ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក វគ្គបណ្ដុះបណ្ដាលស្ដីពី ការចាប់យកបរិវត្តកម្មឌីជីថល

បានផ្សាយចេញ | ១០ តុលា ២០២៤

ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក វគ្គបណ្ដុះបណ្ដាលស្ដីពី ការចាប់យកបរិវត្តកម្មឌីជីថល

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នាថ្ងៃតី៩ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដ (Cloud )សម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំធ្វើឡើងនៅខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន និងសមាជិក គ.រ.ឌ. ប្រមាណ ៤០ រូប។

វគ្គបណ្ដុះបណ្ដាលខាងលើ នឹងប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៩-១៣ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់សាស្រ្តាចារ្យដែលអញ្ជើញមកពីស្ថាប័នបណ្តុះបណ្តាលល្បីកម្រិតអន្តរជាតិ ចំនួន ២ រូប វាគ្មិនកិត្តិយសដែលជាថ្នាក់ដឹកនាំនៃប្រទេសជាមិត្តក្នុងតំបន់ និងអ្នកជំនាញជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាក្លោដ (Cloud) មកពីក្រុមហ៊ុន Microsoft និងក្រុមហ៊ុន AWS ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធនៃការចាប់យកបច្ចេកវិទ្យាថ្មីៗ សម្រាប់អ្នកដឹកនាំការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល (Digital Government Transformation) ជាអាទិ៍ បច្ចេកវិទ្យាដែលប្រើក្លោដ (Cloud) ជាគោល (Cloud-based Technology) ការយល់ដឹងអំពីសន្តិសុខ (Security) និងអធិបតេយ្យភាពនៃទិន្នន័យ (Data Sovereignty) ពាក់ព័ន្ធនឹងការប្រើប្រាស់សម្រាប់បញ្ញាសិប្បនិម្មិត (AI) ប្លុកឆេន (Blockchain) និងវិធីសាស្ត្រផ្សេងទៀតដែលប្រើទិន្នន័យ (Other data-driven methods)។

ថ្នាក់ដឹកនាំនៃ គ.រ.ឌ. ក៏អាចស្វែងយល់បន្ថែមផងដែរអំពីបច្ចេកទេសនៃការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ក្នុងការងារបរិវត្តកម្មឌីជីថល ផលប្រយោជន៍យុទ្ធសាស្ត្រនៃបរិវត្តកម្មឌីជីថលសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល និងការកសាងការជឿទុកចិត្តលើការចាប់យកឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ។