ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ឈ្វេងយល់ពីអត្ថន័យដ៏ជ្រាលជ្រៅនៃបុណ្យកឋិនទានក្នុងព្រះពុទ្ធសាសនា

បានផ្សាយចេញ | ០៣ វិច្ឆិកា ២០២៦ 74

ឈ្វេងយល់ពីអត្ថន័យដ៏ជ្រាលជ្រៅនៃបុណ្យកឋិនទានក្នុងព្រះពុទ្ធសាសនា

បុណ្យកឋិនទាន គឺជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលមានកំណត់ពេលវេលាច្បាស់លាស់ និងត្រូវប្រតិបត្តិតាមព្រះវិន័យ។ បុណ្យនេះមិនត្រឹមតែជាការប្រគេនសំពត់ស្បង់ចីវរដល់ព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសទ្ធាជ្រះថ្លា សាមគ្គីភាព និងការចូលរួមថែរក្សាព្រះពុទ្ធសាសនារបស់ពុទ្ធបរិស័ទផងដែរ។

កឋិនទានជាកាលទានដែលមានតែមួយលើកក្នុងមួយឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១ រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិក មានរយៈពេល ២៩ ថ្ងៃ បន្ទាប់ពីព្រះសង្ឃចេញព្រះវស្សា។ ក្នុងរយៈពេលនេះ វត្តអារាមនីមួយៗអាចទទួលអង្គកឋិនបានតែមួយប៉ុណ្ណោះ។ ប្រសិនបើធ្វើពិធីប្រគេនទានវត្ថុក្រៅពីកាលកំណត់នេះ ទោះបីមានទម្រង់ដូចគ្នាក៏ដោយ ក៏មិនអាចចាត់ទុកថាជាកឋិនទានតាមព្រះវិន័យបានដែរ។
ព្រះបាលិកោសល បណ្ឌិត សែម ឈុនលី ព្រះនាយករងនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងជាសាស្ត្រាចារ្យនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាថា កឋិនទាន គឺជាការបូជាសំពត់សម្រាប់ព្រះសង្ឃប្រើប្រាស់ជាស្បង់ចីវរ ដោយពុទ្ធបរិស័ទរួមសាមគ្គីគ្នារៀបចំ និងនាំយកទៅប្រគេននៅតាមវត្តអារាម ក្រោយពេលព្រះសង្ឃចេញព្រះវស្សា។
ចំពោះទានវត្ថុដែលប្រើក្នុងពិធីកឋិន ត្រូវមានសំពត់សម្រាប់ធ្វើស្បង់ ចីវរ ឬសង្ឃាដី ដែលជាគ្រឿងស្លៀកដណ្តប់របស់ព្រះសង្ឃ។ បច្ចុប្បន្ន ពុទ្ធបរិស័ទក៏តែងប្រគេនទេយ្យទានផ្សេងៗបន្ថែមទៀត ដូចជា គ្រឿងបរិភោគ សម្ភារប្រើប្រាស់ ថ្នាំសង្កូវ និងបច្ច័យជាដើម។

ព្រះបណ្ឌិត សែម ឈុនលី មានសង្ឃដីកាបញ្ជាក់ថា កឋិនទានដែលត្រឹមត្រូវតាមព្រះវិន័យ ត្រូវជ្រើសរើសសំពត់ដែលអាចប្រើប្រាស់ជាចីវរបានតាមក្បួនខ្នាតដែលបានកំណត់។ ចំពោះការធ្វើជាម្ចាស់កឋិន មិនមែនមានតែបុគ្គលណាម្នាក់ ឬក្រុមណាមួយប៉ុណ្ណោះទេ ពោលគឺពុទ្ធបរិស័ទទាំងអស់សុទ្ធតែអាចផ្តួចផ្តើមធ្វើបាន។
លើសពីនេះ បុណ្យកឋិនទាននៅកម្ពុជាក៏បានផ្សារភ្ជាប់ជាមួយទំនៀមទម្លាប់ប្រពៃណីខ្មែរ ជាពិសេសការរួមគ្នាប្រមូលបច្ច័យសម្រាប់កសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម ឬសហគមន៍។ តាមរយៈការចូលរួមនេះ បុណ្យកឋិនមិនត្រឹមតែជាការធ្វើបុណ្យតាមព្រះវិន័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសបង្កើនសាមគ្គីភាព និងការជួយគ្នាក្នុងសង្គមផងដែរ។

ចំពោះអានិសង្សនៃកឋិនទាន ព្រះបាលិកោសល បណ្ឌិត សែម ឈុនលី បានមានសង្ឃដីកាថា ព្រះសង្ឃដែលទទួលអង្គកឋិន និងបានក្រាលគ្រងតាមព្រះវិន័យ នឹងទទួលបានអានិសង្ស ៥ ប្រការ រួមមាន៖ អាចនិមន្តទៅទីដទៃដោយមិនចាំបាច់សុំការអនុញ្ញាតពីភិក្ខុផងគ្នា អាចធ្វើដំណើរដោយមិនចាំបាច់យកត្រៃចីវរគ្រប់ប្រដាប់ អាចឆាន់អាហារគណភោជន៍ អាចទុកដាក់ចីវរលើសពីតម្រូវការបានតាមការអនុញ្ញាត និងអាចទទួលបានចីវរដែលកើតមានក្នុងអាវាសតាមព្រះវិន័យ។
ចំណែកឯទាយកទាយិកាដែលមានសទ្ធាចូលរួមធ្វើកឋិនទាន ក៏ត្រូវបានព្រះពុទ្ធសាសនាលើកឡើងអំពីអានិសង្ស ៥ ប្រការផងដែរ គឺ សុរូបតា (មានរូបសម្បត្តិស្រស់ស្អាត) សុវណ្ណតា (មានសម្បុរល្អ) សុសណ្ឋានា (មានទ្រង់ទ្រាយសមសួន) ការបានជាស្តេចចក្រពត្តិប្រកបដោយទសពិធរាជធម៌ និងផលចុងក្រោយនៃការបានបួសក្នុងព្រះពុទ្ធសាសនា គឺអាចសម្រេចអរហត្តមគ្គ និងអរហត្តផល។

សរុបមក បុណ្យកឋិនទាន គឺជាមហាទានដ៏មានតម្លៃក្នុងព្រះពុទ្ធសាសនា ដែលមានលក្ខណៈពិសេសខុសពីទានទូទៅ ដោយមានកាលកំណត់ និងក្បួនខ្នាតតាមព្រះវិន័យច្បាស់លាស់។ ពិធីបុណ្យនេះមិនត្រឹមតែបង្ហាញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទចំពោះព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបណ្តុះស្មារតីសាមគ្គីភាព ការចែករំលែក និងការចូលរួមថែរក្សាវត្តអារាម និងប្រពៃណីព្រះពុទ្ធសាសនាឱ្យបានគង់វង្សតទៅ៕
ប្រភព៖ក្រសួងព័ត៌មាន

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Japan Embassador.jpg

ឯកអគ្គរាជទូតជប៉ុន សន្យាជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា និង...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Day Leterature.jpg

កម្ពុជាអបអរខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធ...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/HE11.jpg

រដ្ឋមន្រ្តីអប់រំ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង ដ...

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Moe.jpg

ក្រសួងអប់រំ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈជំរុញការញែកសំ...