ប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាគោលដៅវប្បធម៌ឈានមុខគេមួយ នៅអាស៊ី សម្រាប់ឆ្នាំ២០២៤ ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក។ នេះជាលើកទីបួនហើយ ដែលកម្ពុជាបានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ។
ចាប់តាំងពីការបង្កើត World Travel Awards ក្នុងឆ្នាំ១៩៩៣ ដែលមានមូលដ្ឋាននៅក្រុងឡុងដ៏ចក្រភពអង់គ្លេស ក្លាយជាស្ថាប័នដែលទទួលស្គាល់ និងផ្តល់ជ័យលាភីសម្រាប់ឧស្សាហកម្មទេសចរណ៍ ការធ្វើដំណើរ និងបដិសណ្ឋារកិច្ច ទូទាំងពិភពលោក។
នៅឆ្នាំ២០២៤នេះ ខេត្តសៀមរាប ក៏បានជាប់ជាបេក្ខភាពនៃពានរង្វាន់ Asia’s Most Romantic Destination 2024 ប៉ុន្តែសៀមរាប និងកោះសាមុយរបស់ថៃ ទទួលបានសំឡេងគាំទ្រតិចជាងកោះបាលី ប្រទេសឥណ្ឌូណេស៊ី។
គួរបញ្ជាក់ផងដែរថា រយៈពេល ៧ ខែ ក្នុងឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា ៣,៧៤ លាននាក់ ក្នុងនោះ មានការកើនឡើង ២៣,២% នេះបើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះ ទេសចអន្តរជាតិ ទៅទស្សនារមណីយដ្ឋានអង្គរ ប្រមាណជាជាង ៥៨ ម៉ឺននាក់ ដោយកើនឡើង ៣៣% និងរកចំណូលបានប្រមាណជាជាង ២៧លានដុល្លារ កើនឡើង ៣៣,៧% នេះបើប្រៀបធៀបទៅនឹងឆ្នាំមុន៕