ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងឱ្យដឹងថា រដ្ឋបាលខេត្ត គ្រោងនឹងអភិវឌ្ឍឆ្នេរថ្មីមួយ នៅចំកណ្តាលសមុទ្រ ដែលភ្ញៀវទេសចរអាចគយគន់លម្ហសមុទ្រ ភ្នំកែប កោះត្រល់ និងភ្នំបូកគោជាដើម ដែលនេះ គឺជាគោលដៅទេសចរណ៍ថ្មីមួយទៀត ដើម្បីស្រូបយកភ្ញៀវទេសចរ ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់។
ឯកឧត្តមបានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍មួយស្តីអំពី «វឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តកំពត» កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា៖ «ដោយសារតែរដ្ឋបាលខេត្តបានពិនិត្យឃើញថា ក្នុងខេត្តរបស់យើងនេះ មានព្រែកទាំង១៣ ប៉ុន្តែយើងអត់ទាន់មានឆ្នេរសមុទ្រ។ ដោយសារតែសក្តានុពលនៅក្នុងខេត្តរបស់យើង មានឆ្នេររហូតដល់ទៅ ៦៦,៥គីឡូម៉ែត្រ ឥឡូវនេះ រដ្ឋបាលខេត្ត មានគោលការណ៍ស្នើសុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនឹងបង្កើតឆ្នេរមួយទៀត នៅចំកណ្តាលសមុទ្រតែម្តង ដែលមានទទឹង ៤គីឡូម៉ែត្រ»។
ឯកឧត្តម ម៉ៅ ធនិន បានបន្តទៀតថា តាមការសិក្សាជាបឋម ក្រោយពេលបង្កើតឡើងហើយ ឆ្នេរនេះ នឹងក្លាយជាឆ្នេរដ៏ស្អាតបំផុត នៅប៉ែកនិរតីរបស់ប្រទេស។ ហើយបើមើលពីឆ្នេរនេះ នៅខាងឆ្វេង គឺមើលឃើញសោភណ្ឌភាពភ្នំកែប ខាងស្តាំមើលឃើញកោះត្រល់ ខាងក្រោយ មើលឃើញភ្នំបូកគោ ឯនៅខាងមុខ គឺមើលឃើញលម្ហសមុទ្រតែម្តង។
នេះបើតាមការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា បុណ្យសមុទ្រនៅពេលខាងមុខនេះ ខេត្តកំពត នឹងធ្វើជាម្ចាស់ផ្ទះ ដូច្នេះ រដ្ឋបាលខេត្ត នឹងមានរៀបចំកន្លែងទេសចរណ៍មួយចំនួនទៀត ដើម្បីអបអរសាទរ៕