អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សន្ត
ក្រោមប្រធានបទ៖ “ពិធីបុណ្យចម្លែកៗទាំង៥ជុំវិញពិភពលោក”
អត្ថបទដកស្រង់ដោយ : ប៉ាន សុចិត្រា
#MJQE#AmericanInterconSchool
យើងទាំងអស់គ្នា ចូលចិត្តប្រារព្ធពិធីសាទរក្នុងឱកាសពិសេសផ្សេងៗ ដូចជា រដូវផ្ការីក រដូវប្រមូលផល ពិធីបុណ្យសាសនា និងឱកាសពិសេសជាច្រើនទៀត ដែលទាក់ទងនឹងប្រពៃណី និងប្រវត្តិសាស្ត្រ ហើយភាពពិសេសប្លែកពីគេដែលឆ្លុះបញ្ចាំងតាមរយៈសម្លៀកបំពាក់ផ្សេងៗ ដែលពាក់ក្នុងពិធីបុណ្យនានាជុំវិញពិភពលោក។ ពិធីបុណ្យផ្សេងទៀត តែងតែទាក់ទងនឹងតន្ត្រី អាហារ និងវប្បធម៌ផងដែរ។ តើអ្នកដឹងទេថា មានពិធីបុណ្យចម្លែកៗ ជាច្រើននៅជុំវិញពិភពលោក ដែលនៅតែមានសព្វថ្ងៃនេះ? ពិធីបុណ្យខាងក្រោមនេះ គឺជាពិធីបុណ្យចម្លែកៗ ចំនួន៥នៅជុំវិញពិភពលោក៖
១. ពិធីបុណ្យភក់នៅប៊ូយ៉ង់
ពិធីបុណ្យភក់ប៊ូយ៉ង់ គឺជាពិធីបុណ្យប្រចាំឆ្នាំមួយ ដែលធ្វើឡើងក្នុងរដូវក្តៅ នៅលើឆ្នេរដេជុន ក្បែរស្រុកប៊ូយ៉ង់ មានចម្ងាយប្រហែល២០០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ អ្នកអាចរីករាយនឹងអាងទឹកភក់ ជាមួយអ្នកចូលរួមជាមួយយ៉ាងច្រើនកុះករ ព្រមទាំងមានការប្រកួតជិះស្គីភក់ទៀតផង។ ក្នុងនោះផងដែរ សកម្មភាពគួរឱ្យចាប់អារម្មណ៍បំផុត គឺការឡើងចំបាប់ និងការដុតកាំជ្រួចក្នុងភក់។ និយាយរួមទៅ សកម្មភាពអ្វី ក៏ពាក់ព័ន្ធនឹងភក់ដែរ។
២. ពិធីបុណ្យលោតពីលើទារក
ពិធីបុណ្យលោតពីលើទារក គឺជាពិធីបុណ្យប្រពៃណីរបស់ជនជាតិអេស្ប៉ាញ ដែលមានអាយុកាលតាំងពីឆ្នាំ១៦២០ វាធ្វើឡើងជារៀងរាល់ឆ្នាំ បែបកាតូលិក។ ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងនៅក្នុងទីក្រុងតូចមួយ នៃរដ្ឋ Castrillo de Murcia ប្រទេសអេស្ប៉ាញ។ នៅក្នុងពិធីបុណ្យនេះ បុរសម្នាក់ តែងខ្លួនជាមនុស្សតំណាងឱ្យព្រលឹងបិសាច លោតពីលើទារកតូចៗ កើតក្នុងអំឡុងពេលដប់ពីរខែមុន ហើយគេជឿថា អាចលាងសម្អាតបាបដែលទារកមានពីជាតិមុន។
៣. ពិធីបុណ្យពណ៌ ឬបុណ្យហូលី (Holi)
