តើ AI អាចជួយម្ចាស់ភោជនីយដ្ឋាន ដើម្បីបង្កើតមុខម្ហូបថ្មី និងមានរសជាតិឆ្ងាញ់ដែរឬទេ?

បានផ្សាយចេញ | ២៩ សីហា ២០២៤

តើ AI អាចជួយម្ចាស់ភោជនីយដ្ឋាន ដើម្បីបង្កើតមុខម្ហូបថ្មី និងមានរសជាតិឆ្ងាញ់ដែរឬទេ?

លោក Spartak Arutyunyan ដែលជាអ្នកជំនាញលើការធ្វើម្ហូប របស់ក្រុមហ៊ុន Dodo Pizza បានមានប្រសាសន៍ថា “យើងបានស្នើសុំឱ្យ AI (Chat GPT) បង្កើតរូបមន្តភីហ្សាមួយ ដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ជាទីបំផុត សម្រាប់ការលក់នៅក្នុងទីក្រុងឌូបៃ”។

ជាការពិតណាស់ គឺ AI បានបង្កើតរូបមន្តសម្រាប់ការធ្វើភីហ្សាដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់មួយមែន។​ បន្ទាប់មក យើងក៏បានដាក់វា​ ចូលទៅក្នុងម៉ឺនុយ ហើយរឿងដែលយើងស្មានមិនដល់នោះ គឺរូបមន្តដែលបានបង្កើតឡើងដោយ AI នោះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនទូទៅយ៉ាងច្រើនកុះករ។

លោក Spartak Arutyunyan បានបន្តទៀតថា “នៅក្នុងទីក្រុងឌូបៃ គឺមានប្រជាជនប្រមាណជាបីលាននាក់ ហើយ៩០% គឺជាជនអន្តោប្រវេសន៍ ដោយមានវប្បធម៌ចម្រុះផ្សេងគ្នាជាច្រើន នៅក្នុងទីនេះ”។ ឯវប្បធម៌ចម្រុះនោះ មានដូចជា ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន អារ៉ាប់ អឺរ៉ុប និងអាស៊ី។ ជាការពិតណាស់ លោក Spartak Arutyunyan បានស្នើសុំឱ្យ ChatGPT (AI) សរសេររូបមន្តភីហ្សា ដែលមានលក្ខណៈលាយចម្រុះគ្នា ដោយ  វប្បធម៌ដ៏សម្បូរបែប។ ចំពោះការឆ្លើយតបមកវិញ ពី ChatGPT នោះ គឺជាកំពូលរូបមន្តដ៏អស្ចារ្យ ដែលមានរសជាតិមុខម្ហូបដូចជា:

  • មាន់​ Shawarma អារ៉ាប់
  • ឈីស Paneer ឥណ្ឌាដុត
  • រសជាតិថ្នាំ Za’atar មជ្ឈិមបូព៌ា
  • និងទឹកជ្រលក់ Tahini

ដោយឡែក ចំពោះអតិថិជនរបស់ក្រុមហ៊ុន Dodo Pizza ទំនងជាមិនអាចទទួលយកបាននូវរសជាតិនៃរូបមន្តទាំងអស់នោះបានឡើយ។ លោក Spartak Arutyunyan បានមានប្រសាសន៍ថា “ក្នុងនាមខ្ញុំជាមេចុងភៅ ខ្ញុំនឹងមិនលាយគ្រឿងផ្សំ(រូបមន្ត)ទាំងនេះ នៅលើភីហ្សានោះឡើយ ប៉ុន្តែ រសជាតិចម្រុះវប្បធម៌ទាំងនេះ គឺល្អគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។

នៅសហរដ្ឋអាមេរិកឯណោះវិញ លោកស្រី Venecia Willis ក៏បានធ្វើការពិសោធន៍ទៅលើរូបមន្តស្រដៀងគ្នានេះដែរ។ ពិតមែនហើយ លោកស្រី បានក្លាយទៅជាមនុស្ស ដែលចង់ចេះចង់ដឹង អំពី AI។​ ដូច្នេះ លោកស្រីបានឱ្យ AI បង្កើតរូបមន្តបន្ថែមលើមុខម្ហូប Tacos ដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ប្រចាំសប្តាហ៍របស់លោកស្រី។ ជាការឆ្លើយតបទៅលើមុខម្ហូបនោះ គឺលោកស្រីបានលក់ចេញរហូតដល់ ២២០០០ ឯកត្តា ក្នុងមួយសប្តាហ៍។

លោកស្រី Venecia Willis បាននិយាយថា “ខ្ញុំគិតថា AI គឺជាឧបករណ៍ដ៏ល្អមួយក្នុងការប្រើប្រាស់។ បើអ្នកមានការច្នៃប្រឌិតបន្តិច នោះនឹងធ្វើឱ្យខួរក្បាលរបស់អ្នក មានដំណើរការល្អម្តងទៀត ដោយរួមបញ្ចូលនូវគំនិតរបស់អ្នក និងAI។ សូមសាកល្បងប្រើប្រាស់ AI ជារៀងរាល់ថ្ងៃ ពិតមែនហើយ AI អាចផ្តល់យោបល់អ្វីមួយប្រហែលជាខ្ញុំមិនបានគិតដល់”។ លោកស្រីបានបន្តទៀតថា “ខ្ញុំនឹងមិនជឿតាម AI ទាំងស្រុងនោះទេ យ៉ាងណាក៏ដោយ វាចាំបាច់ត្រូវតែមានការចូលរួមពីគំនិតរបស់មនុស្ស ដើម្បីផ្ទៀងផ្ទាត់ទៅលើរូបមន្ត ក្នុងការបង្កើតមុខម្ហូបមួយ ដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ដោយពិតប្រាកដ។

ត្រឡប់មកទីក្រុងឌូបៃវិញ លោក Spartak Arutyunyan អ្នកជំនាញលើការធ្វើម្ហូបរបស់ក្រុមហ៊ុន Dodo Pizza បានមានប្រសាសន៍ថា “AI គួរតែត្រូវបានគេមើលឃើញថា ជារឿងដែលគួរឱ្យរីករាយក្នុងការប្រើប្រាស់ ជាជាងអ្វីដែលគេចង់ប្រើវានៅលើម៉ឺនុយមុខម្ហូបទាំងអស់របស់ពួកគេ។ ឥឡូវនេះក្រុមហ៊ុន Dodo Pizza កំពុងបើកឱ្យអតិថិជននៅក្នុងទីក្រុងឌូបៃ ដែលបញ្ជាទិញតាមរយៈកម្មវិធីរបស់ខ្លួន។ ហើយក្រុមហ៊ុននិយាយថា យើងមានគោលបំណងពង្រីកមុខងារ AI ទៅកាន់សាខាផ្សេងទៀតរបស់ខ្លួន នៅជុំវិញពិភពលោក។

ប្រភព : BBC