អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “ឧទ្យានជាតិឋានសួគ៌ជីវចម្រុះដ៏សម្បូរបែប ជាមួយទេសភាពធម្មជាតិទាក់ភ្នែក”
អត្ថបទដកស្រង់ដោយ៖ អ៊ាវ ណារី
#MJQE #AmericanInterconSchool
ប្រទេសនីមួយៗនៅលើពិភពលោកយើងនេះ មានទេសភាពប្លែកៗ ហើយប្រទេសខ្លះជាដីគោក ហើយខ្លះទៀតជាដីកោះ។ យ៉ាងណាមិញប្រទេសឥណ្ឌូនេស៊ីជាប្រទេសដីកោះ ដែលមានទំហំធំជាងគេក្នុងអាស៊ីអាគ្នេយ៍។ ឧទ្យានជាតិ Lorentz ដែលស្ថិតនៅខេត្ត Papua ប្រទេសឥណ្ឌូណេស៊ី គឺជាគោលដៅធម្មជាតិដ៏អស្ចារ្យបំផុតមួយនៅលើពិភពលោក។ ឧទ្យាននេះមានភាពល្បីល្បាញដោយសារភាពចម្រុះនៃប្រព័ន្ធអេកូឡូស៊ី ដែលលាតសន្ធឹងពីជួរភ្នំដែលគ្របដណ្តប់ដោយទឹកកក រហូតដល់ព្រៃកោងកាង និងឆ្នេរសមុទ្រត្រូពិច។
ឧទ្យានជាតិ Lorentz គឺជាកន្លែងតែមួយគត់នៅលើផែនដីដែលអ្នកអាចមើលឃើញទឹកកកនៅតំបន់ត្រូពិច។ ទឹកកកនៅទីនេះគឺជាសញ្ញាណនៃភាពអស្ចារ្យធម្មជាតិ។ ក្រៅពីនេះ ឧទ្យាននេះមានព្រៃភ្នំ ទេសភាព និងតំបន់វាលភក់ដែលសម្បូរទៅដោយរុក្ខជាតិកម្រ។ ទន្ទឹមនឹងទេសភាពដ៏អស្ចារ្យនេះ វាក៏ជាតំបន់ដែលមានជីវចម្រុះដ៏សម្បូរបែប ហើយនៅក្នុងឧទ្យាននេះក៏ជាជម្រករបស់ប្រភេទសត្វ និងរុក្ខជាតិជាច្រើនដែលមិនអាចរកឃើញនៅកន្លែងផ្សេង។ សត្វស្លាបជាង៦០០ប្រភេទ និងថនិកសត្វជាង១២០ប្រភេទ។ ក្នុងឧទ្យាននេះក៏មានភាពសម្បូរបែប ដោយមានប្រភេទរុក្ខជាតិជាច្រើនដែលជួយរក្សាតុល្យភាពអេកូឡូស៊ី។ មិនតែប៉ុណ្ណោះក៏មានសត្វកម្រដូចជា សត្វបក្សីឋានសួគ៌ (Birds of Paradise) គឺជាចំណុចទាក់ទាញសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។
ឧទ្យានជាតិ Lorentz គឺជាតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូ (UNESCO) និងជាឧទ្យានជាតិដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានផ្ទៃដីជាង២.៥លានហិកតា។ ឧទ្យាននេះជាឋានសួគ៌នៃជីវចម្រុះដ៏សម្បូរបែបចាប់ពីកម្ពស់ទឹកសមុទ្ររហូតដល់ភ្នំទឹកកក Puncak Jaya ដែលខ្ពស់ជាងគេនៅឥណ្ឌូណេស៊ី៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://social.sabay.com.kh