អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងរបកគំហើញ
ក្រោមប្រធានបទ “ការបំប្លែងកាកកាហ្វេទៅជា Biochar ជំនួសខ្សាច់”
អត្ថបទដកស្រង់ដោយ : លាង សត្យា
#MJQE #AmericanInterconSchool
នៅពេលបច្ចុប្បន្ន ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិឱនភាពវត្ថុធាតុដើមធម្មជាតិ (ដូចជាខ្សាច់) និងការកើនឡើងនៃកាកសំណល់ដែលគំរាមកំហែងដល់ភពផែនដី។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញដំណោះស្រាយដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយការបំប្លែង «កាកកាហ្វេ» ដែលជាសំណល់ប្រចាំថ្ងៃ ឱ្យក្លាយជាវត្ថុធាតុដើមសំណង់ដ៏មានតម្លៃ។
ដើម្បីអាចយកទៅប្រើប្រាស់បាន កាកកាហ្វេត្រូវឆ្លងកាត់ការដុតក្នុងកម្តៅរហូតដល់ ៣៥០អង្សាសេ ដោយគ្មានអុកស៊ីសែន រហូតក្លាយជាសារធាតុធ្យូងខ្មៅម្យ៉ាងហៅថា Biochar។ ផ្អែកលើលទ្ធផលនៃការធ្វើតេស្តបានបង្ហាញពីផលវិជ្ជមានដូចជា៖
រូបមន្តជំនួស : គេយកសារធាតុ Biochar នេះចំនួន ១៥ភាគរយ ទៅលាយជំនួសកន្លែងខ្សាច់នៅក្នុងបេតុង។
ភាពរឹងមាំ៖ ជាលទ្ធផល បេតុងដែលលាយ Biochar មានភាពរឹងមាំជាងបេតុងប្រើខ្សាច់ធម្មតារហូតដល់ ៣០ភាគរយ។
របកគំហើញនេះត្រូវបានចាត់ទុកជាប្រភពធនធានប្រកបដោយនិរន្តរភាពដ៏ធំមួយ ព្រោះគ្រាប់កាហ្វេត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃជុំវិញពិភពលោក។ ការកែច្នៃនេះមិនត្រឹមតែជួយកាត់បន្ថយសំរាម និងឧស្ម័នពុលលើភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនគុណភាពសំណង់ និងការពារធនធានខ្សាច់ធម្មជាតិទៀតផង។ ក្រៅពីវិស័យសំណង់ កាកកាហ្វេក៏កំពុងត្រូវបានក្រុមហ៊ុននានាយកទៅកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនប្រភេទដូចជា ស្បែកជើងកីឡា ដងវែនតា និងថែមទាំងអាចច្នៃធ្វើជាឥន្ធនៈបៃតងសម្រាប់រថយន្តក្រុងផងដែរ។ របកគំហើញនេះសបញ្ជាក់ថា ការប្រើប្រាស់វិទ្យាសាស្ត្រចំទិសដៅ អាចប្តូរពី «កាកសំណល់» ឱ្យក្លាយជា «អនាគតដ៏រឹងមាំ និងបៃតង» សម្រាប់ភពផែនដី៕
អត្តបទដកស្រង់ និងកែសម្រួលចេញពី៖ https://economy.ams.com.kh/