រដ្ឋមន្ត្រីថ្មីនៃក្រសួងទេសចរណ៍លោក ហួត ហាក់ បានស្នើមន្ត្រីពាក់ព័ន្ធទាំងអស់រួមសហការគ្នា ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ ទាំងនៅ High season និងនៅ Green season ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានកាន់តែច្រើនឡើង។
បន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្ត្រីថ្មី នៃក្រសួងទេសចរណ៍ លោក ហួត ហាក់ កាលពីថ្ងៃចន្ទ កន្លងទៅថ្មីៗនេះបានជួបសំណេះសំណាសជាមួយមន្ត្រីរាជការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជាលើកដំបូងប្រមាណ៣៥០នាក់នៅក្រសួងទេសចរណ៍។ ពិធីសំណេះសំណាលនេះ មានបំណងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាមួយមន្ត្រីរាជការក្នុងវិស័យទេសចរណ៍។
លោកបានថ្លែងថា៖ «ក្នុងនាមយើងម្នាក់ៗជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ គួរចូលរួមផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ព័ត៌មានវិជ្ជមានអំពីកម្ពុជា និងផលិតផលក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសផលិតផលដែលធ្វើដោយដៃនៅកម្ពុជា»។