គណៈគ្រប់គ្រង SOGO នឹងរៀបចំដំណើរចុះកម្មសិក្សាទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្រាប់សិស្សានុសិស្ស នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលមានអាយុចាប់ពី១៦ឆ្នាំ និងសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលរៀនថ្នាក់ទី១០ ដល់ទី១២ ដោយដំណើរចុះកម្មសិក្សានេះ មានរយៈពេល៥យប់ ៦ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។
ចំពោះការរៀបចំកម្មវិធីចុះកម្មសិក្សានេះ ក៏មានកិត្តិយស ដើម្បីជម្រាបជូនដំណឹងដល់លោក លោកស្រី ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងឡាយ ឱ្យបានជ្រាប និងដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្ស ឱ្យទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមទៀត ពីលើមេរៀនដែលមាននៅក្នុងថ្នាក់ ដូចខាងក្រោម៖
១. ស្វែងយល់អំពីការសិក្សារបស់សិស្ស និងនិស្សិតនៅសាកលវិទ្យាល័យ Beijing Foreign Studies
University នៅទីក្រុងប៉េកាំង។
២. ចេះផ្សារភ្ជាប់ការសិក្សា និងកំណត់គោលដៅនៃការសិក្សាបន្តនៅមហាវិទ្យាល័យ។
៣. អនុវត្តការប្រើប្រាស់ភាសាអង់គ្លេសជាយានក្នុងការប្រាស្រ័យទាក់ទងជាក់ស្តែង។
៤. សិក្សាស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាជន និងវប្បធម៌បរទេស។
៥. ទស្សនារមណីយដ្ឋានមួយចំនួន និងសិក្សាអំពីតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងទីក្រុងប៉េកាំង។
៦. ទស្សនាទីក្រុង និងសិក្សាស្វែងយល់អំពីវិមានពាណិជ្ជកម្មល្បីៗ និងនិមិត្តរូបតំណាងតំបន់។
៧. សិក្សាពីស្ថានភាពភូមិសាស្ត្រនៃតំបន់មួយចំនួន ជាពិសេសគឺការរីកចម្រើនផ្នែកប្រព័ន្ធហេដ្ឋា រចនា
សម្ព័ន្ធ សេដ្ឋកិច្ច និងបច្ចេកវិទ្យាយ៉ាងឆាប់រហ័សក្នុងទីក្រុងប៉េកាំង។
៨. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ ភាពម្ចាស់ការ សាមគ្គីភាព ឯករាជ្យភាព ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជន។
៩. បានឆ្លុះបញ្ចាំង និងប្រៀបធៀបខ្លឹមសារដែលបានសិក្សានៅក្នុងមេរៀនទៅនឹងស្ថានភាពជាក់ស្ដែងរបស់ប្រទេសរីកចម្រើន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
សម្រាប់ព័ត៌មានលម្អិត ដែលទាក់ទងនឹងការចុះឈ្មោះចុះកម្មសិក្សានេះ សូមទាក់ទងមកកាន់ការិយាល័យកិច្ចការសិស្ស នៅគ្រប់សាខានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នៅរៀងរាល់ម៉ោងធ្វើការ។