ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ឈ្វេងយល់អំពី ព្រះរាជពិធីច្រតព្រះនង្គ័ល

បានផ្សាយចេញ | ១៥ ឧសភា ២០២៥

ឈ្វេងយល់អំពី ព្រះរាជពិធីច្រតព្រះនង្គ័ល

នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធនូវព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥ នឹងប្រារព្ធនៅខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។
ព្រះរាជពិធីនេះ ប្រព្រឹត្តឡើង ដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវ ធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្ហូរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបាន ភោគផលខ្ពស់ ។
តាំងពីបុរាណមក ខ្មែរមានរៀបចំពិធីជាច្រើន ហើយពិធីទាំងនោះត្រូវបានចងក្រង នៅក្នុង សៀវភៅព្រះរាជពិធីទសមាស។ ក្នុងចំណោមពិធីទាំង១២ គឺមានទំនៀមនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលពិធីនេះមានកំណើតតាំងពីណានោះគេពុំទាន់មានឯកសារណាមកបញ្ជាក់នៅឡើយទេ។ នៅក្នុងព្រះរាជពិធីនេះ មានរូបតំណាងមួយអង្គមានព្រះនាមថា ពលទេព ឬហៅថា ពលរាម ជារូបលីនង្គ័ល ដែលសាងឡើងសម្រាប់បូជានៅក្នុងពិធីច្រត់ព្រះនង្គ័ល។ រូបនេះ គេសម្គាល់ថាសាងឡើងតាំងពីសម័យនគរភ្នំ ឬអាចស្ថិតនៅមុនសម័យនោះទៅទៀត។ តាមវត្ថុតាងទាំងនេះគេយល់ថា ទំនៀមនៃពិធីច្រត់ព្រះនង្គ័ល មានតាំងពី សម័យនគរភ្នំ។
តាមរយៈការកត់ត្រានៅក្នុងសៀវភៅ “បុណ្យទំនៀមទម្លាប់ខ្មែរទាំង១២ខែ” បានតំណាលថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាពិធីបុណ្យដ៏សំខាន់មួយជាប់ទាក់ទងនឹង ពុទ្ធប្រវត្ដិ។ ក្នុងនោះមានសេចក្ដីតំណាលថា៖ ថ្ងៃមួយពេល ព្រះសិទ្ធត្ថកុមារ គម្រប់ព្រះជន្ម៩ព្រះវស្សា ព្រះអង្គបានចូលរួមព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលព្រះមហាក្សត្រព្រះបាទ សិរីសុទ្ធោទន៍ ជាព្រះវរបិតាទ្រង់បានប្រារឰឡើងជាលើកដំបូងក្នុង ខែពិសាខ នៅក្នុង វាលព្រះមេរុ មួយជិត ព្រះរាជវាំងនារាជធានី កបិលពស្ដុ។ នៅពេលនោះ ព្រះសិទ្ធត្ថកុមារ បានយាង ចេញពី ពិធីទៅ កាន់ស្រែតែអង្គឯង ទ្រង់បានទតឃើញសត្វគោខំប្រឹងអូសនង្គ័លដ៏ធ្ងន់ ហើយកសិករវាយសំពងសត្វគោនោះនឹងរំពាត់ខ្សែតីបង្ខំឱ្យអូសទៅយ៉ាងពិបាក។ ខណៈពេលដែលភ្ជួរធ្លាក់អាចម៍បំណះ ព្រះពោធិសត្វសិទ្ធត្ថ ទតឃើញមានសត្វជន្លេនខ្លះត្រូវបានកាត់ជាកំណាត់ៗ ហើយខ្លះទៀតត្រូវសត្វស្លាបឆាបឆក់ចឹកញំនឹងចំពុះនាំទៅ។ ព្រះអង្គទតឃើញសត្វស្លាបធំៗឆាបចុះ រួចខ្ញាំយ៉ាង ជាប់ នូវសត្វស្លាបតូចៗក្នុងក្រញាំ។ ជាពិសេសព្រះអង្គទតឃើញសត្វពស់មួយកំពុងលេបបង្គួយយ៉ាងពិបាក ហើយក៏មានសត្វខ្លែងមួយយ៉ាងធំមកឆាបខ្ញាំសត្វពស់នោះបន្ដទៀត។ ពេលនោះ ព្រះសិទ្ធត្ថកុមារ ដែលជាពោធិសត្វទ្រង់គង់ដោយបិទព្រះនេត្រ ហើយព្រះចិន្ដាថា៖ “ឱ! សត្វលោកទាំងឡាយកំពុងតែមានជីវិតរស់នៅសុខៗម្ដេចឡើយក៏សម្លាប់គ្នាទៅវិញទៅមកយ៉ាងដូច្នោះ?”។
