ព្រះមហាក្សត្រកម្ពុជា យាងចេញទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន

បានផ្សាយចេញ | ១៤ សីហា ២០២៤

ព្រះមហាក្សត្រកម្ពុជា យាងចេញទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងចេញទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះតទៅ។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននេះ គឺយោងទៅតាមព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ដោយព្រះអង្គបានមានព្រះបន្ទូលទៅកាន់ជនរួមជាតិថា ព្រះអង្គនឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។



នៅក្នុងព្រះរាជសារនោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការយាងត្រឡប់មកវិញនោះទេ។
ក្នុងអំឡុងពេលនៃការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យប្រោសប្រទាននូវព្រះរាជកិច្ចទាំងឡាយ ជូនទៅសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីបំពេញថ្វាយព្រះអង្គ។

នៅក្នុងព្រះរាជសារ ព្រះអង្គបានសរសេរថា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ តទៅ ដើម្បីយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងព្រះរាជសារ បានបន្តទៀតថា នៅក្នុងឱកាសអវត្តមាន នៃទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំករុណា ខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។