ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ឈ្វេងយល់អំពី ប្រព័ន្ធគ្រប់គ្រងទឹកនៅតំបន់អង្គរ

បានផ្សាយចេញ | ២៥ មិថុនា ២០២៦ 337

ឈ្វេងយល់អំពី ប្រព័ន្ធគ្រប់គ្រងទឹកនៅតំបន់អង្គរ

ប្រព័ន្ធគ្រប់គ្រងទឹកនៅតំបន់អង្គរ គឺជាស្នាដៃវិស្វកម្មដ៏អស្ចារ្យមួយដែលបង្ហាញពីប្រាជ្ញា និងចំណេះដឹងជ្រាលជ្រៅរបស់បុព្វបុរសខ្មែរ។ ក្រៅពីតួនាទីសំខាន់ក្នុងវិស័យកសិកម្ម ទឹកនៅអង្គរ ក៏ជាគ្រឹះសំខាន់ក្នុងការទ្រទ្រង់សំណង់ប្រាសាទមហិមាឱ្យឈររឹងមាំរហូតដល់សព្វថ្ងៃ។ ពាក្យ «ទឹកទ្រប្រាសាទ» ដែលត្រូវបាននិយាយតៗគ្នា មិនមែនជាការប្រៀបធៀបទេ ប៉ុន្តែជាការពិតផ្នែកវិទ្យាសាស្ត្រដែលពាក់ព័ន្ធនឹងរូបវិទ្យាដី និងប្រព័ន្ធអ៊ីដ្រូលីក។

យោងតាមទស្សនាវដ្តី ដែលមានចំណងជើង ភៀ ហ្សូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ លេខទី៤ ឆ្នាំ2025 -2026 បានឱ្យដឹងថា។តំបន់អង្គរត្រូវបានសាងសង់លើស្រទាប់ដីខ្សាច់ក្រាស់ ដែលមានលក្ខណៈប្រែប្រួលទៅតាមសំណើម។ នៅពេលដីស្ងួត ខ្សាច់នឹងរលុង ងាយស្រុត និងមិនអាចទ្រទម្ងន់ធ្ងន់បាន។ ផ្ទុយទៅវិញ នៅពេលមានទឹកក្នុងកម្រិតសមស្រប វានឹងជួយបំពេញចន្លោះរវាងគ្រាប់ខ្សាច់ បង្កើតភាពហាប់ណែន និងអាចទ្រទម្ងន់ថ្មរាប់លានតោនបានយ៉ាងរឹងមាំ។ ដោយយល់ដឹងពីលក្ខណៈនេះ បុព្វបុរសខ្មែរ បានបង្កើតវិធីសាស្ត្ររក្សាកម្រិតទឹកក្រោមដីឱ្យមានស្ថិរភាពទាំងរដូវវស្សា និងរដូវប្រាំង ដើម្បីការពារការស្រុតរបស់គ្រឹះប្រាសាទ។



ដើម្បីអនុវត្តគំនិតនេះ វិស្វករសម័យអង្គរ បានរៀបចំរចនាសម្ព័ន្ធគ្រឹះយ៉ាងម៉ត់ចត់។ ការជីកស្រះ និងគូទឹកព័ន្ធជុំវិញប្រាសាទ មិនត្រឹមតែមានតួនាទីការពារសត្រូវ ឬជានិមិត្តសញ្ញាសាសនានោះទេ ប៉ុន្តែជា«អាងរក្សាសម្ពាធទឹក» ដែលអនុញ្ញាតឱ្យទឹកជ្រាបចូលទៅក្នុងដីជាបន្តបន្ទាប់ ធានាឱ្យស្រទាប់ខ្សាច់នៅក្រោមគ្រឹះមានសំណើម និងហាប់ណែនជានិច្ច ទោះបីជាស្ថិតក្នុងខែដែលក្តៅហួតហែងបំផុតក៏ដោយ។
ក្រោមគ្រឹះប្រាសាទ ក៏មានការរៀបចំជាស្រទាប់ចម្រុះ រួមមានដីឥដ្ឋ ខ្សាច់បុកបង្ហាប់ ថ្មបាយក្រៀម និងថ្មភក់ ដែលជួយទប់ស្កាត់ការហូរច្រោះ និងបង្កើនស្ថិរភាពសំណង់យ៉ាងមានប្រសិទ្ធភាព។

