សត្វស្មោញ ជាប្រភេទសត្វបក្សីដែលមាន ក វែងដូចជាសត្វពស់។ ចំពុះរបស់វាស្រួចដូចដាវ មានសម្បុរពណ៌ខ្មៅ កន្ទុយវែង ឆូត ស វែងៗនៅផ្នែកខាងខ្នង។ សត្វនេះ គេសង្គេតឃើញថា មានវត្តមានពេញមួយឆ្នាំ និងមានបន្ទាយពងកូនដ៏ធំនៅតំបន់ព្រែកទាល់ បឹងទន្លេសាប និងនៅតាមតំបន់មួយចំនួន នាភាគខាងជើងនៃប្រទេសកម្ពុជា។
តាមរយៈទំព័រហ្វេសប៊ុកឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា សត្វស្មោញ មានវត្តមានពេញមួយឆ្នាំនៅស្រុកខ្មែរ និងទីជម្រករបស់វា ស្ថិតនៅតំបន់ព្រៃលិចទឹក បឹង វាលភក់ ទន្លេធំៗ ហើយបន្ទាយពងកូនដ៏ធំជាងគេរបស់វា គឺនៅតំបន់ស្នូលព្រែកទាល់នៃបឹងទន្លេសាប។
តាមការគូសបញ្ជាក់ពីគម្រោង USAID នៃព្រៃឡង់បៃតងកន្លងមកបានឱ្យដឹងថា គម្រោងមួយនេះ កំពុងធ្វើការជាមួយប្រជាសហគមន៍ និងអ្នកភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការពារសត្វនេះ ក៏ដូចជាសត្វដែលងាយរងគ្រោះជិតផុតពូជទាំងអស់ ដែលស្ថិតនៅក្នុងតំបន់ទេសភាពព្រៃឡង់។