ការចាប់ផ្តើមបើកបរដោយស្វ័យភាពដែលមានមូលដ្ឋាននៅប្រទេសចិន WeRide ទទួលបានការយល់ព្រមពីរដ្ឋកាលីហ្វ័រញ៉ា ដើម្បីសាកល្បងយានយន្តដោយគ្មានអ្នកបើកបររបស់ខ្លួន ជាមួយនឹងអ្នកដំណើរ។ នេះបើយោងតាមការអនុញ្ញាតពីនិយតករឧបករណ៍ប្រើប្រាស់របស់រដ្ឋកាលីហ្វ័រញ៉ា។
ការផ្លាស់ប្តូរថ្មីនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុនស្វែងរកការវាយតម្លៃរហូតដល់ទៅ ៥ ពាន់លានដុល្លារ ពី IPO នៅទីក្រុងញូវយ៉ក បើទោះបីជាសហរដ្ឋអាមេរិក ត្រូវបានកំណត់ឡើង ដើម្បីហាមឃាត់យានយន្ត ដែលមានប្រព័ន្ធដែលបង្កើតឡើងដោយប្រទេសចិននេះក៏ដោយ។
ការអនុញ្ញាតពីគណៈកម្មាធិការប្រើប្រាស់សាធារណៈរដ្ឋកាលីហ្វ័រញ៉ា ហៅកាត់ថា CPUC ដែលបានចេញផ្សាយនៅដើមខែនេះ បានឱ្យដឹងថា WeRide នឹងត្រូវបានអនុញ្ញាតឱ្យសាកល្បងរថយន្តរបស់ខ្លួន ជាមួយនឹងអ្នកដំណើរ សម្រាប់រយៈពេលបីឆ្នាំ។ គួរបញ្ជាក់ជូនថា រថយន្តនោះ គឺមិនមានអ្នកបើកបរទៅជាមួយនឹងអ្នកដំណើរនោះទេ។ គឺមានន័យថា អ្នកដំណើរ នឹងត្រូវជិះរថយន្តនោះដោយខ្លួនឯង ហើយបញ្ជាតាមបច្ចេកវិទ្យាទំនើប ដើម្បីឆ្ពោះទៅកាន់ទីតាំងរបស់ខ្លួន ដែលចង់ទៅ។
គណៈកម្មាធិការប្រើប្រាស់សាធារណៈរដ្ឋកាលីហ្វ័រញ៉ា ហៅកាត់ថា CPUC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះថា WeRide មានរថយន្តសកម្មចំនួន ១២ គ្រឿង ហើយនឹងត្រូវដាក់ឱ្យដំណើរការនៅក្នុងទីក្រុង San Jose និងតំបន់ដែលនៅក្បែរនោះ។
ការអភិវឌ្ឍន៍ និងការធ្វើអាជីវកម្មបែប Robotaxis នេះ នៅសហរដ្ឋអាមេរិក មានភាពតឹងតែងជាងការរំពឹងទុក ជាមួយនឹងឧបសគ្គផ្នែកច្បាប់ ព្រមទាំងការប្រឆាំងពីភ្នាក់ងារទីក្រុង រួមនឹងការខឹងសម្បារជាសាធារណៈផងដែរ។
WeRide ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដោយទទួលបានការអនុញ្ញាតពីរដ្ឋកាលីហ្វ័រញ៉ា ដើម្បីសាកល្បងយានជំនិះរបស់ខ្លួន ដោយគ្មានអ្នកដំណើរទៅជាមួយ នៅក្នុងឆ្នាំ 2021។ ក្រុមហ៊ុនដែលផលិតរថយន្ត Robotaxis នេះ អាចនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរី និងអារ៉ាប់រួមផងដែរ នាពេលអនាគតឆាប់ៗខាងមុខនេះ។
WeRide មិនបានឆ្លើយតបព័ត៌មានលម្អិតដោយភ្លាមៗ ចំពោះជំហានបន្ទាប់របស់ខ្លួន ក្នុងការចូលទៅកាន់ប្រទេសអារ៉ាប់រួមនោះទេ។
ប្រភព : Reuters