ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា

បានផ្សាយចេញ | ៣១ សីហា ២០២៣

ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា

កំពង់ឃ្លាំងគឺជាភូមិឋានធម្មជាតិដ៏ធំមួយ ដែលនៅជាប់តំបន់បឹងទន្លេសាប គ្របដណ្ដប់ទៅដោយផ្ទៃទឹក ដែលមានចម្ងាយប្រហែលជា៥០គីឡូម៉ែត្រពីក្រុងសៀមរាប ប្រទេសកម្ពុជា។ ភូមិបណ្ដែតទឹកមួយនេះ មិនត្រឹមតែជាតំបន់នេសាទដ៏សំខាន់នោះទេ ថែមទាំងជាសមាគមន៍ទេសចរណ៍មួយ ដែលមានសម្រស់ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនផងដែរ ជាពិសេសនៅរដូវវស្សា។

បើគេក្រឡេកមើលផ្ទះរបស់ប្រជាជននៅតំបន់នោះវិញ គឺមាន២សណ្ឋាន ៖ ផ្ទះសង់ខ្ពស់ៗនៅក្នុងភូមិ ដើម្បីការពារការកើនឡើងនៃទឹកបឹងទន្លេសាប និងផ្ទះបណ្ដែតទឹកស្ថិតនៅតាមបណ្ដោយមាត់ទន្លេ។ ប្រជាជនដែលរស់នៅតំបន់នោះភាគច្រើន គឺប្រកបរបរចិញ្ចឹមជីវិតតាមរយៈការនេសាទ និងធ្វើស្រែចម្ការ។ សម្រាប់ភ្ញៀវទេសចរទាំងអស់ ដែលមានបំណងចង់ទៅទស្សនាសមាគមន៍ទេសចរណ៍មួយនេះ អាចរីករាយជាមួយការជិះកាណូត ទៅទស្សនាបឹងទន្លេសាប ឬជិះទូកចែវតូចៗទស្សនាទេសភាពនៅក្នុងព្រៃលិចទឹក រួមទាំងអាចដើរកម្សាន្តនៅក្នុងភូមិដើម្បីមើលពីជីវភាពការរស់នៅរបស់ប្រជាជនបានថែមទៀតផង។

សូមរីករាយទស្សនាកម្រងរូបភាពផ្ទះរបស់អ្នកភូមិកំពង់ឃ្លាំងពីលើអាកាសនារដូវវស្សានេះ ដែលបានបង្ហាញភាពស្រស់ស្អាតចម្រុះពណ៌នៃដំបូលផ្ទះ រួមទាំងការសាងសង់ពត់ពែងវែងអន្លាយតាមសណ្ឋានភូមិសាស្ត្រ និងពណ៌បៃតងនៃរុក្ខជាតិប្រៀបដូចកម្រាលព្រំដែលក្រាលលើបឹងទន្លេសាប គួរជាទីទាក់ទាញ។ សូមចូលរួមលើកកម្ពស់ទេសចរណ៍ក្នុងស្រុក ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់និងផ្សព្វផ្សាយពីទេសចរណ៍ស្រុកយើង៕

 

អត្ថបទ៖ ឈូកខ្មែរ

រូបភាព៖ កម្ពុជាមាតុភូមិខ្ញុំ - គឹម បញ្ញារ័តន៍