រៀងរាល់ឆ្នាំ ថ្ងៃទី១ ខែតុលា ត្រូវបានប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ឆ្នាំ២០២៦ ទិវាមនុស្សចាស់កម្ពុជា ប្រារព្ធក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ» ដើម្បីរំឭកពីគុណតម្លៃ និងបទពិសោធរបស់មនុស្សវ័យចាស់ក្នុងគ្រួសារ និងសង្គម។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិត ដោយបង្ហាញពីឆន្ទៈក្នុងការគោរពដឹងគុណ និងលើកកម្ពស់ការយល់ដឹងរបស់សង្គមអំពីតម្លៃរបស់មនុស្សវ័យ ចាស់ ព្រមទាំងជំរុញឱ្យកូនចៅជំនាន់ក្រោយចូលរួមថែរក្សា និងគាំពារមនុស្សវ័យចាស់ឱ្យកាន់តែប្រសើរ។
សម្តេចមហាបវរធិបតី បានអំពាវនាវដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ចំពោះសុខុមាលភាពមនុស្សវ័យចាស់ ជាពិសេសអ្នកដែលជរា ព្យាធិ មានពិការភាព ក្រីក្រ និងគ្មានទីពឹង។ ជាមួយគ្នានេះ ក៏បានជំរុញឱ្យមានការគាំទ្រ និងពង្រឹងសមាគមមនុស្សចាស់នៅតាមសហគមន៍ ដើម្បីបង្កើនសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក។
សម្តេចមហាបវរធិបតី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា និងជួយបីបាច់មនុស្សវ័យចាស់ដែលជួបការលំបាក ឱ្យមានទីកន្លែងស្នាក់នៅសមរម្យនៅតាមសហគមន៍ ហើយអាចពិចារណាបង្កើតមណ្ឌលមនុស្សចាស់នៅទីវត្តអារាម ឬទីកន្លែងសាសនា តាមលទ្ធភាពជាក់ស្តែង។

ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ ឆ្នាំ២០២៦ សមាគមមនុស្សចាស់ចំនួន ១៥ រាជធានី-ខេត្ត ដែលជាសមាជិកបណ្តាញមនុស្សវ័យចាស់កម្ពុជា និងតំណាងឱ្យសមាជិកជាង ៣ម៉ឺននាក់ បានលើកឡើងពីតម្រូវការ និងបំណងប្រាថ្នាសំខាន់ៗ ដោយស្នើឱ្យសង្គមយកចិត្តទុកដាក់ និងផ្តល់អាទិភាពកាន់តែច្រើនដល់មនុស្សវ័យចាស់ ជាពិសេសអ្នកដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ។
តម្រូវការសំខាន់ៗរបស់មនុស្សវ័យចាស់ រួមមានសុខភាព សន្តិសុខសង្គម ជីវភាព និងឱកាសរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។ ពួកគាត់ចង់ទទួលបានបណ្ណ ប.ស.ស. ឬសេវាពិនិត្យ និងព្យាបាលសុខភាពដោយមិនគិតថ្លៃ ដើម្បីកាត់បន្ថយបន្ទុកចំណាយលើការថែទាំសុខភាព។
ក្រៅពីនេះ ពួកគាត់ចង់បានប្រាក់ឧបត្ថម្ភជាប្រចាំ ឬរបបសាច់ប្រាក់សម្រាប់វ័យចាស់ ដើម្បីជួយធានាជីវភាពប្រចាំថ្ងៃ។ សម្រាប់អ្នកដែលនៅមានសមត្ថភាពធ្វើការ ពួកគាត់ចង់បានទុន មុខរបរ ទីផ្សារ ឬការងារដែលសមស្របតាមសមត្ថភាព ដើម្បីបន្តរកចំណូល និងចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច។
មនុស្សវ័យចាស់ដែលត្រូវការជំនួយ ក៏ចង់ទទួលបានបណ្ណសមធម៌ ឬបណ្ណសម្រាប់ជនងាយរងហានិភ័យ ដើម្បីទទួលបានសេវា និងការគាំពារសង្គមសមស្របទៅនឹងស្ថានភាពរបស់ខ្លួន។ ពួកគាត់ក៏ចង់ឱ្យសេវាសុខភាពនៅតាមសហគមន៍កាន់តែងាយស្រួល ដោយមានបុគ្គលិកសុខាភិបាលចុះអប់រំ និងពិនិត្យសុខភាពជាប្រចាំនៅតាមភូមិ។
ការឈានចូលវ័យចាស់ មិនមានន័យថាមនុស្សម្នាក់បាត់បង់សិទ្ធិ ឬឱកាសក្នុងការរស់នៅប្រកបដោយ
សេចក្តីថ្លៃថ្នូរឡើយ។ មនុស្សវ័យចាស់នៅតែជាសមាជិកដ៏មានតម្លៃរបស់គ្រួសារ និងសហគមន៍ និងមានសិទ្ធិទទួលបានសុខភាពល្អ សន្តិសុខសង្គម ការគាំពារ និងឱកាសចូលរួមក្នុងការអភិវឌ្ឍសង្គម។
ការឆ្លើយតបចំពោះតម្រូវការរបស់មនុស្សវ័យចាស់ គឺជាផ្នែកមួយនៃការកសាងសង្គមដែលយកចិត្តទុកដាក់ចំពោះមនុស្សគ្រប់វ័យ ដើម្បីឱ្យមនុស្សវ័យចាស់អាចរស់នៅដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងមានគុណភាពជីវិតល្អ៕
ប្រភព៖ អង្គការមនុស្សចាស់កម្ពុជា