រាត្រីចងចាំ លើកទី៥

បានផ្សាយចេញ | ២៤ ធ្នូ ២០២៤

រាត្រីចងចាំ លើកទី៥

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត

ក្រោមប្រធានបទ «រាត្រីចងចាំ» លើកទី៥

អត្ថបទដកស្រង់ដោយ : ណន ឈីវវួច

#MJQE#AmericanInterconSchool

 

កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍ «រាត្រីចង់ចាំ» លើកទី៥ ឆ្នាំ២០២៤ ដោយមានការសម្តែងសិល្បៈទស្សនីយភាព ដើម្បីបង្ហាញនូវការចងចាំនៃសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និងអរូបី និងដើម្បីអបអរសាទរខួបគម្រប់៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្ត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅប្រាសាទលានជលដំរី ក្រុងអង្គរធំ ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ រាត្រីចងចាំ ជារៀងរាល់ឆ្នាំ ពុំបានប្រើប្រាស់ថវិកាជាតិនោះទេ។ ដំណើរការនៃកម្មវិធី ពិតជាកើតចេញពីការចូលរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ដែលជានិច្ចកាល តែងតែគាំទ្រ និងចូលរួមលើកស្ទួយសិល្បៈវប្បធម៌ជាតិ ក្នុងន័យដើម្បីលើកស្ទួយ និងបំផុសឱ្យសាធារណជនទាំងជាតិ និងអន្តរជាតិ បានយល់ដឹង និងចូលរួមកាន់តែសកម្មថែមទៀត ក៏ដូចជារួមចំណែកផ្សព្វផ្សាយ និងលើកតម្កើងតម្លៃបេតិកភណ្ឌ វប្បធម៌ជាតិ ជាពិសេស បេតិកភណ្ឌវប្បធម៌រូបី និងអរូបី ក្នុងសម័យសាកលភាវូបនីយកម្ម នាពេលបច្ចុប្បន្ន និងបានផ្សារភ្ជាប់ទៅនឹងសក្តានុពលវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ ក៏នឹងធ្វើឱ្យសាធារណជន ក៏ដូចជាភ្ញៀវបរទេសបានស្គាល់ និងយល់កាន់តែច្បាស់ពីភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើតការងារ និងកាលានុវត្តភាព ដើម្បីទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព ព្រមទាំងចេះប្រើប្រាស់សក្តានុពលវប្បធម៌ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម។ 

ព្រឹត្តិការណ៍ «រាត្រីចង់ចាំ» ឆ្នាំ២០២៤ គឺជាលើកទី៥ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំកម្មវិធីសម្តែងសិល្បៈទស្សនីយភាព ដើម្បីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្ត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្រៅពីបង្ហាញនូវការចងចាំនៃសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និងអរូបីជាច្រើន ដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ព្រឹត្តិការណ៍នេះ ក៏ជាការគាំទ្រនូវកម្មវិធី “ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤” ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញវិស័យទេសចរណ៍នៅតំបន់អង្គរ ខេត្តសៀមរាប ឱ្យមានសន្ទុះកាន់តែខ្លាំងឡើងវិញ៕

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