លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍កាលពីម្សិលមិញថា នគរបាល នឹងដាក់ពង្រាយសន្តិសុខជាង ២០០០នាក់ ដើម្បីការពារប្រជាពលរដ្ឋ ក្នុងឱកាសពិសេសបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ដែលនឹងប្រព្រឹត្តទៅនាពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោកបានបន្តទៀតថា ប៉ូលិសនឹងដាក់ពង្រាយតាមវត្តសំខាន់ៗចំនួន ១៥០ ក្នុងក្រុង ដោយមានសហការជាមួយកម្លាំងសន្តិសុខក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ និងទប់ស្កាត់បទល្មើស ដែលអាចនឹងកើតមានឡើងផ្សេងៗ។ មន្ត្រីគ្រប់គ្រងចរាចរណ៍ចំនួន ៤៦ នាក់ទៀតនឹងត្រូវបំពេញកាតព្វកិច្ច ក្នុងឱកាសពិធីបុណ្យជាតិដ៏ពិសេសនេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលខណ្ឌទាំង១៤ និងកម្លាំងសន្តិសុខ ឱ្យរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរក្នុងពិធីបុណ្យ និងជួយឧបត្ថម្ភប្រជាពលរដ្ឋ ដែលមកចូលរួមបុណ្យកឋិនទាន តាមវត្តនានាក្នុងរាជធានីភ្នំពេញ។
លោកក៏បានស្នើដល់អាជ្ញាធរខណ្ឌ ត្រូវរៀបចំការចុះល្បាតជាប្រចាំនៅតាមលំនៅដ្ឋាន ដើម្បីឃ្លាំមើលទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋ ពេលពួកគេទៅលេងសាច់ញាតិជិតឆ្ងាយរបស់ពួកគេ នៅតាមបណ្តាខេត្ត ផ្សេងៗ។