បន្ទាប់ពីចប់ព្រះរាជពិធីច្រត់ព្រះនង្គ័លភ្លាម ព្រះមហាក្សត្រជាព្រះវររាជបិតា និងព្រះនាង បជាបតីគោតមី ជាព្រះរាជមាតុច្ឆាបានយាងរក ព្រះសិទ្ធត្ថកុមារ នៅក្រោមម្លប់ដើមព្រីងនោះភ្លាម។ ព្រះអង្គទាំងពីរ បានទតឃើញព្រះពោធិសត្វកំពុងស្មិងស្មាធិ៍នៅនឹងថ្កល់មួយកន្លែងយ៉ាងស្ងៀមស្ងាត់។ កាលទតឃើញនូវបាដិហារិយ៍បែបនេះ ព្រះរាជាទ្រង់ទម្លាក់ព្រះកាយក្រាបថ្វាយបង្គំព្រះរាជបុត្រ រួចហើយទ្រង់យាងត្រឡប់ទៅកាន់ព្រះរាជនិវេសនដ្ឋានវិញតែមួយអង្គឯង។ មិនយូរប៉ុន្មាន ព្រះពោធិ សត្វសិទ្ធត្ថ បើកព្រះនេត្រឡើងទ្រង់ទតឃើញព្រះមាតុច្ឆា បជាបតីគោតមី កំពុងញញឹមដាក់ព្រះអង្គ។ ព្រះពោធិសត្វ ទូលសួរទៅព្រះនាងថា៖ “បពិត្រព្រះមាតា! ទូលបង្គំគិតថា ទោះបីជា បព្វជិត ព្រាហ្មណ៍ ទាំងនោះខំសូត្រធម៌តាមគម្ពីរត្រៃវេទយ៉ាងណាក៏ដោយក៏មិនអាចជួយសង្គ្រោះដល់ជីវិតសត្វគោ ក្របី ជន្លេន ពស់ និងសត្វស្លាបទាំងអស់នោះបានដែរ”។ ព្រះនាង បជាបតីគោតមី ទ្រង់ពុំមានវាចាអ្វីក្រៅពីងក់ព្រះសិរសាតបព្រះអង្គវិញយ៉ាងស្ទាក់ស្ទើរនោះឡើយ។
ពិធីច្រត់ព្រះនង្គ័ល ជារាជពិធីបែប លទ្ធិព្រាហ្មណ៍ នៅពេលដែលរដូវវស្សា ចូលមក ដល់ភ្លៀង ចាប់ធ្លាក់ កសិករក៏ចាប់ផ្ដើមធ្វើស្រែចម្ការច្បារដំណាំតាមភូមិស្រុករៀងៗខ្លួន។ ដើម្បីបើកការដ្ឋាន កសិកម្មនេះ ព្រះរាជា ឬប្រមុខរដ្ឋតែងប្រារឰពិធីសុំទឹកភ្លៀង និងភ្ជួរស្រែ ដែលហៅថា ពិធីច្រត់ព្រះនង្គ័ល៕

រូបភាព៖ឯកសារ

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/A_7.jpg

ការសិក្សាស្រាវជ្រាវរកឃើញសត្វប្រភេទថ្មី និងប្រភេទជិតផុតព...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Orange.jpg

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឱ្យរក្សា និងពង្រីកការដាំដុះ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/HE Neth Phaktra.jpg

ក្រសួងព័ត៌មាន និងអង្គការសហប្រជាជាតិ ប្តេជ្ញាទប់ស្កាត់ព័...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Ministry of work.jpg

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តប្រតិភូយុវជននៃក...