អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការអប់រំ
ក្រោមប្រធានបទ “មុខងារពិសេស និងអត្ថប្រយោជន៍របស់ NotebookLM សម្រាប់ការបង្រៀន និងរៀន”
អត្ថបទដកស្រង់ដោយ : ឡោ ណាវុធ
#MJQE #AmericanInterconSchool
ក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence: AI) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរវិស័យអប់រំ។ NotebookLM ជាឧបករណ៍ឌីជីថលមួយ ដែលអភិវឌ្ឍដោយក្រុមហ៊ុន Google។ ខុសពីកម្មវិធី AI ទូទៅ NotebookLM ត្រូវបានរចនាឡើងដើម្បីធ្វើការជាមួយឯកសាររបស់អ្នកប្រើប្រាស់ដោយផ្ទាល់ ដែលធ្វើឱ្យវាក្លាយជាជំនួយការដ៏មានប្រសិទ្ធភាពសម្រាប់ការបង្រៀន ការរៀន ការស្រាវជ្រាវ និងការគ្រប់គ្រងចំណេះដឹង។
តើ NotebookLM ជាអ្វី?
NotebookLM គឺជាជំនួយការសិក្សា និងស្រាវជ្រាវដែលដំណើរការដោយបច្ចេកវិទ្យា Gemini AI របស់ Google។ វាអាចអាន និងវិភាគឯកសារដែលអ្នកប្រើប្រាស់បញ្ចូល ហើយផ្តល់ការឆ្លើយតបដោយផ្អែកលើខ្លឹមសារនៃឯកសារទាំងនោះជំនួសឱ្យការផ្អែកតែលើចំណេះដឹងទូទៅ។ NotebookLM អាចគាំទ្រការបញ្ចូលឯកសារជាច្រើនប្រភេទដូចជា PDF Google Docs Google Slides គេហទំព័រ (Web Pages) កំណត់ចំណាំមេរៀន អត្ថបទស្រាវជ្រាវ និងឯកសារសិក្សាផ្សេងៗ។ បន្ទាប់ពីបញ្ចូលឯកសារ អ្នកប្រើប្រាស់អាចសួរសំណួរ ស្នើឱ្យសង្ខេបខ្លឹមសារ កំណត់គន្លឹះសំខាន់ៗ ឬបង្កើតសម្ភារៈសម្រាប់សិក្សាបានយ៉ាងងាយស្រួល។
មុខងារពិសេសរបស់ NotebookLM :
NotebookLM មានមុខងារទំនើបជាច្រើនដែលធ្វើឱ្យវាលេចធ្លោក្នុងចំណោមឧបករណ៍ AI ផ្សេងៗ៖
១. ការឆ្លើយតបផ្អែកលើឯកសារ : NotebookLM ផ្តល់ចម្លើយដោយផ្អែកលើឯកសារដែលអ្នកប្រើប្រាស់បានបញ្ចូល ដូច្នេះព័ត៌មានមានភាពត្រឹមត្រូវ និងពាក់ព័ន្ធជាមួយមេរៀន។
២. ការសង្ខេបដោយស្វ័យប្រវត្តិ : វាអាចសង្ខេបអត្ថបទវែងៗ ឬឯកសារស្រាវជ្រាវឱ្យខ្លី និងច្បាស់លាស់ដើម្បីជួយសន្សំពេលវេលា។
៣. ការបង្កើតមគ្គុទ្ទេសក៍សិក្សា : NotebookLM អាចបង្កើតគន្លឹះសំខាន់ៗ សំណួរពិនិត្យចំណេះដឹង ផែនទីគំនិត និងឯកសារត្រៀមប្រឡងដោយស្វ័យប្រវត្តិ។
៤. មុខងារ Audio Overview : មុខងារពិសេសនេះអាចបង្កើតការពន្យល់ជាសំឡេងក្នុងទម្រង់ដូចជា កម្មវិធី Podcast ដែលជួយឱ្យអ្នកសិក្សាអាចរៀនដោយការស្តាប់បានគ្រប់ទីកន្លែង។
៥. ការរៀបចំឯកសារស្រាវជ្រាវ៖ NotebookLM អនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងឯកសារជាច្រើននៅក្នុង Notebook តែមួយ ដែលជួយសម្រួលដល់ការប្រៀបធៀប និងវិភាគព័ត៌មាន។
អត្ថប្រយោជន៍សម្រាប់ការបង្រៀន :
NotebookLM អាចជួយដល់ការបង្រៀនដោយបង្កើនប្រសិទ្ធភាពក្នុងការរៀបចំ និងអនុវត្តការបង្រៀនដូចជា៖ សង្ខេបឯកសារមេរៀន និងកម្មវិធីសិក្សាដែលមានខ្លឹមសារវែង។ រៀបចំផែនការបង្រៀនបានកាន់តែលឿន បង្កើតសំណួរប្រឡង សំណួរពិភាក្សា និងលំហាត់អនុវត្ត។ រៀបចំមគ្គុទ្ទេសក៍សិក្សា និងឯកសារត្រៀមប្រឡង។ វិភាគអត្ថបទស្រាវជ្រាវ និងឯកសារវិជ្ជាជីវៈ។ រៀបចំ និងគ្រប់គ្រងឯកសារបង្រៀនឱ្យមានរបៀបរៀបរយ ហើយការប្រើប្រាស់ NotebookLM ជួយកាត់បន្ថយពេលវេលារៀបចំការងារដើម្បីឱ្យគ្រូអាចផ្តោតសំខាន់លើការបង្រៀន និងការគាំទ្រសិស្សបានកាន់តែប្រសើរ។
អត្ថប្រយោជន៍សម្រាប់សិស្ស :
NotebookLM ដើរតួជាជំនួយការសិក្សាផ្ទាល់ខ្លួន ដែលជួយសិស្សអភិវឌ្ឍការរៀនដោយខ្លួនឯង និងការសិក្សាប្រកបដោយប្រសិទ្ធភាព ដូចជា៖ សង្ខេបកំណត់ចំណាំ និងមេរៀន ស្វែងយល់ពីប្រធានបទពិបាកតាមរយៈការពន្យល់ដែលងាយយល់ សួរសំណួរអំពីខ្លឹមសារនៃឯកសារដែលបានបញ្ចូល រៀបចំកំណត់ចំណាំសម្រាប់ត្រៀមប្រឡង។ បង្កើតបណ្ណសំណួរ (Flashcards) និងមគ្គុទ្ទេសក៍សិក្សា។ រៀបចំគម្រោងស្រាវជ្រាវ និងកិច្ចការសិក្សាបានយ៉ាងមានប្រសិទ្ធភាព។
អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពី៖ https://notebooklm.google/