ពិធីបុណ្យហូលី ត្រូវបានស្គាល់តាមរយៈឈ្មោះជាច្រើន ដូចជា ពិធីបុណ្យនៃនិទាឃរដូវ ពិធីបុណ្យពណ៌ ឬពិធីបុណ្យនៃសេចក្តីស្រឡាញ់។ ពិធីបុណ្យនេះ គឺជានិមិត្តរូបឱ្យជ័យជម្នះ នៃអំពើល្អលើអំពើអាក្រក់។ ពិធីបុណ្យនេះ ជាពិធីបុណ្យរបស់ហិណ្ឌូបុរាណដ៏ពេញនិយម ដែលមានដើមកំណើតមកពីប្រទេសឥណ្ឌា។ ប៉ុន្តែសព្វថ្ងៃ បុណ្យនេះ ក៏បានផ្សព្វផ្សាយទៅដល់តំបន់ជាច្រើនទៀតក្នុងអាស៊ី និងប្រទេសប៉ែកខាងលិច តាមរយៈការភៀសខ្លួនពីឧបទ្វីបឥណ្ឌា។ វាគឺជាពិធីបុណ្យវប្បធម៌ ដែលផ្តល់ឱ្យទាំងអ្នកកាន់សាសនាហិណ្ឌូ និងអ្នកមិនកាន់ហិណ្ឌូ មានឱកាសលេងសើចជាមួយគ្នាដោយគប់ទឹក និងម្សៅពណ៌ដាក់គ្នាទៅវិញទៅមក។
៤. ពិធីបុណ្យអាហារប៊ូហ្វេសម្រាប់សត្វស្វា
នៅក្នុងប្រទេសថៃ មានពិធីបុណ្យមួយ ដែលមានគោលបំណងសំខាន់ ក្នុងការការផ្តល់អាហារដល់សត្វស្វា។ ជារៀងរាល់ឆ្នាំ នៅថ្ងៃអាទិត្យ ក្នុងសបា្តហ៍ចុងក្រោយនៃខែវិច្ឆិកា ប្រជាជននៅក្នុងខេត្តលុពបុរី រៀបចំពិធីជប់លៀងដ៏ធំមួយ សម្រាប់សត្វស្វាដែលរស់នៅក្នុងតំបន់នោះ។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីការគោរពចំពោះសត្វស្វាតាមដំណើរទេវកថា ដែលហនុមាន និងទ័ពស្វា បានជួយសង្គ្រោះព្រះនាងសីតា។ ចាប់តាំងពីពេលនោះមក សត្វស្វា ត្រូវបានគេកោតសរសើរថា ជានិមិត្តរូបនៃសំណាងល្អ និងភាពរុងរឿង។
៥. La Tomatina
ពិធីបុណ្យដ៏ល្បីមួយ ដែលប្រារព្ធធ្វើនៅប្រទេសអេស្ប៉ាញ នៅថ្ងៃពុធចុងក្រោយនៃខែសីហា។ ពិធីបុណ្យនេះ បានចាប់ផ្តើមនៅឆ្នាំ១៩៤៥ បន្ទាប់ពីមានការវាយតប់គ្នារវាងក្រុមក្មេងជំទង់ពីរក្រុម ក្នុងអំឡុងពេលក្បួនដង្ហែរនៅក្នុងទីក្រុង។ ពិធីបុណ្យនេះ ធ្វើឡើងនៅថ្ងៃពុធចុងក្រោយនៃខែសីហា ហើយវាត្រូវបានគេស្គាល់ថា ជាពិធីបុណ្យលេងអាហារដ៏ធំបំផុតនៅក្នុងពិភពលោក។ នៅក្នុងពិធីបុណ្យនេះ អ្នកចូលរួមគប់ប៉េងប៉ោះដាក់គ្នាទៅវិញទៅមក។ ពិធីបុណ្យ La Tomatina កាន់តែមានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងឆ្នាំ២០២៤ មនុស្សជាង ២៣,០០០ នាក់មកពី ៥១ប្រទេស បានចូលរួមពិធីបុណ្យដ៏ល្បីមួយនេះ។
អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពី៖