រមណីយដ្ឋានភ្នំគូលេន

បានផ្សាយចេញ | ០៧ សីហា ២០២៤

រមណីយដ្ឋានភ្នំគូលេន

រមណីដ្ឋានភ្នំគូលេន មានទីកន្លែងកម្សាន្តជាច្រើនដូចជា តំបន់ទឹកធា្លក់ ព្រះអង្គធំ វាលស្តេចគំលង់ វាលព្រះសព្វ ព្រះក្រាល និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋជាច្រើនទៀតដែលជាស្នាព្រះហស្ថ ព្រះបាទជ័យវរ្មន័ទី២ បានកសាងឡើង។

តំបន់ទឹកធ្លាក់ គឺជាប្រភពដើមរបស់ស្ទឹងសៀមរាប ហូរកាត់កណ្តាលទីរួមខេត្ត ឆ្ពោះទៅកាន់បឹងទន្លេរសាប ដែលមានទឹកថ្លាយង់ជាទីពេញនិយមរបស់អ្នកដំណើរកម្សាន្ត ក្នុងការមុជទឹកជ្រោះធ្លាក់ទៅប៉ះនឹងថ្មបែកផ្កាតែ្រង។ ហើយនៅក្បែរទឹកជ្រោះនោះ មានប្រាសាទពីរដែលធ្វើអំពីថ្មបាយក្រៀម សង់អមសងខាងមាត់អូរដែលគេឱ្យឈ្មោះថា "ក្រាលរមាស"  ប៉ុន្តែ ប៉ែកខាងលិច ត្រូវបានដួលរលំ និងបាត់ថ្មអស់មួយចំនួនធំ ដោយនៅសល់តែខឿនជញ្ជាំងបន្តិចបន្តួចប៉ុណ្ណោះ។ ​​

ភ្នំគូលេន គឺជាអតីតរាជធានីខ្មែរ ក្នុងស.វ ទី៩ មានឈ្មោះថា "មហេន្រ្ទបុរៈ" ហេតុដូច្នេះហើយ បានជាភ្ញៀវទេសចរណ៍ភាគច្រើន ចង់ទៅទស្សនានៅទីនោះ។ ម្យ៉ាងវិញទៀត ភ្នំគូលេន ស្ថិតនៅក្នុងភាពអាថ៍កំបាំងនៃជំនឿរបស់ប្រជាពលរដ្ឋគ្រប់រូប។

យ៉ាងណាក៏ដោយ ភ្នំគូលេន មានទីតាំងនៅប៉ែកខាងកើត ឆៀងខាងជើង នៃទីរួមខេត្តសៀមរាប ដោយមានចម្ងាយ ៥៣ គ.ម ពីទីរួមខេត្ត។  មួយវិញទៀត ភ្នំកូលេននេះ មានកំពស់ ៤៩៣ម៉ែត្រ ហើយគេអាចឡើងទៅលើភ្នំបានយ៉ាងងាយ តាមរយៈរថយន្ត ឬថ្មើជើងក៏បាន។

ពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញមានផ្ទាំងថ្មដ៏ធំមួយ ដោយមានលក្ខណៈហាក់បីដូចជាជញ្ជាំងនៃនាវាចម្បាំងរបស់ព្រះរាជា នាកណ្តាលទីស្មសាន។

ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មានការរំលេចឡើងដោយសម្រស់ដ៏ស្រស់ត្រកាល និង​បង្កប់ដោយអាថ៍កំបាំងដ៏ច្រើនសន្ធឹកសន្ធាប់ នាអតីតកាលក្នុងសម័យអង្គរ ដែលជារមណីយដ្ឋានមួយ ក្នុងចំណោមរមណីដ្ឋានជាច្រើនរបស់ខេត្តសៀមរាប។

ជាការពិតណាស់​ តំបន់ភ្នំគូលេន មិនត្រឹមតែជាតំបន់ទេសចរណ៍មួយប៉ុនណ្ណោះនោះទេ តែក៏ជាតំបន់កសិកម្មដ៏មានជីវជាតិផងដែរ ដោយគេអាចដាំដំណាំបានគ្រប់ប្រភេទដូចជាៈ ចេក ខ្នុរ ដំឡូង ត្រាវ។ល។​ ប្រកបដោយទិន្នផលខ្ពស់។

ដោយមើលឃើញពីភាពអំណោយផល និងសក្តានុពលរបស់រមណីដ្ឋានភ្នំគូលេនដូច្នេះឯង ទើបបានជាមានប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត ជារៀងរាល់ថ្ងៃ យ៉ាងច្រើនកុះករ។

ប្រភព  : wikipedia