អត្ថបទព័ត៌មានស្តីពីការកម្សាន្ត និងការអប់រំ
ក្រោមប្រធានបទ “ការនាំកុមារកម្សាន្ត និងលេងល្បែងសប្បាយៗ នឹងជំរុញដល់ការលូតលាស់ និងមានសុខភាពល្អ”
អត្ថបទដកស្រង់ដោយ : ឥន កែវកន្និដ្ឋា
#MJQE #AmericanInterconSchool
ក្នុងជីវិតប្រចាំថ្ងៃឪពុកម្ដាយតែងតែមានការងារ និងភារកិច្ចជាច្រើនដែលត្រូវបំពេញ។ ទន្ទឹមនឹងការយកចិត្តទុកដាក់លើការសិក្សារបស់កូនៗ ការចំណាយពេលកម្សាន្តជាមួយគ្រួសារ ក៏ជាផ្នែកមួយដ៏សំខាន់ដែលមិនគួរមើលរំលងផងដែរ។ ការកម្សាន្តជាមួយគ្រួសារមិនមែនជាពេលវេលាសម្រាប់សម្រាក និងសប្បាយប៉ុណ្ណោះទេ ប៉ុន្តែជាពេលដ៏មានតម្លៃសម្រាប់កុមាររៀន ស្វែងយល់ និងរីកចម្រើន។ ខាងក្រោមនេះ គឺជាចំណុចមួយចំនួនដែលឪពុម្តាយគួរសាកល្បងអនុវត្តដើម្បីជួយជំរុញដល់ការលូតលាស់ និងជួយឱ្យកូនៗមានសុខភាពល្អ៖
១. បង្កើតភាពស្និទ្ធស្នាលក្នុងគ្រួសារ :
នៅពេលឪពុកម្ដាយចំណាយពេកលេង ធ្វើដំណើរ ញ៉ាំអាហារ ឬនិយាយលេងជាមួយកូន កុមារនឹងមានអារម្មណ៍ថាពួកគេត្រូវបានការស្រឡាញ់ និងយកចិត្តទុកដាក់។ ពេលវេលាទាំងនេះជួយបង្កើតទំនាក់ទំនងរឹងមាំរវាងឪពុកម្ដាយ និងកូន។
២. ជួយអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ :
តាមរយៈការលេង និងធ្វើសកម្មភាពជាមួយគ្រួសារកុមារអាចរៀនចេះស្ដាប់ ចេះចែករំលែក ចេះសហការ និងគោរពអ្នកដទៃ។ ពួកគេមានឱកាសបញ្ចេញអារម្មណ៍ និងរៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានល្អប្រសើរឡើង។
៣. លើកកម្ពស់សុខភាពរាងកាយ :
ការជិះកង់ ដើរលេង ហែលទឹក ឬលេងកីឡាជាមួយគ្រួសារជួយឱ្យកុមារមានសកម្មភាពរាងកាយ និងបង្កើតទម្លាប់រស់នៅដែលមានសុខភាពល្អ ជាពិសេសជួយឱ្យកុមារកាត់បន្ថយការចំណាយពេលនៅមុខអេក្រង់ច្រើនពេក។
៤. បង្កើតអនុស្សាវរីយ៍ល្អៗសម្រាប់កូន :
ពេលវេលាដែលគ្រួសារចំណាយពេលជាមួយគ្នា អាចក្លាយជាអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់កុមារនៅពេលពួកគេធំឡើង។
ដូចនេះសូមឪពុកម្ដាយ ឆ្លៀតពេលពីការងារ និងភាពមមាញឹកក្នុងជីវិតប្រចាំថ្ងៃ ដើម្បីចំណាយពេលជាមួយកូនៗ ការលេងជាមួយកូន ការស្ដាប់កូន និងការសើចជាមួយកូននៅថ្ងៃនេះអាចក្លាយជាអំណោយដ៏មានតម្លៃសម្រាប់អនាគតរបស់ពួកគេ៕