ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ពីជំហានតូចៗក្នុងសារមន្ទីរ ទៅកាន់ការយល់ដឹងធំៗអំពីសេដ្ឋកិច្ចសម្រាប់យុវជនកម្ពុជា

បានផ្សាយចេញ | ១៤ ឧសភា ២០២៦ 74

ពីជំហានតូចៗក្នុងសារមន្ទីរ ទៅកាន់ការយល់ដឹងធំៗអំពីសេដ្ឋកិច្ចសម្រាប់យុវជនកម្ពុជា

សម្រាប់សិស្សានុសិស្សជាច្រើន ការសិក្សាអំពីសេដ្ឋកិច្ចមិនត្រឹមតែស្ថិតនៅលើសៀវភៅទៀតឡើយ ប៉ុន្តែបានក្លាយជាបទពិសោធផ្ទាល់ ដែលអាចមើលឃើញ ស្តាប់ និងយល់បានយ៉ាងច្បាស់នៅក្នុងសារមន្ទីរ។
នៅក្រោមដំបូលសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ ស.ស.រ) សិស្សានុសិស្សរាប់ពាន់នាក់បានឈ្វេងយល់ប្រវត្តិសាស្ត្ររូបិយវត្ថុកម្ពុជា ពីអតីតកាលដល់បច្ចុប្បន្ន តាមរយៈចំណេះដឹងដែលពួកគេធ្លាប់រៀនក្នុងថ្នាក់ឱ្យក្លាយជាការយល់ដឹងជាក់ស្តែង។



ភាពអស្ចារ្យនៃបទពិសោធនេះ មិនអាចកើតមានឡើងដោយឡែកបានឡើយ។ វាជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរ ស.ស.រ និងសមាគមធនាគារនៅកម្ពុជា ដែលបានបន្តអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបន្តដំណើរនៃការអប់រំផ្នែកសេដ្ឋកិច្ចសម្រាប់យុវជនកម្ពុជា។

ក្នុងរយៈពេលពីរឆ្នាំកន្លងមក កម្មវិធីនេះបានបើកទ្វារឱ្យសិស្សានុសិស្សប្រមាណ ១៥,០០០នាក់ មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តនានា មានឱកាសចូលមកឈ្វេងយល់ពីប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងតម្លៃនៃរូបិយវត្ថុជាតិ ដោយមិនបារម្ភអំពីចំណាយលើការធ្វើដំណើរ និងថ្លៃចូលទស្សនា។

សម្រាប់ពួកគេ មួយថ្ងៃនៅក្នុងសារមន្ទីរ មិនមែនជាការធ្វើដំណើរធម្មតា ប៉ុន្តែជាការបើកទ្វារទៅកាន់ពិភពចំណេះដឹងថ្មីៗ ដែលជួយពង្រីកទស្សនវិស័យ និងជំរុញការគិតអំពីអនាគតរបស់ខ្លួន។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ការបន្តកិច្ចព្រមព្រៀងនេះ គឺជាការបន្តលើជោគជ័យមុនៗ និងជាការប្តេជ្ញាចិត្តក្នុងការកសាងសមត្ថភាពយុវជន តាមរយៈការលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ច។

ខណៈដែលលោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ ក៏បានបង្ហាញថា ភាពជាដៃគូនេះ បានអនុញ្ញាតឱ្យសិស្សានុសិស្សរាប់ពាន់នាក់ មកសិក្សារៀនសូត្រពីអតីតកាល និងយល់ដឹងពីតម្លៃនៃប្រព័ន្ធហិរញ្ញវត្ថុ ដែលជាគន្លឹះសម្រាប់អនាគត។

ជាមួយគ្នានេះ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការបន្តអនុស្សរណៈនេះ គឺជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែង ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងការអប់រំយុវជន តាមរយៈបទពិសោធសិក្សាជាក់ស្តែង។

អនុស្សរណៈនេះ នឹងមានសុពលភាពរហូតដល់ឆ្នាំ២០២៧ ដោយបន្តបើកឱកាសឱ្យសិស្សានុសិស្សជាច្រើនទៀត ទទួលបានបទពិសោធដ៏មានតម្លៃនេះ៕
ប្រភព៖ សមាគមធនាគារនៅកម្ពុជា

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Closing Ceremony Film.jpg

ក្រសួងវប្បធម៌ បន្តផ្ដោតការអប់រំ និងបណ្តុះបណ្តាលសិល្បៈ ដ...

https://theirrawaddydolphin.com/storage/photos/news/article/2025/September/Fresh Food.jpg

ផ្សារផលិតផលខ្មែរ ខេត្តកណ្តាល ចាប់ផ្តើមលក់កសិផលខ្មែរ នៅស...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/HE  Hun Many.jpg

ស.ស.យ.ក. រៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» លើកតម្កើងវប...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Growth vegetable.jpg

ក្រសួងបរិស្ថានជំរុញចលនាបណ្តុះកូនឈើ និងដាំបន្លែ ក្នុងស្ម...