៧ខែឆ្នាំនេះ កម្ពុជាទទួលភ្ញៀវទេសចរ បាន៣.៣៤លាននាក់ ដែលនេះជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសកម្ពុជា ក្នុងវិស័យទេសចរណ៍

បានផ្សាយចេញ | ១២ កញ្ញា ២០២៤

៧ខែឆ្នាំនេះ កម្ពុជាទទួលភ្ញៀវទេសចរ បាន៣.៣៤លាននាក់ ដែលនេះជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសកម្ពុជា ក្នុងវិស័យទេសចរណ៍

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងតំណាងឯកឧត្តម សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើកសិក្ខាសាលា ស្ដីអំពី    «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» នៅខេត្ដសៀមរាប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហោ សារុន បានលើកឡើងថា ការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបជាម្ចាស់ផ្ទះ ដែលជាធាតុផ្សំដ៏សំខាន់ នៃភាពទាក់ទាញរបស់កម្ពុជា និងជាការបង្កើតអនុស្សាវីយ៍គួរជាទីចងចាំសម្រាប់ភ្ញៀវទេសចរ។ ឯកឧត្តម ហោ សារុន បានបន្តទៀតថា «ជាការពិតណាស់ ការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ គឺជាកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ដែលមិនត្រឹមតែផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ល្អផូរផង់ និងប្រពៃណីរបស់ខ្មែរយើងផងដែរ»។

បើតាមការបញ្ជាក់រ​បស់ឯកឧត្តម ហោ សារុន ក្នុងរយៈពេល៧ខែ នាដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចររហូតដល់ ៣.៣៤ លាននាក់ កើនឡើង ២៣.២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ និងសម្រេចបាន ៩៧.៨% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ មុនពេលមានវិបត្តិកូវីដ-១៩។

ដោយ : ឃី វុទ្ធី