ឆ្នាំនេះ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសនេះ តាមស្ថាប័ន និងគ្រឹះស្ថានសាធារណៈក្នុងរាជធានីភ្នំពេញ ភាគច្រើនបានដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គ ដោតទង់ជាតិ ទង់ជ្វាលា និងពាក្យស្លោកដែលមានន័យថ្វាយព្រះពរក្នុងថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មាយុព្រះអង្គ។
ព្រះអង្គត្រូវបានពលរដ្ឋខ្មែរគោរពស្រឡាញ់ចាត់ទុកជាព្រះមហាក្សត្រ ដែលមានព្រះទ័យស្លូតបូត និងមានព្រហ្មវិហារធម៌។
ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុព្រះមហាក្សត្រ ប្រជាពលរដ្ឋភាគច្រើនបង្ហាញទឹកចិត្តកោតសរសើរព្រះទ័យព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ សីហមុនី ក្នុងនាមព្រះមហាក្សត្រ ដែលទ្រង់គ្រងរាជសម្បត្តិ។
ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ។ ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។
ក្នុងប្រវត្តិនៃការសិក្សារបស់ព្រះអង្គបង្ហាញថា ព្រះអង្គមានជំនាញខាងផ្នែកសិល្បៈ របាំ ដូរ្យតន្ត្រី ល្ខោន និងភាពយន្ត។
ព្រះអង្គទទួលបានបរិញ្ញាបត្រជាន់ខ្ពស់នៃបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ (Prague) ក្នុងប្រទេសឆេកូ (Czech Republic)។
ព្រះអង្គធ្លាប់ត្រូវជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងគង់ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំអង្គការអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រនៃអង្គការសហប្រជាជាតិហៅកាត់ថា យូណេស្កូ (UNESCO) រួមនឹងស្នាព្រះហស្តជាច្រើនទៀត។
ក្រៅពីភាសាជាតិ ព្រះអង្គចេះភាសាបារាំង ភាសាឆេក និងភាសាអង់គ្លេស៕
រូបភាព៖ឯកសារ