ការពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ គួរជាការងារអាទិភាពសម្រាប់តំបន់ទាំងមូលក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ

បានផ្សាយចេញ | ០៤ កញ្ញា ២០២៤

ការពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ គួរជាការងារអាទិភាពសម្រាប់តំបន់ទាំងមូលក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ

នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា ថ្លែងនៅក្នុងពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ ដែលរៀបចំឡើងដោយវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ(AIBD) ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី អំពី​បញ្ហា​ប្រឈមនានា និងផលវិបាកជាច្រើន​ ដែលបានកើតចេញពី​ការផ្សព្វផ្សាយព័ត៌មាន​មិន​ពិត ឬព័ត៌មានក្លែងក្លាយ ​នៅតាមបណ្តាញសង្គម និងបានអំពាវនាវដល់តំណាងបណ្តាប្រទេសសមាជិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ចូលរួមសហការគ្នាក្នុងសំឡេងតែមួយ ដើម្បីពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលផ្តួចផ្តើមគំនិតដោយប្រទេសកម្ពុជា និងគ្រោងនឹងចាប់ផ្តើមជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ទៅដល់តំណាងរដ្ឋាភិបាល និងអ្នកចូលរួមពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អឺរ៉ុប ដែលមានវត្តមានក្នុងពិធីបើកនេះ ដោយបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងគណៈកម្មការត្រួតពិនិត្យព័ត៌មានក្លែងក្លាយ និងការប្រកាសដាក់ឱ្យអនុវត្តន៍ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ក្នុងគោលបំណងកំណត់ស្តង់ដារសីលធម៌សម្រាប់អ្នកសារព័ត៌មាន ដើម្បីគាំទ្រដល់សេរីភាពសារព័ត៌មាន និងធានានូវគណនេយ្យភាព និងគុណភាពនៃព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ។

ប្រភព: ក្រសួងព័ត៌មាន