AIS បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី សាខាចោមចៅ

បានផ្សាយចេញ | ២២ សីហា ២០២៤

AIS បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី សាខាចោមចៅ

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីបន្ថែម សម្រាប់សាខាចោមចៅ ដែលជាសមិទ្ធផលមួយផ្សេងទៀត របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ។

គួរជម្រាបជូនថា ក្នុងអង្គពិធីនោះ មានការចូលរួមជាអធិបតីភាពពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី លោកជំទាវ អ៊ឹង លីហុង គណៈគ្រប់គ្រងសាលា ចាងហ្វាង លោកគ្រូ អ្នកគ្រូ រួមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត។

សម្រាប់អគារសិក្សាថ្មីនេះ គឺអាចដាក់សិស្សានុសិស្សបានរហូតដល់ទៅជាង ១២០០នាក់ ហើយក្នុងអគារសិក្សាទាំងមូល គួរឱ្យចង់សិក្សា មានភាពធំទូលាយ និងមានបរិយាកាសស្រស់ស្រាយ។ មួយវិញទៀត សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏មានការបំពាក់ទៅដោយសម្ភារបរិក្ខារទំនើបៗ និងសម្បូរបែប ដើម្បីបំពេញដល់ការសិក្សាស្រាវជ្រាវ និងធ្វើការពិសោធផ្សេងៗផងដែរ។

ជាការពិតណាស់ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀនឈានមុខគេមួយ ដែលទទួលសិស្សានុសិស្ស ចាប់ពីថ្នាក់ក្រោមមតេ្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២ អ្វីដែលកាន់តែពិសេស សាលារៀន អន្តរទ្វីប​ អាមេរិកាំង មានការបន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗ រួមមាន មុខវិជ្ជា បំណិនជីវិត និងមុខវិជ្ជាជំនាញជម្រើសដ៏សម្បូរបែបដូចជា គំនូរ របាំ តន្រី្ត កំណាព្យ គេហវិទ្យា ហត្ថកម្ម​ អប់រំកាយ និងកីឡា ដូចជា ការ៉ាតេ បាល់បោះ បាល់ទះ បាប៊ី វាយកូនឃ្លីលើតុ វាយកូនបាល់ ហែលទឹក និងកីឡាផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ សាលារៀនដ៏មានប្រជាប្រិយភាពមួយនេះ ក៏មានបន្ថែមនូវមុខវិជ្ជាកុំព្យូទ័រ ភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិត បណ្ណាល័យស្រាវជ្រាវពោរពេញដោយឯកសារគ្រប់កម្រិត និងគ្រប់ជំនាញ។



ចំណែកក្នុងអគារសិក្សា មានបន្ទប់ស្រាវជ្រាវ បន្ទប់សិក្សា ព្រមទាំងបន្ទប់ពិសោធន៍ ដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានផាសុកភាព។ ចំពោះលោកគ្រូ អ្នកគ្រូ មានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិសោធខ្ពស់ ក្នុងការបង្រៀនផ្សារភ្ជាប់នឹងបទពិសោធជាក់ស្តែង ទាំងនៅក្នុងថ្នាក់ និងក្រៅថ្នាក់ ដែលធ្វើឱ្យសិស្សានុសិស្ស មានការងាយយល់​ ចងចាំបានល្អ និងមានភាពច្នៃប្រឌិតខ្ពស់។

ជាងនេះទៅទៀត AIS មានការផ្តល់ជូននូវសេវាកម្មប្រឹក្សាពិនិត្យសុខភាព ការព្យាបាលជំងឺ និងសេវាកម្មប្រឹក្សាអប់រំ។ មានសេវាកម្មដឹកជញ្ជូន ប្រកបដោយសុវត្ថិភាព និងផាសុកភាព។ ជាពិសេស មានការបន្ថែមជូននូវកម្មវិធី ដំណើរទស្សនកិច្ចសិក្សា និងវគ្គសិក្ខាសាលាបណ្តុះបណ្តាលផ្សេងៗ។​ មានកម្មវិធីប្រកួតប្រជែងផ្សេងៗជាច្រើន ដូចជា ការប្រកួតគូរគំនូរ ការតាំងពិព័រណ៍ស្នាដៃសិស្ស ការប្រកួតចំណេះដឹងភូមិសាស្រ្តជាតិ ការប្រកួតនិទានរឿង ជាភាសាអង់គ្លេស ការប្រកួតពន្យល់ពាក្យភាសាខ្មែរ ការប្រកួតអាន និងតែងអត្ថបទជាភាសាខ្មែរ ការប្រកួតវប្បធម៌-អរិយធម៌ខ្មែរ ការប្រកួតកីឡា ការប្រឡងសិស្សពូកែ ម៉េងលី ជេ. គួច ប្រចាំឆ្នាំសិក្សា ការប្រឡងសិស្សពូកែ អាហារូបករណ៍ ម៉េងលី ជេ. គួច ការប្រឡងតែងសេចក្តី និងការចូលរួមសកម្មភាពសង្គម រួមមាន កម្មវិធីសប្បុរសធម៌ កម្មវិធីរៃអង្គាសថវិកា និងកម្មវិធីផ្សេងៗទៀតជាច្រើន។

យ៉ាងណាមិញ AIS ផ្តល់ជូននូវថ្នាក់សិក្សាចំណេះដឹងទូទៅបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសាលារៀន ក៏មានកម្មវិធីសិក្សាដ៏សម្បូរបែប ទាំងក្នុង និងក្រៅថ្នាក់រៀន ដែលអាចឱ្យសិស្សានុសិស្ស ជ្រើសរើស ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ពួកគាត់។

ចំពោះការបើកសម្ពោធអគារសិក្សាថ្មីបន្ថែមនេះ គឺដោយយោងទៅតាមកំណើនសិស្សានុសិស្ស ដែលចេះតែមានការកើនឡើងជាលំដាប់ ទើបសាលារៀន អន្តរទ្វីប អាមេរិកាំង បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីបន្ថែមទៀត ដើម្បីបំពេញដល់សេចក្តីត្រូវការរបស់សិស្សានុសិស្ស នៅក្នុងតំបន់ចោមចៅនេះ។


សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរសព្ទលេខ 011 388 868 ឬ 093 217 217                                                                                             ឬទាក់ទងតាមរយៈអ៊ីម៉ែល info@aii.edu.kh ឬ info@ais.edu.kh