ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

វីរកណ្តុរ Magawa រកឃើញគ្រាប់មីនជាង១០០គ្រាប់នៅកម្ពុជា

បានផ្សាយចេញ | ០៩ មេសា ២០២៦

វីរកណ្តុរ Magawa រកឃើញគ្រាប់មីនជាង១០០គ្រាប់នៅកម្ពុជា

ភ្នំពេញ៖ វីរកណ្តុរហិតមីន Magawa បានរកឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ១០០ គ្រាប់ លើផ្ទៃដីប្រមាណ ១៤១,០០០ ម៉ែត្រក្រឡា នៅលើទឹកដីកម្ពុជា ក្នុងអំឡុងឆ្នាំ ២០១៦ ដល់ ២០២០។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន ក្នុងពិធីសម្ពោធរូបសំណាកវីរកណ្តុរ Magawa របស់អង្គការដោះមីន APOPO កាលពីពេលថ្មីៗនេះ។

វីរកណ្តុរ Magawa ត្រូវបានផ្តល់មេដាយមាស PDSA (People’s Dispensary for Sick Animals) ពីចក្រភពអង់គ្លេស ក្នុងការទទួលស្គាល់ភាពក្លាហាន និងការចូលរួមសង្គ្រោះជីវិតមនុស្ស។ ជោគជ័យរបស់វាក្នុងការរកឃើញគ្រាប់មីនជាច្រើន បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅតាមតំបន់ដែលធ្លាប់រងផលប៉ះពាល់ពីសង្គ្រាម។

ឯកឧត្តម លី ធុជ បានថ្លែងថា អស់រយៈពេលជាច្រើនឆ្នាំ ប្រជាជនកម្ពុជាមួយចំនួនត្រូវរស់នៅលើដីដែលមិនមានសុវត្ថិភាព និងមានហានិភ័យខ្ពស់។ ទោះជាយ៉ាងណា ការចូលរួមរបស់វីរកណ្តុរ Magawa បានជួយលុបបំបាត់ហានិភ័យ និងស្ដារឡើងវិញនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ លទ្ធផលនៃការងារនេះ បានអនុញ្ញាតឱ្យកុមារអាចលេងដោយសុវត្ថិភាព កសិករអាចប្រកបរបរដោយសេរី និងសហគមន៍អាចអភិវឌ្ឍឡើងវិញដោយគ្មានការព្រួយបារម្ភ។

ឯកឧត្តមបានបន្ថែមថា កេរដំណែលរបស់ Magawa មិនត្រឹមតែជាកំណត់ត្រានៃការរកឃើញគ្រាប់មីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតស្តង់ដាថ្មីមួយសម្រាប់វិស័យដោះមីន គឺស្តង់ដានៃការអត់ធ្មត់ និងការជឿទុកចិត្តលើការងារ។ ជាមួយគ្នានេះ វាក៏បង្ហាញពីការលះបង់ និងភាពច្នៃប្រឌិតរបស់អង្គការ APOPO ក្នុងការនាំយកបច្ចេកទេសថ្មីៗមកអនុវត្តន៍នៅកម្ពុជា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបានរំលឹកអំពីទិវាអន្តរជាតិយល់ដឹងអំពីមីន និងជំនួយក្នុងសកម្មភាពមីន ក្រោមប្រធានបទ «វិនិយោគលើសន្តិភាព វិនិយោគលើសកម្មភាពមីន» ដែលបញ្ជាក់ថា ការដោះមីនមិនត្រឹមជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់សន្តិភាព ការពារជីវិតមនុស្ស ការស្ដារសេចក្តីថ្លៃថ្នូរ និងការបើកចំហឱកាសអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចយ៉ាងចីរភាពនៅកម្ពុជា៕




អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/Conference in Siem Reap for Media.jpg

សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០៖ កម្ពុជា ជ...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/H5N1.jpg

ក្រសួងសុខាភិបាល៖ រកឃើញករណីជំងឺផ្តាសាយបក្សីលើកុមារីអាយុ៣...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Launch Cross border.jpg

កម្ពុជា-វៀតណាម បើកច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម

https://theirrawaddydolphin.com/storage/photos/news/article/2025/September/Fresh Food.jpg

ផ្សារផលិតផលខ្មែរ ខេត្តកណ្តាល ចាប់ផ្តើមលក់កសិផលខ្មែរ នៅស...