មន្ទីរពេទ្យអន្តរជាតិ អរៀនដា(Orienda International Hospital) និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education PLC.) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងសហការគ្នាលើការផ្តល់សេវាសុខភាពជូនដល់សិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងនៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា រាជធានីភ្នំពេញ ក្រោមអធិបតីភាព អ្នកឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងពីរ ភ្ញៀវកិត្តិយស និងអ្នកព័ត៌មានជាតិ-អន្តរជាតិជាច្រើនរូប។
អនុស្សរណៈយោគយល់គ្នានេះ ផ្ដោតសំខាន់លើសេវាកម្មថែទាំសុខភាពមួយដែលត្រូវផ្តល់ជូនសិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក រួមមានដូចជា៖ ការពិនិត្យសុខភាពមុនចូលបម្រើការងារ ការពិនិត្យសុខភាពទូទៅ ការពិនិត្យសុខភាពប្រចាំឆ្នាំ ការចាក់វ៉ាក់សាំងជំងឺផ្សេងៗ ការព្យាបាលជំងឺ និងកម្មវិធីយល់ដឹងអំពីការថែទាំសុខភាពជាដើម។
អ្នកឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបង្ហាញអំពីសុទិដ្ឋិនិយមចំពោះកិច្ចសហការនេះថា៖ «យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការផ្តល់ជូនសេវាកម្មព្យាបាលប្រកបដោយ គុណភាព និងការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺនាពេលបច្ចុប្បន្នរបស់មន្ទីរពេទ្យយើងខ្ញុំ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងកាត់បន្ថយអត្រាអ្នកជំងឺប្រជាជនកម្ពុជាដែលចេញទៅស្វែងរកសេវាសុខាភិបាលក្រៅប្រទេស ហើយក្លាយជាដៃគូថែទាំសុខភាពរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាយូរអង្វែង។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានសម្តែងការអបអរសាទរចំពោះភាពជាដៃគូថ្មីនេះ ដោយអ្នកឧកញ៉ា មានប្រសាសន៍ថា៖ «“យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីរបស់យើង ជាមួយមន្ទីរពេទ្យ អន្តរជាតិ អរៀនដា ដែលនឹងផ្តល់ជូននូវសេវាថែទាំសុខភាពដ៏មានគុណភាពខ្ពស់ ចាំបាច់សម្រាប់សុខុមាលភាពសិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ទាំងអស់។»
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានគូសបញ្ជាក់ទៀតថា «ការសហការគ្នាជាមួយមន្ទីរពេទ្យអន្តរជាតិ អរៀនដានេះ មានគោលបំណងលើកកម្ពស់ការអប់រំផ្នែកសុខភាព ស្របពេលដែលកម្ពុជាកំពុងជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ តាមរយៈការរៀបចំកញ្ចប់សេវាកម្មសុខភាពនៅមន្ទីរពេទ្យ ដែលអាចស្រាវជ្រាវ និងស្វែងរកសេវាថែទាំជំងឺដោយផ្ទាល់»។
សូមបញ្ជាក់ថា ទន្ទឹមនឹងកំណើននៃចំនួនសាខារបស់សាលារៀន បុគ្គលិក សិស្សានុសិស្ស ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នឹងបន្តបំពេញបេសកកម្មរបស់ខ្លួន ព្រមទាំងសហការគ្នាជាមួយ មន្ទីរពេទ្យ អន្តរជាតិ អរៀនដតាមរយៈការបណ្តុះបណ្តាល និងការរៀបចំសិក្ខាសាលានានា ដើម្បីពង្រីកការយល់ដឹងអំពីសារៈសំខាន់នៃសុខភាព និងសុវត្ថិភាពនៅក្នុងសហគមន៍៕
សម្រាប់ព័ត៌មានលម្អិតអំពីកិច្ចសហការ និងកម្មវិធីថែទាំសុខភាពនាពេលខាងមុខ សូមទាក់ទងតាមរយៈ៖
• ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education PLC.)
អ៊ីមែល(Email)៖ info@mjqeducation.edu.kh
លេខទូរសព្ទ៖ +855 011 388 868
• មន្ទីរពេទ្យអន្តរជាតិ អរៀនដា (Orienda International Hospital)
អ៊ីម៉ែល(Email)៖ info@oriendahospital.com
លេខទូរសព្ទ៖ +855 078 233 789 / +855 023 232 789