មហាព្រឹត្តិការណ៍ TEDxAmerican Intercon School ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ!

បានផ្សាយចេញ | ១១ ធ្នូ ២០២៤

មហាព្រឹត្តិការណ៍ TEDxAmerican Intercon School ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ!

 

មហាព្រឹត្តិការណ៍ TEDxAmerican Intercon School ជាប្រវត្តិសាស្រ្ត ដែលត្រូវបានរៀបចំឡើង ដោយសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ នៅរោងភាពយន្ត Prime Cineplex Square រាជធានីភ្នំពេញ។

ក្នុងកម្មវិធីនោះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ វាគ្មិនកិត្តិយស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស យ៉ាងច្រើនកុះករ។

គួរជម្រាបជូនថា កម្មវិធី TEDxAmerican Intercon School គឺជាកម្មវិធីមួយដែលត្រូវបានរៀបចំឡើងដោយឯករាជភាព និងត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយTED។
កម្មវិធីនេះ ស្ថិតក្នុងទម្រង់នៃការនិយាយជាសាធារណៈ ដែលទាក់ទងទៅនឹងបទពិសោធក្រោមមូលបទជាក់លាក់ណាមួយ ដោយត្រូវធ្វើឡើងតាមរយៈការធ្វើបទបង្ហាញដែលមានលក្ខណៈខ្លី តែក្តោបនូវខ្លឹមសារដ៏មានន័យ សម្រាប់ទស្សនិកជន នៅក្នុងវិស័យសិក្សាអប់រំ។  

កម្មវិធី TEDxAmerican Intercon School គឺជាកម្មវិធីដ៏អស្ចារ្យមួយ ដែលអ្នកនិយាយវ័យក្មេង បានបង្កើតការផ្លាស់ប្តូរ ការពង្រឹងគំនិត និងការយល់ដឹង ព្រមដោយមានការចែករំលែកបទពិសោធនានាៗ ដ៏មានសក្តានុពល និងមានអត្ថប្រយោជន៍ក្នុងបរិបទសិក្សា សម្រាប់សង្គមកម្ពុជា។​ ដោយពេញមួយព្រឹកនោះនៃកម្មវិធី វាគ្មិនទាំងដប់រូប បានចែករំលែកគំនិតរបស់ពួកគេ ដើម្បីបំផុសគំនិត និងគិតឡើងវិញ នូវវិធីសាស្ត្រនៃការអប់រំឱ្យមានប្រសិទ្ធភាពសម្រាប់មនុស្សជំនាន់ក្រោយ។

មហាព្រឹត្តិការណ៍នេះ ស្ថិតក្រោមមូលបទ៖ ការប្រមើលមើលនៃវិស័យអប់រំនៅពេលអនាគត ស្របពេលការជំរុញក្នុងវិស័យអប់រំនៅក្នុងបច្ចុប្បន្ន!
ក្នុងមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនោះ យុវសិស្ស មាស រ៉ានីសា អ្នកដឹកនាំកម្មវិធី TEDxAmerican Intercon School បានថ្លែងមតិប្រកបដោយភាពក្លាហានថា ខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលនៅពីក្រោយនៃកម្មវិធីដ៏អស្ចារ្យនេះ។ យុវសិស្ស មាស រ៉ានីសា បានបន្តទៀតថា អ្វីដែលខ្ញុំបានរៀនកន្លងមក មិនមែនត្រឹមតែនៅក្នុងសាលាទាំងស្រុងនោះទេ។ ខ្ញុំធ្លាប់បានជួបមនុស្សជាច្រើន នៅជុំវិញពិភពលោក ដែលសុទ្ធតែជាអ្នកដឹកនាំ ហើយមានអ្នកខ្លះ អាយុ៦០ឆ្នាំទៅហើយ តែគាត់កំពុងរៀននៅសាកលវិទ្យាល័យនៅឡើយ ហើយនេះ គឺជាអ្វីដែលនៅពីក្រោយការមើលឃើញរបស់ខ្ញុំ។ មួយវិញទៀត ខ្ញុំធ្លាប់បានចូលរួមប្រកួតការវែកញែកជាសាធារណៈនៅក្រៅប្រទេសពីមុន ហើយតែងតែឃើញថា ប្រទេសនីមួយៗមានអ្នកតំណាងមកប្រកួត និងជាអ្នករៀបចំកម្មវិធីបែបនេះឡើងទៀតផង ដែលមានន័យថាប្រទេសទាំងអស់នោះគឺផ្តល់តម្លៃដល់អ្នកតំណាងប្រកួតជាអន្តរជាតិ និងការបំផុសគំនិតនៃវាគ្មិនរបស់ពួកគេ តើហេតុអ្វីកម្ពុជាមិនទាន់មានដែរ? ហេតុអ្វីយើងមិនផ្លាស់ប្តូរ ហើយដើរទៅមុខទាំងអស់គ្នា?