អ្វីដែលធ្វើឱ្យប្រព័ន្ធនេះកាន់តែអស្ចារ្យ គឺការគ្រប់គ្រងលំហូរទឹកជាបណ្តាញធំមួយ ដែលភ្ជាប់គ្នារវាងបារាយណ៍ ស្ទឹង និងលូបង្ហូរទឹក។ នៅរដូវវស្សា ប្រព័ន្ធនេះអាចបង្ហូរទឹកលើសចេញពីតំបន់ប្រាសាទ ទៅកាន់បារាយណ៍ ឬតំបន់ទំនាប ដើម្បីបន្ថយសម្ពាធលើគ្រឹះ។ ខណៈពេលនៅរដូវប្រាំង ទឹកដែលរក្សាទុកនឹងជ្រាបត្រឡប់ចូលទៅក្នុងដីវិញបន្តិចម្តងៗ ដើម្បីបំពេញសំណើម និងរក្សាកម្រិតទឹកក្រោមដីឱ្យមានស្ថិរភាព។ ប្រព័ន្ធនេះអាចត្រូវបានចាត់ទុកថាជាប្រព័ន្ធ «ស្វ័យប្រវត្តិកម្មបុរាណ» ដែលដំណើរការស្របតាមធម្មជាតិយ៉ាងឆ្លាតវៃ។

ការសិក្សារបស់អ្នកវិទ្យាសាស្ត្រអន្តរជាតិ បានបញ្ជាក់ពីតួនាទីសំខាន់របស់ទឹកក្នុងការទ្រទ្រង់ប្រាសាទ។ នៅទសវត្សរ៍ឆ្នាំ១៩៩០ ការបូមទឹកក្រោមដីយ៉ាងខ្លាំងនៅតំបន់សៀមរាប បានបណ្តាលឱ្យប្រាសាទមួយចំនួនបង្ហាញសញ្ញាប្រេះស្រុត។ ហេតុនេះ អាជ្ញាធរពាក់ព័ន្ធបានដាក់វិធានការហាមឃាត់ការបូមទឹកក្រោមដីនៅក្បែរតំបន់ការពារ និងលើកទឹកចិត្តឱ្យប្រើប្រាស់ទឹកលើផ្ទៃដីជំនួស ដើម្បីរក្សាស្ថិរភាពគ្រឹះប្រាសាទ។

អច្ឆរិយៈ «ទឹកទ្រប្រាសាទ» មិនត្រឹមតែជាភស្តុតាងនៃប្រាជ្ញាវិស្វកម្មបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា មេរៀនសំខាន់សម្រាប់សម័យបច្ចុប្បន្ន ក្នុងការអភិរក្សបេតិកភណ្ឌ និងការគ្រប់គ្រងធនធានទឹកឱ្យមាន   ចីរភាព សម្រាប់ជំនាន់ក្រោយ៕
ប្រភព៖ ទស្សនាវដ្តី  AIS Magazine CCV

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Grade A meet Prime Minister.jpg

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលជាមួយសិស្...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Turan.jpg

ការនាំចេញទុរេនស្រស់កម្ពុជា ទៅទីផ្សារចិន កើនឡើងខ្លាំងជិត...

https://theirrawaddydolphin.com/storage/photos/news/article/2026/October/theirrawaddy (2).jpg

AIS អបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ៖ ជួបជុំគ្រួសារ ចងចាំគុណ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Ministry of Edu.jpg

ក្រសួងអប់រំ ហាមឃាត់ការថត និងផ្សព្វផ្សាយឯកសារប្រឡង មុនប្...