អ្វីទៅអុិនធឺណេតផ្កាយរណប ហើយខុសពីអុិនធឺណេតយើងប្រើរាល់ថ្ងៃដូចម្ដេចខ្លះ?

បានផ្សាយចេញ | ២៣ មករា ២០២៥

អ្វីទៅអុិនធឺណេតផ្កាយរណប ហើយខុសពីអុិនធឺណេតយើងប្រើរាល់ថ្ងៃដូចម្ដេចខ្លះ?

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា

ក្រោមប្រធានបទៈ “អ្វីទៅអ៊ីនធឺណេតផ្កាយរណប ហើយខុសពីអ៊ីនធឺណេតយើងប្រើរាល់ថ្ងៃដូចម្ដេចខ្លះ?”

អត្ថបទដកស្រង់ដោយ :  លឿង វិបុល

#MJQE#AmericanInterconSchool     

 

មានការលើកឡើងជាច្រើន ជុំវិញការប្រើប្រាស់អ៊ីនធឺណេតសព្វថ្ងៃ និងអ៊ីនធឺណេតផ្កាយរណប។ អ្នកខ្លះយល់ថាអ៊ីនធឺណេតផ្កាយរណប មានលក្ខណ:ពិសេសខ្លាំង និងមានល្បឿនជាងឆ្ងាយ។ តាមពិត រវាងអ៊ីនធឺណេតដែលយើងប្រើប្រាស់សព្វថ្ងៃ និងអ៊ីនធឺណេតផ្កាយរណប ហាក់មិនខុសគ្នាប៉ុន្មាននោះទេ ត្បិតអី វាត្រូវបានប្រើប្រាស់ដើម្បីឱ្យអ្នកប្រើប្រាស់ទូទៅភ្ជាប់ទៅកាន់អ៊ីនធឺណេតបានដូចៗគ្នា។ ប៉ុន្ដែ វាក៏មានចំណុចខុសគ្នាមួយចំនួនខ្លះ តួយ៉ាងដូចជា៖

 

អ៊ីនធឺណេតប្រើប្រាស់សព្វថ្ងៃ សម្រាប់សាធារណៈជនប្រើប្រាស់ទូទៅដូចជា ការប្រើអ៊ីនធឺណេតតាមទូរសព្ទដៃ ការប្រើនៅតាមតាមផ្ទះ តាមសាលារៀន ក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ។ អ៊ីនធឺណេតទាំងនោះ ស្ថិតក្រោមរូបភាពដែលយើងឧស្សាហ៍ឃើញដូចជា ដុំ Wi-Fi (modem, router) និងបង្គោលអត់តែនដែលដាក់នៅតាមតំបន់ជាច្រើន។ អ៊ីនធឺណេតទាំងនេះ ត្រូវបានតភ្ជាប់ពីតំបន់មួយ ទៅកាន់តំបន់មួយ ក៏ដូចជាពីប្រទេសមួយ ទៅប្រទេសមួយតាមរយៈខ្សែកាបដែលបង្កប់នៅក្រោមដី និងក្រោមបាតសមុទ្រ ដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រ។ អ៊ីនធឺណិតទាំងនេះ មានល្បឿនលឿន និងតម្លៃសមរម្យ មានជម្រើសជាច្រើន ទៅតាមល្បឿនរបស់អ្នកប្រើប្រាស់។

 

អុិនណេតផ្កាយរណប មិនសម្រាប់មនុស្សទូទៅប្រើនោះទេ វាត្រូវបានបង្កើតឡើងសម្រាប់ការភ្ជាប់ទំនាក់ទំនងទៅទីកន្លែងឆ្ងាយៗ ទីកន្លែងដែលខ្សែកាបមិនអាចអូសដល់ និងទីកន្លែងមានឧបសគ្គដែលមនុស្សលំបាកនឹងចូលទៅកាន់ជាដើម។ តួយ៉ាងអ៊ីនធឺណេតធឺណេតផ្កាយរណប សំដៅលើអ្នកប្រើដូចជា យន្តហោះ អ្នកដើរសមុទ្រ ទីតាំងព្រៃភ្នំ ការប្រើប្រាស់ផែនទី ឬសម្រាប់ការស្រាវជ្រាវនៅតំបន់ណាមួយផងដែរ។ អ៊ីនណិតប្រភេទនេះ ត្រូវការបាញ់បង្ហោះផ្កាយរណបចូលទៅកាន់ក្នុងគន្លងតារាវិថីមានចម្ងាយឆ្ងាយពីភពផែនដី ដោយខ្លះ មានចម្ងាយដល់ទៅ ៣៥០០០គីឡូម៉ែត្រឯណោះ។ ហេតុផលនេះហើយ ទើបធ្វើឱ្យវាមានល្បឿនយឺតជាងអ៊ីនធឺណេតដែលយើងប្រើប្រាស់សព្វថ្ងៃ។ រីឯតម្លៃវិញ ក៏ថ្លៃផងដែរ ព្រោះអី វាត្រូវការចំណាយច្រើនដូចជា ការបាញ់បង្ហោះផ្កាយរណបចូលទៅគន្លងតារាវិថី និងថ្លៃថែទាំផ្កាយរណបជាដើម។

 

សរុបទៅ អ៊ីនធឺណេតដែលយើងប្រើប្រាស់លើភពផែនដី និងអ៊ីនធឺណេតផ្កាយរណប ដែលមានចម្ងាយឆ្ងាយពីភពផែនដី ហាក់មិនខុសគ្នាប៉ុន្មាននោះទេ គេបង្កើតវាមក គឺអាស្រ័យទៅតាមតម្រូវការ និងឧបសគ្គដែលមនុស្សជួបប្រទះតែប៉ុណ្ណោះ។ ប៉ុន្ដែបច្ចុប្បន្ន អ៊ីនធឺណេតផ្កាយរណប ចាប់ផ្ដើមមានល្បឿនប្រសើរឡើង ដោយមានអ្នកស្រាវជ្រាវអភិវឌ្ឍជាច្រើន ព្យាយាមបាញ់បង្ហោះផ្កាយរណបចូលក្នុងចម្ងាយកៀកនឹងភពផែនដី៕

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://news.sabay.com.kh/article/1359172#utm_campaign=onpage