ចំណែក អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយ ដែលបានចូលរួមសម្ពោធកម្មវិធី TEDxAmerican Intercon School ដែលកម្មវិធីនេះ គឺជាការស្រមៃឡើងវិញ នូវការអប់រំ ស្របពេលកំពុងជំរុញការអប់រំនៅក្នុងបច្ចុប្បន្ន។ 

អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានបន្តទៀតថា ថ្ងៃនេះ TEDxAmerican Intercon School គឺជាកម្មវិធីដំបូងគេបង្អស់ របស់សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលរៀបចំឡើងដោយកិត្តិយស និងជាប្រវត្តិសាស្រ្ត ដែលយើងធ្វើឡើង មកនេះ គឺជា Flatform មួយ ដែលផ្តល់ឱកាសឱ្យសាលារៀន និងមជ្ឈមណ្ឌលភាសានានា ចូលរួមចែករំលែក និងផ្តល់មតិយោបល់ ស្តីអំពីការសិក្សា និងការអប់រំ។ ជាការពិតណាស់ កម្មវិធីនេះ សំខាន់បំផុតធ្វើឱ្យយើងរឹងមាំ មានភាពក្លាហាន និងហ៊ានច្នៃប្រឌិត ជាពិសេស វិស័យអប់រំ គឺជាថាមពលមួយ ដែលធ្វើឱ្យយើងផ្លាស់ប្តូរជីវិតដ៏អស្ចារ្យ នៅថ្ងៃអនាគត។

យ៉ាងណាមិញ យុវសិស្ស អ៊ឹង សង្រ្គា ដែលជាផ្នែកមួយនៃការរៀបចំកម្មវិធីនេះ បានថ្លែងថា ប្រធានបទនៃព្រឹត្តិការណ៍របស់យើងនៅថ្ងៃនេះគឺ "ការប្រមើលមើលនៃវិស័យអប់រំនៅពេលអនាគត ស្របពេលការជំរុញក្នុងវិស័យអប់រំនៅក្នុងបច្ចុប្បន្ន"  ដែលអនុញ្ញាតឱ្យយើង មើលឃើញទាំងបច្ចុប្បន្ន និងទៅអនាគតនៃការអប់រំ។ ជាការពិតណាស់ នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស អ្វីៗគ្រប់យ៉ាង គឺទាមទារការសម្របខ្លួន និងការច្នៃប្រឌិតខ្ពស់។ ពិតមែនហើយ ពលរដ្ឋក្នុងពិភពលោក ត្រូវស្រមៃមើលទៅអនាគតសម្រាប់ខ្លួនគេ និងមនុស្សជំនាន់ក្រោយ ជាពិសេស ក្នុងវិស័យអប់រំ។

យុវសិស្ស អ៊ឹង សង្រ្គា បានថ្លែងបន្តទៀតថា នេះជាលើកទីមួយហើយ ដែលសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធី TEDx នេះឡើង ដែលជាវេទិកាចែករំលែកចំណេះដឹងក្នុងវិស័យអប់រំដ៏ល្បីល្បាញនៅទូទាំងពិភពលោក។ ទោះជានេះបទពិសោធដំបូងក៏ដោយ ព្រឹត្តិការណ៍ក្នុងថ្ងៃនោះ គឺជាភាពជោគជ័យមួយដ៏មិនគួរឱ្យជឿ ដែលបានធ្វើឡើងដើម្បីសង្គមរបស់យើង តាមរយៈការធ្វើបទបង្ហាញ និងការលើកឡើងរបស់វាគ្មិនដ៏ឆ្នើម និងគំនិតផ្តួចផ្តើមក្នុងភាពជាអ្នកដឹកនាំរបស់អ្នករៀបចំកម្មវិធី និងអ្នកស្ម័គ្រចិត្តរបស់យើង។

កម្មវិធី TEDxAmerican Intercon School គឺជាកម្មវិធីដ៏អស្ចារ្យមួយ ដែលសាលារៀន អន្តរទ្វីប អាមេរិកាំង នាំយកមកបង្ហាញជាប្រវត្តិសាស្រ្ត ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ទៅក្នុងអនាគត។