សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលសៀវភៅសិក្សាគោលអប់រំសុខភាព ជូនលោកគ្រូ អ្នកគ្រូថ្នាក់បឋមសិក្សាប្រមាណ២០០នាក់ នៅការិយាល័យកណ្តាល

បានផ្សាយចេញ | ២៧ កញ្ញា ២០២៤

សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលសៀវភៅសិក្សាគោលអប់រំសុខភាព ជូនលោកគ្រូ អ្នកគ្រូថ្នាក់បឋមសិក្សាប្រមាណ២០០នាក់ នៅការិយាល័យកណ្តាល

នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាព នៅសាលប្រជុំ សូវ ហុងគុយ (ជាន់ទី១៧) អគារ លីម គីមណយ ការិយាល័យកណ្តាល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
ក្នុងអង្គពិធីនោះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីលោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង គណៈគ្រប់គ្រងសាសា លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិក្ខាកាមប្រមាណ២០០នាក់។

ក្នុងកម្មវិធីនេះ សិក្ខាកាមចូល ក៏បានឡើងថ្លែងអំពីចំណាប់អារម្មណ៍លើការបណ្តុះបណ្តាលសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាពនេះ ដោយលោកបានលើកឡើងថា បញ្ហាសុខភាព មិនមែនមានត្រឹមតែពីរប៉ុណ្ណោះនោះទេ តែមានបី គឺបញ្ហាសុខភាពផ្លូវកាយ បញ្ហាសុខភាពផ្លូវចិត្ត និងបញ្ហាសុខភាពផ្លូវភេទផងដែរ។ លោកបានបន្តទៀតថា បញ្ហាសុខភាពផ្លូវភេទ ក៏ជាមុខវិជ្ជាដ៏សំខាន់មួយ ដែលយើងត្រូវលើកយកមកបង្ហាញដល់សិស្សានុសិស្ស ឱ្យបានយល់ជ្រួតជ្រាប ដើម្បីបញ្ចៀសនូវរាល់បញ្ហាដែលអាចនឹងកើតមានឡើងទៅលើពួកគាត់។

 លោក លី លាងសេង អនុប្រធាននាយកដ្ឋានសុខភាពសិក្សា ក៏បានលើកឡើងថា ចំពោះមុខវិជ្ជាអប់រំសុខភាព គឺជាមុខវិជ្ជាដ៏សំខាន់មួយ ដែលយើងត្រូវលើកយកមកបង្រៀន ដើម្បីឱ្យសិស្សានុសិស្ស មានការយល់ដឹង ហើយចេះការពារខ្លួនប្រកបដោយចំណេះដឹង។

លោកស្រី រស់​ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានមានប្រសាសន៍នៅក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាពនោះថា យើងត្រូវចេះដឹកនាំខ្លួនឯងឱ្យថ្លៃថ្លា ហើយយើងនឹងក្លាយទៅជាមនុស្សថ្លៃថ្លា និងពលរដ្ឋថ្លៃថ្លា សម្រាប់ប្រទេសជាតិរបស់យើង។ បន្ទាប់មក លោកស្រីក៏ប្រកាសបិទវគ្គបណ្តុះបណ្តាលសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាព ប្រកបដោយភាពជោគជ័យ។

គួរជម្រាបជូនថា វគ្គបណ្តុះបណ្តាលសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាព ជូនទៅដល់សិក្ខាកាមទាំងអស់នៅក្នុងថ្ងៃនេះ ដោយមានគោលបំណងបញ្រ្ជាបមុខវិជ្ជានេះ ទៅដល់លោកគ្រូ អ្នកគ្រូ ដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងផ្នែកសុខភាពយកទៅអនុវត្ត និងប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់។

[youtube:w7HUMDoH7fo]