របៀបលុប Session ក្នុង Telegram ករណីសង្ស័យមានគេលួចប្រើគណនីរបស់អ្នក

បានផ្សាយចេញ | ០១ កុម្ភៈ ២០២៤

របៀបលុប Session ក្នុង Telegram ករណីសង្ស័យមានគេលួចប្រើគណនីរបស់អ្នក

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “របៀបលុប Session ក្នុង Telegram ករណីសង្ស័យមានគេលួចប្រើគណនីរបស់អ្នក!”
អត្ថបទដកស្រង់ដោយ : សំ សក្កដា
#MJQE #AmericanInterconSchool

Telegram គឺកម្មវិធីមួយដ៏ពេញនិយម ដែលត្រូវបានគេស្គាល់ជាទូទៅថាជាការជជែកសម្ងាត់ និងការហៅជាវីដេអូ ការចែករំលែកឯកសារ និងមុខងារជាច្រើនទៀត។ វាត្រូវបានដាក់ឱ្យដំណើរការសម្រាប់ប្រព័ន្ធ អាយ អូ អេស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ និងអេនដ្រយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ ។ បច្ចុប្បន្ន កម្មវិធី Telegram បានក្លាយជាកម្មវិធីផ្ញើសារអេឡិចត្រូនិកដ៏កំពុងពេញនិយមជាងគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រើប្រាស់នៅតាមបណ្តាស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានសិក្សានានា ដើម្បីបញ្ជូនព័ត៌មាន រូបភាព វីដេអូ និងឯកសារផ្សេងៗទៅវិញទៅមក។ ដើម្បីសម្រួលដល់ការប្រើប្រាស់កម្មវិធី Telegram អាចដំឡើង និងប្រើប្រាស់លើទូរសព្ទដៃ កុំព្យូទ័រ ឬដំណើរការតាមផ្ទាំងអ៊ីនធឺណេត (Browser) ដោយគ្រាន់តែធ្វើការផ្ទៀងផ្ទាត់គណនី (login) ជាមួយនឹងលេខកូដចំនួន០៥ខ្ទង់ ដែលផ្ញើទៅកាន់លេខទូរសព្ទរបស់ម្ចាស់គណនីប៉ុណ្ណោះ។


ទន្ទឹមគ្នានេះដែរ មានជនខិលខូចមួយចំនួនបានធ្វើការលួចដំណើរការគណនី Telegram របស់ជនរងគ្រោះ ដោយប្រើប្រាស់មធ្យោបាយឆបោក ឬដាក់អន្ទាក់លួចលេខកូដ (Phishing) និងប្រើប្រាស់គណនីជនរងគ្រោះទាក់ទងជាមួយមិត្តភក្តិ ឬសាច់ញាតិដើម្បីខ្ចីប្រាក់ ឬបន្លំលួចយកឯកសារ រូបភាព ឬវីដេអូជនរងគ្រោះ រួចធ្វើការគំរាមទារប្រាក់ ឬប្រើប្រាស់ក្នុងការចម្លងមេរោគកុំព្យូទ័រជាដើម។ ប្រសិនលោកអ្នកមានការសង្ស័យ ឬចង់ផ្ទៀងផ្ទាត់គណនី Telegram ថាតើមានជនខិលខូចកំពុងលួចប្រើប្រាស់ ខ្ញុំសូមចែករំលែកនូវវិធីសាស្ត្រដូចខាងក្រោម៖

១. សម្រាប់ទូរសព្ទ :
•  សូមចូលទៅកាន់ Setting រួចជ្រើសរើសពាក្យ Devices នោះលោកអ្នកនឹងឃើញគណនី Telegram ដែលកំពុងប្រើប្រាស់ (Current Session និង Active Session) រួមទាំងប្រភេទឧបករណ៍ និងអាសយដ្ឋាន IP Address នៃគណនីដែលកំពុងប្រើប្រាស់។
•  ប្រសិនលោកអ្នកសង្ស័យថាមានជនខិលខូចកំពុងប្រើប្រាស់គណនី Telegram របស់អ្នក សូមចុចពាក្យ Edit រួចចុចសញ្ញា (-) ពណ៌ក្រហម ឬ Terminate all other session ជាការស្រេច។

២. សម្រាប់ម៉ាស៊ីនកុំព្យូទ័រ :
•  សូមចូលទៅកាន់ Setting រួចជ្រើសរើសពាក្យ Privacy and Security បន្ទាប់មកចុចលើពាក្យ Show all sessions។
•  ប្រសិនលោកអ្នកសង្ស័យថាមានជនខិលខូចកំពុងប្រើប្រាស់គណនី Telegram របស់អ្នក សូមចុចរូបសញ្ញា (x ) រួចជ្រើសរើសពាក្យ Terminate ឬ Terminate all other session ជាការ   ស្រេច។

បើយោងតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានក្រើនរំលឹកអំពីសកម្មភាពលួចប្រើប្រាស់គណនី Telegram មួយចំនួន គឺដោយសារមូលហេតុលេខ     ទូរសព្ទជនរងគ្រោះផុតសុពលភាព និងត្រូវបានទិញយកទៅប្រើប្រាស់ឡើងវិញដោយបុគ្គលផ្សេង និងបានប្រើប្រាស់លេខទូរសព្ទនោះចុះឈ្មោះ Telegram ឡើងវិញជាមួយឯកសារចាស់ៗ ដែលជនរងគ្រោះធ្លាប់បានផ្ញើឆ្លើយឆ្លងនាពេលកន្លងមក។ ក្នុងករណីនេះ សូមអ្នកប្រើប្រាស់គណនីថ្មី ធ្វើការលុបចោលនូវឯកសាររបស់អ្នកប្រើប្រាស់ពីពេលមុន និងកុំព្យាយាមបំពានសិទិ្ធបុគ្គល ឬគំរាមទារប្រាក់ជាថ្នូរនឹងការលុបឯកសារជាដើម៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា