អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទ “ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង”
អត្ថបទដកស្រង់ដោយ : ឥន កែវកន្និដ្ឋា
#MJQE #AmericanInterconSchool
ទម្លាប់រស់នៅវិជ្ជមាន មានឥទ្ធិពលយ៉ាងខ្លាំងលើសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយអាចជួយឱ្យមនុស្សមានអាយុកាលវែងជាងមនុស្សរស់នៅអវិជ្ជមាន។ ពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សយើងកំពុងរស់នៅក្នុងសង្គមមួយដែលស្ថានភាពសុខភាពប្រជាជនកាន់តែខ្សោយទៅៗ។ បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់នៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន៤សំខាន់ៗដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។ កត្តានេះ កំពុងមានឥទ្ធិពលយ៉ាងខ្លាំងមកលើសុខភាពសង្គម និងបង្កើនសម្ពាធលើប្រព័ន្ធសុខាភិបាល។
ការស្រាវជ្រាវបានរកឃើញថា បុគ្គលដែលបានផ្លាស់ប្ដូរអាកប្បកិរិយារស់នៅតាមរបៀបវិជ្ជមាន ដោយមានទម្លាប់ហាត់ប្រាណជារៀងរាល់ថ្ងៃជួយបន្ថយសម្ពាធឈាម បន្ថយជាតិស្ករក្នុងឈាម និងអាចកាត់បន្ថយហានិភ័យនៃការស្លាប់ ដោយសារមូលហេតុទូទៅបានក្នុងអត្រា ២៧ភាគរយ។ សម្រាប់មនុស្សចាស់ គឺទទួលបានអត្ថប្រយោជន៍ច្រើនជាងនេះទៅទៀត។ ចំពោះមនុស្សដែលមានអាយុពី ៤៥ ទៅ ៦៤ ឆ្នាំ ដែលមានទម្លាប់ហាត់ប្រាណជាប់ជាប្រចាំរយៈពេល៣ឆ្នាំ អាចកាត់បន្ថយហានិភ័យនៃការស្លាប់បាន ៣៨ភាគរយ។ ខណៈ អ្នកមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ការកាត់បន្ថយនេះអាចកើនឡើងរហូតដល់ ៥២ភាគរយ។ ដូច្នេះ មានន័យថា ទម្លាប់ និងរបៀបរស់នៅវិជ្ជមាន ពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សចាស់។
ទន្ទឹមនឹងនេះ អ្នកដែលដើរបាន ៧,៥០០ ជំហាន ចំនួន៥ដងក្នុងមួយសប្ដាហ៍ រយៈពេល២ឆ្នាំជាប់គ្នា អាចកាត់បន្ថយជំងឺទឹកនោមផ្អែមប្រភេទទី២ បានចំនួន៤១ភាគរយ និងហានិភ័យនៃជំងឺមហារីកដំណាក់កាលទី៤ ចំនួន៣៦ភាគរយ។ ការរកឃើញទាំងនេះ គឺជាភស្តុតាងដែលបង្ហាញពីអនុភាពនៃមនុស្សដែលមានទម្លាប់គិតវិជ្ជមាន ឬអនុវត្តសមាធិធ្វើឱ្យសារធាតុស្រ្តេសថយចុះ បង្កើនអារម្មណ៍សុខសាន្ត ហើយទទួលបានសុខភាពល្អ មិនចាំបាច់មានការចំណាយប្រាក់ច្រើននោះទេ។ ប៉ុន្តែយើងត្រូវចាប់ផ្ដើមពីសកម្មភាពតូចៗ ហើយផ្លាស់ប្ដូរអាកប្បកិរិយារស់នៅ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://education.ams.com.kh