អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ៖ “សារមន្ទីរនាពេលអនាគត”
អត្ថបទដកស្រង់ដោយ : ស្តើង សារ៉េត
#MJQE#AmericanInterconSchool
នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ យើងបានសង្កេតឃើញថាការជួបប្រទះនូវសិល្បៈ ប្រវត្តិសាស្រ្ត និងវប្បធម៌កំពុងមានការវិវត្ត។ ការតាំងពិព័រណ៍ដ៏អស្ចារ្យនីមួយៗ តាមបណ្ដាប្រទេសនានា បានផ្តល់ជូននូវការលាយបញ្ចូលគ្នាដ៏អស្ចារ្យនៃបច្ចេកវិទ្យា និងការច្នៃប្រឌិត ដែលញ៉ាំងឱ្យអ្នកទស្សនា អាចឆ្ពោះទៅកាន់អាណាចក្រនៃរបកគំហើញថ្មី។ ការតាំងពិព័រណ៍ទាំងនេះ មិនមែនគ្រាន់តែជាការមើលសិល្បៈ ឬការអានអំពីប្រវត្តិសាស្ត្រប៉ុណ្ណោះទេ។ សារមន្ទីរខ្លះ ប្រៀបដូចជាកតាលីករជំរុញឱ្យអ្នកទស្សនាកំពុងឈានជើងចូលទៅមើលនូវអ្វីដែលជារបកគំហើញថ្មី តាមរយៈផ្ទាំងគំនូរ បច្ចេកវិទ្យាទំនើបផ្សេងៗ ដែលមនុស្សបានបង្កើត និងរៀបចំឡើង។
សារមន្ទីរនៃអនាគតកាល បានដាក់បើកជាផ្លូវការក្នុងគោលដៅដើម្បីប្រែក្លាយជាកន្លែងបណ្តុះគំនិត និងការច្នៃប្រឌិត។ នៅឆ្នាំ២០២២ សារមន្ទីរនេះ ត្រូវបានសម្ពោធដោយព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum។ គោលបំណងនៃសារមន្ទីរនេះ គឺដើម្បីជាកន្លែងដំបូងក្នុងការឆ្ពោះទៅរកអនាគតកាល ជាជាងអតីតកាល។ វាត្រូវបានគេនិយាយថា អ្វីគ្រប់យ៉ាងដែលដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ ត្រូវបានព្យាករណ៍ថានឹងមាននៅក្នុងឆ្នាំ២០៧១។
សារមន្ទីរនេះ មានចំនួន៧ជាន់ ដែលមានប្រាំជាន់ទុកសម្រាប់ការតាំងពិព័រណ៍ដោយផ្អែកលើប្រធានបទផ្សេងៗគ្នា។ ការធ្វើដំណើររបស់ភ្ញៀវចាប់ផ្តើមពីជាន់ទី៥ ហើយគេនឹងនាំភ្ញៀវចុះពីជាន់នីមួយៗទៅជាន់ក្រោមវិញ។
១. ជាន់ទីប្រាំ - Orbital Space Station (OSS) Hope :
ប្រធានបទនៃជាន់នេះ ផ្តោតលើជីវិតនៅក្នុងលំហក្នុងឆ្នាំ២០៧១ ហើយស្វែងយល់ពីរបៀបដែលអនាគតនៃការធ្វើដំណើរក្នុងលំហ អាចជួយមនុស្សជាតិដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ។
២. ជាន់ទីបួន - វិទ្យាស្ថាន HEAL :
រំលេចអំពីបរិស្ថានវិទ្យា និងជីវចម្រុះនាពេលអនាគត ដែលអ្នកទស្សនា អាចផ្តោតលើការជួសជុល ស្តារ និងបង្កើតជីវិតឡើងវិញនៅលើភពផែនដី។
៣. ជាន់ទីបី - Al Waha:' 'Al Waha الواحة ជាភាសាអារ៉ាប់សម្រាប់ 'Oasis :
អ្នកទស្សនា អាចទទួលបានបទពិសោធនៃការព្យាបាលផ្សេងៗ គ្នានៅជាន់នេះ ដើម្បីភ្ជាប់ទៅនឹងអារម្មណ៍របស់ពួកគេឱ្យដក់ផ្តោតអារម្មណ៍ និងដិតជាប់។
៤. ជាន់ទីពីរ - ថ្ងៃស្អែក ថ្ងៃនេះ :
ជាន់នេះ បង្ហាញពីបច្ចេកវិទ្យាទំនើបៗ និងគំនិតច្នៃប្រឌិត ដោយលើកឡើងនូវដំណោះស្រាយសម្រាប់ពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។ ជាន់នេះ ក៏ឆ្លុះបញ្ចាំងពីការងាររបស់សារមន្ទីរជាមួយនឹងដៃគូយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ ព្រោះវាដើរតួជាកន្លែងបង្កើត និងជាបន្ទប់ពិសោធសម្រាប់ការប្រមើលមើលជាសកល។
៥. ជាន់ទីមួយ - វីរបុរសនាពេលអនាគត :
ជាន់នេះ ត្រូវបានបង្កើតឡើងចំពោះកុមារដែលមានអាយុក្រោម១០ឆ្នាំ និងផ្តល់នូវសកម្មភាពអន្តរកម្ម ការលេងដោយដៃ និងការប្រកួតប្រជែងដោយផ្អែកលើរង្វាន់ ដើម្បីលើកទឹកចិត្តដល់ការសហការ និងការច្នៃប្រឌិត រួមទាំងការរចនារូបតំណាងផ្ទាល់ខ្លួនរបស់ពួកគេ។ ជាន់នេះ ពោរពេញទៅដោយឧបករណ៍ទំនើបៗ ដែលមនុស្សបានបង្កើតឡើងសម្រាប់បម្រើ ឬជំនួសផលប្រយោជន៍ណាមួយដល់មនុស្សនាពេលអនាគត។