ប្រាសាទអង្គរវត្ត ដែលទាក់ទាញបំផុតរបស់កម្ពុជា បានជាប់លេខរៀងទី៧ ក្នុងបញ្ជីនៃកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុត នៅលើពិភពលោក ដែលបានចេញផ្សាយដោយក្រុមហ៊ុនទេសចរណ៍ល្បីល្បាញមួយ ឈ្មោះថា Titan Travel កាលពីពេលថ្មីៗកន្លងទៅនេះ។
បញ្ជីនេះត្រូវបានចងក្រងដោយក្រុមហ៊ុនទេសចរណ៍អង់គ្លេស ដោយបានរាប់បញ្ជូលនៃការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រាសាទអង្គរវត្ត គឺមានភាពស្រស់ស្អាតខ្លាំងជាទីបំផុត។ ហើយនៅក្នុងករណីនេះ គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម TikTok និង Instagram ត្រូវបានប្រើប្រាស់សម្រាប់ធ្វើការស្ទង់មតិ។
លោក សុខុម សំអុល នាយកប្រតិបត្តិសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍កាលពីថ្ងៃអង្គារកន្លងទៅថា “ប្រាសាទអង្គរវត្ត គឺមិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូប៉ុណ្ណោះនោះទេ ប៉ុន្តែ ក៏ជានិមិត្តរូបនៃបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប របស់កម្ពុជាផងដែរ។ លោកបានបន្ថែមទៀតថា ទិដ្ឋភាពថ្ងៃរះ ព្រមទាំងថ្ងៃលិច រូបចម្លាក់ដ៏ល្អប្រណិត រួមទាំងរចនាបទដ៏អស្ចារ្យ នោះគឺបានផ្តល់ឱកាសឱ្យអ្នកថតរូប ផ្តិតយករូបភាពដ៏ល្អឥតខ្ចោះទាំងនោះ ទៅទាក់ទាញភ្ញៀវទេសចរ និងធ្វើឱ្យពិភពលោក ស្គាល់ប្រទេសកម្ពុជាកាន់តែច្រើនឡើង។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា សារសំខាន់នៃប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា បានទាក់ទាញភ្ញៀវទេសចរនៅទូទាំងពិភពលោក ដែលនាំឱ្យមានការចែករំលែកជាញឹកញាប់ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាការពិតណាស់ ប្រាសាទអង្គរវត្ត ត្រូវបានហ៊ុំព័ទ្ធដោយព្រៃឈើខៀវស្រងាត់ ស្រះទឹក និងសំណង់បុរាណ ដែលអាចផ្តល់កន្លែងថតរូបដ៏គួរឱ្យទាក់ទាញជាទីបំផុត។
លោក Jeremie Clement នាយកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Peninsula Phnom Penh បានមានប្រសាសន៍ថា “វាជាការពិតដែលថា ប្រាសាទអង្គរវត្ត ស្ថិតនៅក្នុងព្រៃដ៏ខៀវស្រងាត់ ហើយមានការហ៊ុំព័ទ្ធដោយដើមឈើដែលមានអាយុកាលរាប់សតវត្ស។ បន្ថែមពីលើនោះ គឺមានពពួកសត្វស្លាប និងសត្វស្វាជាច្រើន ដោយអាចទាក់ទាញដល់អ្នកទស្សនាជាលើកដំបូងជាខ្លាំង។
លោក Jean-Benoît Lasselin ដៃគូគ្រប់គ្រងនៅ C4 Adventures បាននិយាយថា សម្រាប់មនុស្សជាច្រើន ការទៅទស្សនាប្រាសាទអង្គរវត្ត គឺជាបទពិសោធន៍ដ៏អស្ចារ្យ ហើយពួកគេចង់ចែករំលែកពេលវេលាដ៏ពិសេសនេះជាមួយអ្នកផ្សេងទៀត តាមបណ្តាញសង្គមរបស់ពួកគេ។
យ៉ាងណាក៏ដោយ អ្នកទស្សនាប្រាសាទអង្គរវត្ត មិនត្រឹមតែបានឃើញស្ថាបត្យកម្មដ៏អស្ចារ្យប៉ុណ្ណោះនោះទេ ថែមទាំងបានដឹងដោយជ្រួតជ្រាបនូវវប្បធម៌ខ្មែរដ៏សម្បូរបែប ដែលពួកគេបានរំលេចនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមរបស់ពួកគេ។ ពិតមែនហើយ ប្រាសាទអង្គរវត្ត គឺជាប្រាសាទបុរាណខ្មែរ ដែលពិភពលោក មិនអាចមើលរំលងបាននោះឡើយ៕