អបអរសាទរ សាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបានទង់ជ័យលាភី ពីក្រសួងអប់រំ យុវជន និងកីឡា ដែលមានសិស្សានុសិស្សទទួលបាននិទ្ទេស A ច្រើនជាងគេ

បានផ្សាយចេញ | ២៧ កញ្ញា ២០២៤

អបអរសាទរ សាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបានទង់ជ័យលាភី ពីក្រសួងអប់រំ យុវជន និងកីឡា ដែលមានសិស្សានុសិស្សទទួលបាននិទ្ទេស A ច្រើនជាងគេ

កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានអញ្ជើញចូលរួមក្នុងកម្មវិធី “ទិវាគ្រូបង្រៀន ០៥ តុលា ក្រោមប្រធានបទ ការអភិវឌ្ឍគ្រូបង្រៀនដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ចំពោះការប្រារព្ធពិធីដ៏អធិកអធមនេះ លោកស្រី សាឯម កម្រង អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយទទួលបានទង់ជ័យលាភី ពីក្រសួងអប់រំ យុវជន​ និងកីឡា  ដែលមានសិស្សានុសិស្សទទួលបាននិទ្ទេស A  ច្រើនជាងគេ ឆ្នាំសិក្សា២០២២-២០២៣ សម័យប្រឡង ០៦ វិច្ឆិកា ឆ្នាំ២០២៣។

គួររំឭកជូនថា ការប្រារព្ធពិធីនេះឡើង គឺដើម្បីបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំឭកដឹងគុណដ៏ថ្លៃថ្លា ចំពោះគ្រូបង្រៀន នៅទូទាំងប្រទេស និងឱ្យសាធារណជនទូទៅ បានយល់ជ្រួតជ្រាប អំពីគុណតម្លៃនៃគ្រូបង្រៀន និងអត្ថន័យដ៏ជ្រាលជ្រៅនៃទិវានេះ។

ក្នុងអង្គពិធីនោះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាតិ អន្តរជាតិ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សានានា ក្រោមកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តោតទៅលើគុណភាព វិន័យ និង សេវាកម្ម ព្រមទាំងមានការរៀបចំសកម្មភាពសប្បុរសធម៌ជាហូរហែ និងទស្សនកិច្ចសិក្សាផងដែរនោះ ទើបធ្វើឱ្យសិស្សានុសិស្ស មានចិត្តស្រឡាញ់លើការសិក្សា យកចិត្តទុកដាក់លើការសិក្សា ហើយជាទីបំផុត ពួកគាត់ ក៏ទទួលបានចំណេះដឹងពីការសិក្សារបស់ពួកគាត់ដោយពិតប្រាកដ។

ដូច្នេះ សម័យប្រឡងក្នុងឆ្នាំសិក្សា២០២២-២០២៣ សិស្សានុសិស្សដែលបានសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបាននិទ្ទេសA ច្រើនជាងគេ ដែលនៅក្នុងនោះ ក៏មានទាំងសាលាសាធារណៈ និងឯកជនមួយចំនួនផ្សេងទៀតផងដែរ ដែលមានសិស្សានុសិស្សទទួលបាននិទ្ទេសល្អ នាសម័យប្រឡងឆ្នាំសិក្សា២០២២-២០២៣។