សត្វដំរីព្រៃចំនួន២ក្បាល គឺញី១ក្បាល និងឈ្មោល១ក្បាល ត្រូវបានមន្ត្រីបរិស្ថាន និងសហគមន៍ជួយសង្គ្រោះចេញពីស្រះទឹក និងដោះលែងឱ្យចូលព្រៃវិញដោយជោគជ័យ នៅចំណុចចុងរ៉ាង ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

ប្រតិបត្តិការជួយសង្គ្រោះនេះដឹកនាំដោយលោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស មន្ត្រីប៉ុស្តិ៍នគរបាលសែនមនោរម្យ អាជ្ញាធរមូលដ្ឋាន សមាជិកសហគមន៍ចុងរ៉ាង និងប្រជាពលរដ្ឋនៅក្បែរតំបន់នោះ។
ក្រុមការងារបានប្រើកម្លាំងជីកដោយដៃអស់រយៈពេលជាង៤ម៉ោង ដើម្បីបង្កើតផ្លូវឱ្យសត្វដំរីទាំង២អាចឡើងចេញពីស្រះទឹកបានដោយសុវត្ថិភាព។ ក្រោយការជួយសង្គ្រោះ សត្វដំរីទាំង២ត្រូវបានដោះលែងឱ្យត្រឡប់ចូលទៅក្នុងព្រៃវិញដោយជោគជ័យ។
ការចូលរួមរបស់មន្ត្រី អាជ្ញាធរ សហគមន៍ និងប្រជាពលរដ្ឋក្នុងប្រតិបត្តិការនេះ បានបង្ហាញពីកិច្ចសហការរួមគ្នាក្នុងការការពារ និងអភិរក្សសត្វព្រៃ ព្រមទាំងចូលរួមថែរក្សាធនធានធម្មជាតិនៅក្នុងតំបន់៕
ប្រភព៖AKP