មូលនិធិ ម៉េងលី ជេ. គួច ក្រោមការសហការឧបត្ថម្តដោយសាលារៀន អន្តរទ្វីប អាមេរិកាំង ចុះចែកអំណោយដល់សិស្សានុសិស្សគថ្លង់ប្រមាណជា១៥០នាក់ នៅវិទ្យាល័យអប់រំពិសេសច្បារអំពៅ

បានផ្សាយចេញ | ២៧ សីហា ២០២៤

មូលនិធិ ម៉េងលី ជេ. គួច ក្រោមការសហការឧបត្ថម្តដោយសាលារៀន អន្តរទ្វីប អាមេរិកាំង ចុះចែកអំណោយដល់សិស្សានុសិស្សគថ្លង់ប្រមាណជា១៥០នាក់ នៅវិទ្យាល័យអប់រំពិសេសច្បារអំពៅ

នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ មូលនិធិ ម៉េងលី ជេ. គួច (MJQ Foundation) ក្រោមការសហការឧបត្ថម្តដោយសាលារៀន អន្តរទ្វីប អាមេរិកាំង បានយកអំណោយសប្បុរធម៌ ទៅចែកជូនដល់សិស្សានុសិស្សគថ្លង់ នៃវិទ្យាល័យអប់រំពិសេសច្បារអំពៅ ដែលមានទីតាំងស្ថិតនៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងការចុះចែកអំណោយសប្បុរសធម៌នោះ មានការចូលរួមរបស់លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តំណាងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី លោក យួន សារ៉ាត់ ប្រធានគ្រប់គ្រងកម្មវិធីស្តីទីនៃមូលនិធិ ម៉េងលី ជេ. គួច និងក្រុមការងារ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ ចូលរួមយ៉ាងច្រើនកុះករ។

លោកស្រី រស់ យ៉ាណា បានលើកឡើងថា ការធ្វើសកម្មភាពសប្បុរសធម៌នេះ គឺយើងតែងតែធ្វើជារៀងរាល់ឆ្នាំ ដោយមួយឆ្នាំ មាន ៣ ទៅ ៤ ដង នៅតាមសហគមន៍នានា ទូទាំងប្រទេសកម្ពុជា។ ជាចុងបញ្ចប់ លោកស្រីបានផ្តែផ្តាំទៅសិស្សានុសិស្សដែលនៅទីនោះថា សូមឱ្យពួកគាត់ ខិតខំសិក្សារៀនសូត្រ ដើម្បីមានចំណេះដឹង និងជំនាញច្បាស់លាស់ ក្នុងការយកទៅប្រកបរបរចិញ្ចឹមជីវិត ហើយត្រូវធ្វើជាមនុស្សល្អ ពលរដ្ឋល្អ និងមានការរស់នៅល្អ នៅក្នុងសង្គម។

គួររំឭកជូនថា វិទ្យាល័យអប់រំពិសេស គឺជាគ្រឹះស្ថានសិក្សារដ្ឋ មានតួនាទីជាមណ្ឌលថែទាំកុមារគថ្លង់ ដែលត្រូវបានធ្វើសមាហរណកម្មពីអង្គការគ្រួសារថ្មីតាំងពីឆ្នាំ២០០៧ មកម្ល៉េះ។ បច្ចុប្បន្នសាលានេះ មាន២ទីតាំងក្នុងរាជធានីភ្នំពេញ រួមមាន វិទ្យាល័យអប់រំពិសេសច្បារអំពៅ និងវិទ្យាល័យអប់រំពិសេសសែនសុខ។ វិទ្យាល័យអប់រំពិសេស ផ្តល់ការគំាពារកុមារងាយរងគ្រោះ កុមារគថ្លង់ និងកុមារដែលមានពិការភាព ព្រមទាំងកុមារមានជំងឺអូទីស្សឹមផងដែរ។ កុមារដែលមករស់នៅក្នុងមណ្ឌលមួយនេះ មកពីបណ្តាខេត្តនានា ហើយបច្ចុប្បន្ន កំពុងទទួលបានការផ្គត់ផ្គង់លើការរស់នៅ ការហូបចុក ការសិក្សាចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដែលមានទាំងការសិក្សាក្នុងមណ្ឌលផ្ទាល់ និងនៅសាលារដ្ឋផងដែរ។

ចំណែកអំណោយដែលបានយកទៅចែកជូនដល់ប្អូនៗ និងសិស្សានុសិស្សគថ្លង់ទាំងនោះរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈអនាម័យ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារសិក្សារៀនសូត្រជាដើម។

លោក ម៉ែន សុវណ្ណ នាយកវិទ្យាល័យអប់រំពិសេសច្បារអំពៅ បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា វេជ្ជបណ្ឌិត   គួច ម៉េងលី គណៈគ្រប់គ្រងសាលា បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបាននាំយកអំណោយសប្បុរធម៌ មកចែកជូនដល់សិស្សានុសិស្សគថ្លង់ នៃវិទ្យាល័យអប់រំពិសេសច្បារអំពៅនៅក្នុងថ្ងៃនេះ។

មូលនិធិ ម៉េងលី ជេ. គួច តែងតែយកអំណោយសប្បុរសធម៌ ទៅចែកជូនដល់សហគមន៍នានាទូទាំងប្រទេសកម្ពុជា និងសិស្សានុសិស្សដែលមានការខ្វះខាតខាងសម្ភារៈសិក្សាជាដើម ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងជាលំដាប់។