ្យខ្វះជាតិទឹក។ បន្ថែមពីនេះ គួរធ្វើឱ្យរាងកាយមានអារម្មណ៍ត្រជាក់ជាប្រចាំ ដោយងូតទឹកត្រជាក់ ឬប្រើកន្សែងសើមជូតស្បែក និងចំណាយពេលនៅកន្លែងត្រជាក់ ឬមានម៉ាស៊ីនត្រជាក់យ៉ាងហោចណាស់២ម៉ោងក្នុងមួយថ្ងៃ។

មជ្ឈមណ្ឌលក៏បានផ្តល់អនុសាសន៍ឱ្យស្លៀកសម្លៀកបំពាក់ស្រាល ស្រួល និងអនុញ្ញាតឱ្យខ្យល់ចេញចូលបានល្អ ដើម្បីកាត់បន្ថយការកើនឡើងនៃសីតុណ្ហភាពក្នុងរាងកាយ។ ជាពិសេស សម្រាប់ទារក និងកុមារ ត្រូវផ្តល់ទឹកជាប្រចាំ រៀងរាល់២០នាទី ឬបំបៅដោះឱ្យញឹកញាប់ ពាក់សម្លៀកបំពាក់ស្រាល បំពាក់មួក និងរកកន្លែងមានម្លប់ឱ្យពួកគេ។

ជាមួយគ្នានេះ មជ្ឈមណ្ឌលបានរំលឹកអំពីវិធានសុវត្ថិភាពសំខាន់ៗ ដូចជា មិនត្រូវទុកកុមារនៅតែម្នាក់ឯងក្នុងបន្ទប់ដែលគ្មានខ្យល់ចេញចូល ឬក្នុងរថយន្តឡើយ។ ក៏ដូចជាការរក្សាអនាម័យផ្ទាល់ខ្លួន ដោយលាងដៃជាញឹកញាប់ ប្រើប្រាស់អាហារស្អាត និងចម្អិនឱ្យបានឆ្អិនល្អ ព្រមទាំងជៀសវាងសកម្មភាពហាត់ប្រាណខ្លាំង ឬនៅកន្លែងចង្អៀតក្នុងអាកាសធាតុក្តៅ។

មជ្ឈមណ្ឌលបានបញ្ជាក់បន្ថែមថា ប្រសិនបើមានរោគសញ្ញាដូចជា ឈឺក្បាលខ្លាំង វិលមុខ ឬចង្អោរ ដែលអាចជាសញ្ញានៃជំងឺពាក់ព័ន្ធនឹងកម្ដៅ គួរត្រូវរួសរាន់ទៅពិនិត្យនៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ឬពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដែលនៅជិតបំផុត។

អាស្រ័យដូចបានជម្រាបជូនខាងលើ មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច សូមអំពាវនាវឱ្យលោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សទាំងអស់ មេត្តាយកចិត្តទុកដាក់អនុវត្តវិធានការការពារខាងលើ ដើម្បីថែរក្សាសុខភាពឱ្យបានល្អប្រសើរ។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមលេខទូរសព្ទ ០១២ ៥០៦ ២៤៤ ឬមកកាន់មជ្ឈមណ្ឌលដោយផ្ទាល់។

ជាមួយគ្នានេះ គណៈគ្រប់គ្រងមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច សូមជូនពរដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សទាំងអស់ ឱ្យមានសុខភាពល្អបរិបូណ៌ និងសុភមង្គលក្នុងគ្រួសារ៕

មណ្ឌលសុខភាពសិស្ស ម៉េងលី ជេ គួច បើករៀងរាល់ថ្ងៃធ្វើការ លើកលែងតែថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។
ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ពេលព្រឹកចាប់ ពីម៉ោង 7:30 ព្រឹក ដល់ 11:30 យប់ និងពេលរសៀលចាប់ពីម៉ោង 01:00 ដល់ 05:30
ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ៖ ០១២ ៩០៦ ២៤៤
ហ្វេសប៊ុក: https://www.facebook.com/mjqshc

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/bag student no havy.jpg

អ្នកជំនាញសុខភាព៖ ឪពុកម្តាយត្រូវចេះជ្រើសរើសកាបូបស្ពាយដែល...

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/ITS Service Promotion.jpg

AIS និងAii ផ្តល់ការបញ្ចុះតម្លៃសេវាកម្មរថយន្តសាលា ដឹកជញ្...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Donation.jpg

មូលនិធិម៉េងលី ជេ. គួច នាំអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Family dayAii.jpg

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រៀមរៀបចំទិវាគ្រួសារលើកទី២ ដើ...